Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ឧកញ៉ា ម៉ុង ឫទ្ធី ​សម្រុកសាងសង់​រោងចក្រ​ផលិតជី គ្រោង​បញ្ចប់​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ

បានផុស

នៅ

ក្រុមហ៊ុនអ្នក​ឧកញ៉ា ​ម៉ុង ឫទ្ធី កំពុងសម្រុក​សាងសង់​​រោងចក្រ​ផលិត​ជី​សរីរាង្គ​ ក្រៅពី​ការ​វិនិយោគ​ដាំដុះ​ដំណាំ​កសិ​ឧស្សាហកម្ម​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក លី ឡាវីល នាយក​ចាត់ការ​ទូទៅ​ផ្នែក​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​រោងចក្រ​ផលិត​ជី​របស់​ក្រុមហ៊ុន គិត​មក​ដល់​ពេល​នេះវឌ្ឍនភាព​ការ​សាងសង់​បាន​ប្រមាណ ៣០%។ លោក​ថា រោងចក្រ​អាច​ចាប់ផ្តើមដំណើរការ​បាននៅត្រីមាសទី ៤ ក្នុង​ឆ្នាំ ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ លោក លី ឡាវីល មិន​បាន​បញ្ជាក់​អំពី​សមត្ថភាពផលិត​​របស់​រោងចក្រ ​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ដោយ​លោក​គ្រាន់​តែ​បង្ហើប​ថា​ជី​ដែល​រោងចក្រ​ផលិត​ជា​ប្រភេទ​ជី​កំប៉ុស្ត ដែល​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់ ទា និង​កាកសំណល់ផ្សេងៗ។

ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប បាន​​កំពុង​វិនិយោគ​ដាំដុះ​ដំណាំ​ដូង​ប្រេង​លើផ្ទៃដី​ប្រមាណ ប្រមាណ ១៦ ០០០ ហិកតា​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​បញ្ជាក់​ថា ជាង ៣០ ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​អស់​ប្រមាណ ១២០ លាន​ដុល្លារ លើ​ការ​វិនិយោគ​ដាំដុះ​ដំណាំ​ដូង​ប្រេង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីពេលកន្លងទៅនេះ សេដ្ឋីកសិកម្មដ៏លេចធ្លោរូបនេះ​បានឲ្យដឹងថា ការវិនិយោគ​លើ​ដំណាំដូងប្រេង​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​​នៅ​មិន​ទាន់រកបានផលចំណេញបានវិញនៅឡើយទេ។

អ្នកឧកញ៉ាប្រាប់ថា ការធ្វើជំនួញកសិកម្មសេដ្ឋីៗក្នុងស្រុកមិនហ៊ានប្រថុយដាក់ទុនវិនិយោគនោះទេ ប៉ុន្តែ​អ្នកឧកញ៉ាមិនរុញរា​នៅតែបន្តមុខជំនួញ​ដែលអ្នកឧកញ៉ាបានចាប់​កវែកកឆ្នាំង​ពេញមួយជីវិតនេះ។

បើ​តាម​សេដ្ឋី​កសិកម្ម​រូប​នេះ ក្រៅ​ពី​វិនិយោ​គ​ដាំដុះ​ដំណាំ​ដូងប្រេង លោក​បាន​​ធ្វើពិពិធកម្ម​ការ​វិនិយោគ​​វិស័យ​​កសិឧស្សាហកម្មក្នុង​នោះ​មានការ​ចិញ្ចឹម​ជ្រូក​នាំ​ពូជ​ពី​បរទេស ការ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ដែល​ជួយ​ទិញ​ផល​កសិកម្មពី​កសិករ​ប្រមាណ ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​កំពុង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ជី​​​ធម្មជាតិ ដែលមានទីតាំង​នៅ​តំបន់​អភិវឌ្ឍ​សែន​ជ័យ​ក្នុងខេត្តកំពង់ស្ពឺ។

អ្នក​ឧកញ៉ា​​បញ្ជាក់​ថា ការ​វិនិយោគសាងសង់​​​រោងចក្រ​ផលិត​ជី​​បន្ថែម​នេះ មាន​គោល​បំណងទាញ​​យក​សំណល់​ចេញ​ពី​ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​​ផ្សេងៗទៅ​កែច្នៃ​ផលិត​ជា​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ និងចែកចាយ​ដល់​កសិករ​​ប្រើប្រាស់​លើ​ផល​ដំណាំ​​ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម