Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ រម្លឹកឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ចៀសវាងផ្សព្វផ្សាយរូបភាព ខ្លឹមសារណា ដែលប៉ះពាល់អារម្មណ៍សាធារណជន

បានផុស

នៅ

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ កម្ពុជាថ្មី ថា ក្រសួងព័ត៌មានសូមរម្លឹកដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ អនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពិសេសត្រង់ចំណុចទី ១៣ នៃធម្មនុញ្ញនេះ ដែលបានហាមប្រាមការផ្សព្វផ្សាយរូបភាព ឬខ្លឹមសារដែលបង្ហាញពីភាពឃោរឃៅ អំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ដែលរន្ធត់តក់ស្លុត បង្កឱ្យប៉ះពាល់អារម្មណ៍ដល់សាធារណជន ​និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ បន្ថែមពីនេះ លោកថា រូបភាពបែបនេះ ក៏ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ និងក្រុមគ្រួសារពួកគេ បង្កផលវិបាកក្នុងរយៈពេលខ្លី និងវែងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រោយពីមួយរយៈនេះ ឃើញមានសារព័ត៌មានមួយចំនួន រួមទាំងសាធារណជនបានបង្ហោះវីដេអូ ឬរូបភាពពីគ្រោះថ្នាក់ចរាចរណ៍ ករណីឃាតកម្ម ដោយមិនមានការបិទបាំងរូបភាព ដាក់ព្រិល ហើយមួយចំនួនបានបិទបាំង ឬក៏ដាក់ព្រិលដែរ ប៉ុន្តែ រូបភាពខ្លឹមសារមួយចំនួន ក៏បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទស្សនា ធ្វើឱ្យពួកគាត់រន្ធត់ តក់ស្លុតក្នុងហេតុការណ៍នោះ។ ត្រង់ចំណុចនេះ លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា ក្រសួងព័ត៌មានបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការផ្សាយ ចែករំលែកវីដេអូ ឬរូបភាពនៃករណីឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ហាញរូបភាពតក់ស្លុត ដូចជាមានឈាម របួស ឬការស្លាប់ជាដើម ឬហិង្សានៅលើបណ្តាញសង្គម ដូចជា Facebook និង TikTok ជាដើម រួមទាំងមានប្រភពមកពីអ្នកសារព័ត៌មានមួយចំនួនផងដែរ។ លោកថា ការផ្សាយ និងចែករំលែកទាំងនេះ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍ជងរងគ្រោះ និងគ្រួសាររបស់ពួកគេ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖ “ការបង្ហាញរូបភាពឃោរឃៅទាំងនេះបង្កជាភាពភ័យខ្លាច ការតក់ស្លុត និងប៉ះពាល់ដល់អារម្មណ៍កុមារ និងពលរដ្ឋទូទៅ។ ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពពីការបាញ់សម្លាប់ ឬការស្លាប់ និងរងរបួសមានឈាមពីគ្រោះថ្នាក់ចរាចរណ៍ ដោយគ្មានការបិទបាំង ឬព្រិលលើរូបភាពជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គម។ ការផ្សាយដោយគិតតែប្រជែងគ្នាដើម្បីយកView ឬ Like ដោយមិនគិតពីផលវិបាកសង្គម អាចគ្រាន់តែជាការធ្វើអាជីវកម្មលើភាពរងគ្រោះ ឬភាពទន់ខ្សោយរបស់អ្នកដទៃ គឺជាទង្វើដែលសង្គមមិនផ្តល់តម្លៃ និងប៉ះពាល់ដល់គុណតម្លៃនៃអាជីពព័ត៌មាន”

ចំពោះករណីឃាតកម្មនៅខេត្តត្បូងឃ្មុំ ក៏ដូចជាករណីដទៃទៀត ដែលបានកើតឡើងថ្មីៗនេះ អ្នកនាំពាក្យ បញ្ជាក់ថា ក្រសួងព័ត៌មានបានមានចំណាត់ការភ្លាម និងជាបន្តបន្ទាប់។ ចំពោះអ្នកកាសែត ដែលបានផ្សាយ ក្រសួងអញ្ជើញពួកគាត់ ដើម្បីមកទទួលការណែនាំ តម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ក្រសួងក៏បានធ្វើការណែនាំដល់អ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួនដែរ ដែលទាំងអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាបានយល់ព្រមទទួលកំហុស និងបានដកមាតិកាដែលមានបញ្ហាទាំងនោះចេញវិញ មិនឱ្យមាននៅលើបណ្តាញសង្គមទេ។ ក្រសួងនឹងបន្តការអប់រំ តម្រង់ទិសលើការអនុវត្តដោយក្រមសីលធម៌ឱ្យស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ សូមអំពាវនាវ ដាស់តឿនដល់អ្នកសារព័ត៌មាន និង អ្នកកាន់ផេកនៃបណ្តាញសង្គមនានា ត្រូវមានម្ចាស់ការ និងការទទួលខុសត្រូវលើការផ្សាយ និងខ្លឹមសារនៃមាតិកា មុននឹងសម្រេចចិត្តផ្សាយ/ចុច Post។ ចំពោះអង្គភាពសារព័ត៌មានណាដែលនៅតែបន្តបំពានក្រមសីលធម៌ដដែលៗ ផ្សាយផ្ទុយការហាមប្រាម ដូចក្នុងស្មារតីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្រសួងនឹងចាត់វិធានការរដ្ឋបាល រាប់ចាប់ពីការស្ដីបន្ទោស ការធ្វើកិច្ចសន្យា រហូតដល់ការដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយក្នុងករណីធ្ងន់ធ្ងរ។ក្រសួងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីតាមដាន និងរាយការណ៍(Report) ទៅក្រុមហ៊ុនបណ្តាញសង្គម ដើម្បីចាត់វិធានការលុបវីដេអូដែលរំលោភលើគោលការណ៍សហគមន៍ (Community Standard)នៃការប្រើប្រាស់បណ្តាញសង្គម និងច្បាប់របស់កម្ពុជា។

លោក ទេព អស្នារិទ្ធ លើកទឹកចិត្តដល់សាធារណជនងាកមកគាំទ្រ និងផ្តល់តម្លៃដល់ការផ្សាយព័ត៌មានដែលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាបង្កើតបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ផ្តល់ចំណេះដឹងដោយភាពជឿជាក់ និងថែរក្សាសីលធម៌រស់នៅក្នុងសង្គម។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់សាធារណជន ចូលរួមនិយាយថា ទេចំពោះព័ត៌មានអវិជ្ជមាន និងភាពហិង្សា និងកុំគាំទ្រការផ្សាយដែលប្រាសចាកសីលធម៌សង្គម ដោយប្រសិនបើឃើញការផ្សាយដែលមិនសមរម្យដូចមានរៀបរាប់ខាងលើ សូមកុំ Share បន្ត ហើយជួយ Report ទៅក្រុមហ៊ុនបណ្តាញសង្គមទាំងអស់គ្នា ដើម្បីសម្អាតភាពអវិជ្ជមាន មិនល្អពីក្នុងបរិយាកាសឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម