Connect with us

ព័ត៌មានជាតិ

បដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស

បានផុស

នៅ

ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង ចេញមកច្រានចោលចំពោះការចោទប្រកាន់ថា ការមិនអនុញ្ញាតឱ្យបុគ្គល សម រង្ស៊ី ចូលរួមក្នុងកម្មវិធីជួបជុំសមាគមខ្មែររស់នៅទីក្រុងបារីស ជារឿងនយោបាយ។ ការបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមក្នុងការជួបជុំនេះ ត្រូវបានស្ថានទូត អះអាងថា មិនមែនជាការប្រកាន់និន្នាការនយោបាយនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ មានការលើកឡើងមួយចំនួនថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរទេ។ ឆ្លើយតបនឹងការចោទប្រកាន់បែបនេះ ស្ថានទូតកម្ពុជា ចាត់ទុកថា ជាការលើកឡើងគ្មានមូលដ្ឋានច្បាស់លាស់ និងជាការបកស្រាយខុសពីការពិតរបស់ក្រុមបុគ្គលទាំងនោះ ក្នុងបំណងលាបពណ៌ និងបំបែកបំបាក់សាមគ្គីភាពជាតិ។

ក្នុងសេចក្ដីបំភ្លឺកាលពីថ្ងៃទី១៨ ខែមេសា ស្ថានទូតកម្ពុជានៅបារាំង បានបញ្ជាក់បកទៅវិញថា«ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី ចូលរួមក្នុងកម្មវិធីនាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅរដ្ឋសភាបារាំង គឺជាឆន្ទានុសិទ្ធរបស់លោកតំណាងរាស្ត្របារាំង ដែលជាម្ចាស់រៀបចំកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកឧត្តមឯកអគ្គរាជទូតអាចចូលរួមក្នុងកម្មវិធីនេះ»។

ស្ថានទូត បានសង្កត់ធ្ងន់ថា ការ​មិនអនុញ្ញាតនេះគឺជាការប្រុងប្រយ័ត្នដើម្បីចៀសវាងការផ្សារភ្ជាប់លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជានៅបារាំង ជាមួយបុគ្គលដែលកំពុងជាប់ទោសទណ្ឌ មិនមែនជាការប្រកាន់និន្នាការនយោបាយឡើយ។

តាមសេចក្ដីបំភ្លឺដដែលនោះ ស្ថានទូតកម្ពុជានៅបារាំង បញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចសហការ ឬផ្តល់ការទទួលស្គាល់ដល់បុគ្គលជាទណ្ឌិត ដែលត្រូវបានតុលាការកាត់ទោសពីបទល្មើសធ្ងន់ធ្ងរនោះឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម