ព័ត៌មានជាតិ
ឆ្នាំ ២០២៥ តុលាការខេត្តកោះកុង ចាត់ការសំណុំរឿងក្តីបាន ៣៨៥ សំណុំរឿង
សាលាដំបូងខេត្តកោះកុង នៅឆ្នាំ ២០២៥ បានចាត់ការដោះស្រាយសំណុំរឿងក្តីបានសរុប ៣៨៥ សំណុំរឿង ស្មើនឹង ៨៨.៥០ ភាគរយ ដោយកំពុងយកចិត្តទុកដាក់អនុវត្តពិនិត្យចាត់ការបន្តនៅឆ្នាំនេះ។

ក្នុងចំណោមរឿងក្តីព្រហ្មទណ្ឌសរុប ៤៣៥ សំណុំរឿង ដែលស្ថាប័នអយ្យការទទួលចាត់ការនៅឆ្នាំ ២០២៥ គឺ តំណាងអយ្យការបានធ្វើចំណាត់ការរួចរាល់បានសរុបចំនួន ៣៨៥ សំណុំរឿងក្តី នៅសល់ចំនួន ៥០ សំណុំរឿងក្តីទៀត បើគិតជាភាគរយ គឺ ស្មើនឹង ៨៨.៥០ ភាគរយ។
នេះបើតាមការបញ្ជាក់របស់លោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង ក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦។ លោកស្រីព្រះរាជអាជ្ញាខេត្តកោះកុង បានបន្ថែមទៀតថា ចំពោះសំណុំរឿងក្តីដែលនៅសល់ តំណាងអយ្យការកំពុងពិនិត្យ និងបន្តចាត់ការក្នុងឆ្នាំ ២០២៦ នេះ។

លោកស្រី ចាតសូ រស្មី លើកឡើងដែរថា តុលាការព្រហ្មទណ្ឌ ក៏បានចេញសាលក្រមក្នុងឆ្នាំ ២០២៥ បានចំនួន ២៥០ សាលក្រម។ ដោយចាត់ទុកថា នេះជាសមិទ្ធផលការងារដ៏ល្អ និងជាទីមោទនភាព ក្រៃលែង ដែលអង្គភាពអយ្យការ និងអង្គភាពតុលាការ សម្រេចបានក្នុងឆ្នាំ ២០២៥ កន្លងទៅ។

ទន្ទឹមនឹងការបំពេញភារកិច្ចខាងលើ តំណាងអយ្យការ បានចូលរួមសហការលើវិស័យច្បាប់ជាមួយរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ច នៃក្រសួងស្ថាប័នផ្សេងៗ តាមការចាំបាច់ និងជាក់ស្តែង។ ភារកិច្ចដ៏ចម្បងក្នុងការដឹកនាំសម្របសម្រួលសកម្មភាពរបស់នគរបាលយុត្តិធម៌ ក៏ត្រូវបានអនុវត្តតាមទម្រង់យ៉ាងខ្ជាប់ខ្ជួន តាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
ស្របនឹងការទទួលបានស្នាដៃការងារលើវិស័យយុត្តិធម៌ លោកស្រីព្រះរាជអាជ្ញាខេត្ត ក៏ស្នើសុំចៅក្រម ព្រះរាជអាជ្ញារង មន្ត្រីយុត្តិធម៌ក្រោមឱវាទ លើកឡើងអំពីបញ្ហាប្រឈមមកពិភាក្សា ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលដៅផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សប្រកបដោយសមភាព សច្ចភាព និងជឿទុកចិត្តពីសំណាក់ពលរដ្ឋមកលើប្រព័ន្ធតុលាការ។
ដោយឡែក លោក អ៊ូច ជ្រិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកោះកុង ថ្លែងថា ក្នុងឆ្នាំ ២០២៥ កន្លងផុតទៅនេះ សាលាដំបូង អយ្យការអមសាលាដំបូង និងលេខាធិការដ្ឋានរដ្ឋបាល សាលាដំបូង បានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងបំពេញភារកិច្ចតាមច្បាប់កំណត់ ដោយធានាឱ្យបាននូវសេវាយុត្តិធម៌ល្អប្រសើរជូនប្រជាពលរដ្ឋ និងមានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋបន្ថែមទៀតមកលើស្ថាប័នតុលាការ។

លោក អ៊ូច ជ្រិន សាលាដំបូង អយ្យការអមសាលាដំបូង និងលេខាធិការដ្ឋានរដ្ឋបាល បានទទួល លិខិតចូលពីក្រសួងយុត្តិធម៌ តុលាការកំពូល សាលាឧទ្ធរណ៍ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និងភាគីពាក់ព័ន្ធ សរុបចំនួន ៤៨៦៣ ច្បាប់ និងបានធ្វើលិខិតចេញ ដើម្បីទំនាក់ទំនងការងារថ្នាក់ជាតិ ក្រោមជាតិ និងជាមួយបណ្តាអង្គភាពពាក់ព័ន្ធសរុបចំនួន ៦០៣៩ ច្បាប់។
ខេត្តកោះកុង មានអ្នកជាប់ពន្ធនាគារ ជនត្រូវចោទ ពិរុទ្ធជន និងទណ្ឌិត កំពុងជាប់ឃុំក្នុងពន្ធនាការខេត្តកោះកុង សរុបមានចំនួន ៩០០ នាក់ ក្នុងនោះ ស្រីមានចំនួន ៦៨ នាក់ អនីតិជនប្រុសមានចំនួន ៥៣ នាក់ និងអនីតិជនស្រីមានចំនួន ០០ នាក់ ។ ការអនុវត្តដោះលែងតាមសាលក្រម និងសាលដីកាមានចំនួន ២៣២ នាក់ ប្រុសចំនួន ១៩២ នាក់ ស្រីចំនួន ១៥ នាក់ ក្នុងនោះ អនីតិជនប្រុសចំនួន ២៤ នាក់ និងអនីតិជនស្រីមានចំនួន ០១ នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


