Connect with us

ព័ត៌មានជាតិ

លោកជំទាវ សុវណ្ណ វណ្ណារតន៍ ណែនាំ​និស្សិត​ជ័យ​លាភី​អាហារូបករណ៍​ប្រទេសអូស្ត្រាលី ធ្វើ​ជា​ទូតសុឆន្ទៈ​កម្ពុជា​ លើ​ឆាកអន្តរជាតិ

បានផុស

នៅ

ភ្នំពេញ ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ នៅទីស្ដីការក្រសួង ដោយ​ជំនួប​នេះ​មាន​គោល​បំណង​ស្នើសុំ​សម្ដែង​ការ​គួរសម និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាកិច្ចចាប់ផ្ដើម ក្នុងនាម​លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានស្វាគមន៍ និង​អបអរសាទរ​ដល់និស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧នេះ។ បន្ទាប់​មក​លោកជំទាវ បានជម្រាបជូនអំពីតួនាទី និងបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្តោតទៅលើវិស័យ៣សំខាន់ៗ រួមមាន៖ វិស័យការងារ, វិស័យសន្តិសុខសង្គម និងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។

នៅក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ សូមបន្តរក្សាភាពជាខ្មែរ ដោយត្រូវឈរលើស្មារតីឯកភាពជាតិ សាមគ្គីភាព និងទំនាក់ទំនងល្អរវាងគ្នានិងគ្នា ហើយត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវហ៊ានការពារកេរ្តិ៍ឈ្មោះ កិត្តិយស និងវប្បធម៌ដ៏ល្អរបស់ខ្មែរ។ ក្នុងនោះដែរ លោកជំទាវ ក៏បានជំរុញឱ្យនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីគោលបំណង និងអនាគតរបស់ខ្លួន ក៏ដូចជាយកចំណេះដឹងមកជួយអភិវឌ្ឍន៍ជាតិ។

តំណាងនិស្សិតអាហារូបករណ៍ លោក ខេង មករា បានថ្លែងអំណរគុណដល់លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភី បានជួបសម្ដែងការគួរសមនាពេលនេះ ដោយទទួលបាននូវអនុសាសន៍ និងបទពិសោធល្អៗ សម្រាប់ការបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។

គួរ​ឱ្យ​ដឹង​ថា អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ គឺ​ជាផ្នែក​មួយ​នៃ​កម្មវិធីជំនួយអភិវឌ្ឍន៍​របស់រដ្ឋាភិបាលអូស្ត្រាលី ដែលមានបំណងគាំទ្រដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ និស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលី (Australia Awards) ឆ្នាំសិក្សា២០២៦-២០២៧ មានចំនួន៥៥នាក់ ដោយក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥៣នាក់ និងថ្នាក់បណ្ឌិតចំនួន២នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម