Connect with us

ព័ត៌មានជាតិ

ប្រធាន​សភា៖ កម្ពុជា​គ្មាន​ហេតុផល​ណា​មួយ​ទៅ​ធ្វើ​សង្គ្រាម​ដើម្បី​ឱ្យ​ពលរដ្ឋ​រងទុក្ខ​លំបាក​ទៀត​នោះ​ឡើយ

បានផុស

នៅ

ប្រធាន​រដ្ឋសភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​លើក​ឡើង សន្ដិភាព​ មាន​តម្លៃ​សម្រាប់​កម្ពុជា ហើយ​គ្មាន​បំណង​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ណា​មួយ​ទេ។ សម្ដេច​បាន​​អំពាវនាវ​អន្តរជាតិ​ឱ្យ​មាន​វិធាន​ការ​បញ្ឈប់​អំពើ​ឈ្លាន​ពាន​របស់​ថៃ ដោយ​ថា​ការ​ឈ្លាន​ពាន​នេះ​កំពុង​បង្ក​ការ​ខូច​ខាត​កាន់​តែ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​ស្ថិរភាព​សន្តិសុខ​ពិភព​លោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឆែក​​ប្រចាំ​កម្ពុជា​លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា (Markéta Kolc Hájková) នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ​នៅ​វិមាន​រដ្ឋសភា​កម្ពុជា សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​លើក​ឡើង​ថា​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​លើក​នេះ​​ឃោរឃៅ និង​ព្រៃ​ផ្សៃ​បំផុត​ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ជាង​៤០​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ទៅ​កាន់​ទី​តាំង​សុវត្ថិភាព​សម្ដេច​ថា​​ សន្ដិសុខ ស្ថិរភាព តំបន់​និង​សកល​លោក​កំពុង​រង​ផល​ប៉ះពាល់​ពី​អំពី​ឈ្លាន​ពាន​នេះ​។

សម្ដេច​ប្រធាន​សភា​បាន​លើក​ឡើង​ថា​៖ «កម្ពុជាគ្មានមហិច្ឆតាណាមួយក្នុងការទៅដណ្តើមទឹកដី ពីប្រទេសណាមួយឡើយ។ កម្ពុជា​បាន​ឆ្លងកាត់សង្រ្គាម ដូច្នេះ​កម្ពុជា​គ្មានហេតុផលណាមួយ​ទៅធ្វើ​សង្រ្គាម​ដើម្បី​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​លំបាក​ទៀតនោះឡើយ»

​​សម្ដេច​ប្រធាន​សភា​បញ្ជាក់​ថា​ កម្ពុជា​កំពុង​អភិវឌ្ឍ​ខ្លួន​ដើម្បី​សម្រេច​គោល​ដៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០២៥ ដូច្នេះ​គ្មាន​បំណង​ទៅ​បង្ក​សង្រ្គាម​ជាមួយ​ប្រទេស​ណាមួយ​ធ្វើ​ឱ្យ​បង្អាក់​គោល​ដៅ​នេះ​ទេ។

ឯកអគ្គរដ្ឋទូត​ឆែក​លោកស្រី ម៉ាកេតា កូល ហៃកូវ៉ា បានសម្តែង​នូវសមាន​ចិត្ត​ជ្រាលជ្រៅ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងគ្រា​ដ៏​លំបាក​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃនេះ​ ដោយ​ថា​ប្រទេស​លោក​ស្រី​បាន​តាមដាន​ និង​មាន​ជំនឿ​ថា​បញ្ហា​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​ តាមរយៈ​ការ​ចរចា​ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ចាប់​តាំង​ពី​ការ​បើក​ការ​វាយ​ប្រហារ​លើ​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​មក​ប្រទេសថៃ​បាន​ប្រើ​អាវុធ​ធុនធ្ងន់ រួម​មានទាំងយន្តហោះ F-16 គ្រាប់បែកចង្កោម និងផ្សែងពុល វាយចូល ដែនអធិបតេយ្យរបស់កម្ពុជា យ៉ាងជ្រៅពីបន្ទាត់ព្រំដែន ក្នុងរង្វង់ពី៨០ទៅ៩០គីឡូម៉ែត្រ បានបណ្តាលឱ្យបាត់បង់អាយុជីវិតជនស៊ីវិលជាច្រើន និងបង្កឱ្យប្រជាពលរដ្ឋជាង​៤០ម៉ឺន​នាក់ ​បានបង្ខំចិត្តរត់គេចចេញពីលំនៅដ្ឋាន។ ទ្រព្យសម្បត្តិ សាធារណៈនិងឯកជន ដូចជាតំបន់បេតិកភណ្ឌពិភពលោក មានប្រាសាទព្រះវិហារជាដើម ព្រមទំាងផ្ទះសម្បែង​ប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន សំណង់អគារផ្សេងទៀត បានបំផ្លាញ​ដោយអាវុធរបស់ថៃ៕




អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម