Connect with us

ព័ត៌មានជាតិ

​ត្រី​ប៉ាសេ​អ៊ី​​​ និង​ប៉ាវ៉ា​​ជាមុខម្ហូបពេញនិយមទេសចរ​មក​ខេត្តស្ទឹងត្រែង ខណៈ​ផលត្រីក្នុង​ខេត្ត​បន្តកើនឡើង

បានផុស

នៅ

បើ​តាម​ការ​អះអាង​របស់​លោក សរ សុពុត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​លើក​ឡើង​ពី​កំណើនផល​​ត្រី​ក្នុង​ខេត្ត​ជាប់ដងទន្លេមេគង្គលើ ស្រប​ពេល​មានការ​ផ្សព្វផ្សាយ​និង​ការ​បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់។

លោក សរ សុពុត្រា អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​គូស​បញ្ជាក់​ថា ក្នុងឆ្នាំ​២០២៥ ផល​ត្រី​ក្នុង​ខេត្ត​ស្ទឺងត្រែង​មានការកើនឡើង​ជាង​បណ្ដា​ឆ្នាំមុនៗ ដោយសារ​កិច្ចខិតខំប្រឹងប្រែង​របស់​មន្ត្រីជំនាញ ក្នុង​ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពីការ​នេសាទ​ខុស​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«កំណើនផល​ត្រីគឺមានការកើនឡើង​ជាង​បណ្ដាឆ្នាំ​មុនៗ ដោយសារ​កម្លាំង​មន្ត្រី​ជំនាញ​របស់​​យើង​​​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដូវ​ត្រី​កូន​គឺ​មិន​ឲ្យ​មានការ​នេសាទ​ខុស​ច្បាប់​។ យើង​បាន​ពន្យល់​ប្រជាពលរដ្ឋ​ថា ការ​ដែល​មិន​ចេញមក​នេសាទ​រដូវ​ត្រីកូន​គឺជា​ការ​ធានា​និរន្តរភាព​អំពី​ផល​ត្រី ដែល​ផ្តល់​ផល​ជះ​មក​វិញ​គឺ​ពលរដ្ឋ​ហ្នឹង​ឯង»។ លោក សរ សុពុត្រា​ បញ្ជាក់។

ការបំផ្លាញធនធានប្រៀបដូចជាការដាក់ទណ្ឌកម្មលើខ្លួនឯង ព្រោះវានឹងប៉ះពាល់​ដល់​ជីវភាព​រស់នៅនៅថ្ងៃអនាគត។លោក សរ សុពុត្រា​​ អភិបាលខេត្តស្ទឹងត្រែង​ទទួលស្គាល់ថា កន្លងទៅ​នៅមាន​សកម្មភាព​ល្មើស​ច្បាប់​ខ្លះៗ ប៉ុន្តែស្ថិតក្នុង​កម្រិតមួយ​ដែល​អាចគ្រប់គ្រងបាន ដោយសារ​ការ​យល់​ដឹងនិង​ការចូលរួម​ចំណែក​ពីប្រជាពលរដ្ឋជាមួយមន្ត្រីជំនាញ។

ជាមួយគ្នានេះ ឆ្លើយតប​ទៅ​សំនួរ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ ដែល​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ខេត្ត​ស្ទឹងត្រែង​កាល​ពី​សប្ដាហ៍​មុន​ពាក់ព័ន្ធ​ប្រភេទ​ត្រី​កម្រ​ដូចជា​ត្រី​ប៉ាសេអ៊ី ដែល​ជាប្រភេទ​ត្រី​ដ៏​ល្បី​ប្រចាំ​ទឹកដី​ខេត្ត​ភូមិភាគ​ឦសាន​នេះ លោក​ សរ សុពុត្រា​ បាន​បញ្ជាក់​ថា​ ចំពោះ​ប្រភេទ​ត្រី​កម្រនិង​មាន​ហានិភ័យ​ដូចជា ត្រី​ប៉ាសេអី គឺ​នៅតែ​មាន​ចំនួន​ថេរ មិន​​មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ ដោយឡែក​ត្រី​ប៉ាវ៉ាដែល​ត្រូវបាន​ចាត់ទុក​ថា​ជាត្រីដែល​មាន​តម្លៃខ្ពស់​ជាងគេ និង​មាន​រសជាតិ​ឆ្ងាញ់​ក៏​នៅ​មាន​ចំនួន​នៅ​ល្អ​ហើយ​តម្លៃខ្ពស់ទៀត។

លោក សរ សុពុត្រា​ អះអាង​ថា សក្តានុពល​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​ខេត្ត​ស្ទឹងត្រែង​ ក្រៅ​ពី​សំបូរ​តំបន់​អេកូ​ទេសចរណ៍ទាក់ទាញទេសចរមកកម្សាន្ត​​គឺ​តាមរយៈ​មុខម្ហូប​អាហារ​ដែល​ធ្វើ​ពី​ត្រី​ធំៗ។

«ខេត្ត​ស្ទឹងត្រែង​នេះគឺ​អត់​មាន​ប្រភេទ​ត្រី​តូចៗ​ទេ​គឺ​ត្រី​ចេញ​មក​គឺ​ធំៗ​ ដែល​ជា​ចំណុចទាក់ទាញ​ទេសចរណ៍​មួយ​របស់​ខេត្ត​ជាប់​ដងទន្លេ​នេះ»។ លោក សរ សុពុត្រា បញ្ជាក់។

ក្នុង​នាម​ជា​អាជ្ញាធរ​ខេត្ត​ លោក​នៅតែ​បន្ត​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ជៀសវាង​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ដូច​ជាការឆក់ ព្រោះវាជាការបំផ្លាញធនធានធម្មជាតិ និងនាំឱ្យមាន​ទណ្ឌកម្ម​ផ្លូវ​​ច្បាប់​ថែម​ទៀត៕

បន្តចុចអាន៖ ដល់រដូវត្រីបីប្រភេទមានតែខេត្តស្ទឹងត្រែងមិនសូវសម្បូរតម្លៃខ្ពស់កប់ពពក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម