Connect with us

ព័ត៌មានជាតិ

៣០ ឆ្នាំ​មុន ឧកញ៉ា ​ម៉ុង ឫទ្ធី ជម្នះ​ដាំ​ដូងប្រេង​ទោះ​រង​ការ​គំរាមកំហែងពី​ខ្មែរក្រហម​

បានផុស

នៅ

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​រំលឹក​​ពេល​វេលា​កាល​ពី​ជាង ៣០ ឆ្នាំ​មុន ដែលអ្នក​​ឧកញ៉ា​បាន​ចាប់ផ្ដើម​ដាំដុះ​ដំណាំ​ដូង​ប្រេង​តាម​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ខេត្តព្រះសីហនុ បើ​ទោះ​បី​រង​ការ​គំរាម​កំហែង​ពី​​ខ្មែរ​ក្រហម​ក៏​ដោយ។

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ដាំដុះ​ដំណាំ​ដូងប្រេងជុំ​ទី ២ ​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ អ្នក​ឧកញ៉ា​បាន​ប្រាប់ពី​​​​ឧបសគ្គធំៗពី​ការ​ដាំដុះ​ដំណាំដូងប្រេង​តាំងពីការ​ចាប់ផ្តើម​ដំបូងៗ ជាពិសេស​គឺ​វត្តមានរបស់កងទ័ពខ្មែរក្រហមនៅសងខាងផ្លូវជាតិ​លេខ ៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា​បាន​រំលឹក​ថា ដើម្បី​អាច​ដាំដុះ​បាន​ត្រូវបង់លុយឱ្យខ្មែរ​ក្រហម ព្រោះបើមិន​បង់​លុយ​ទេ ខ្មែរក្រហមនឹងបាញ់ប្រហារនៅពេលដែលចុះទៅឈូសឆាយដី​ដែល​នៅ​ចម្ងាយ​ត្រឹម​តែ​ ៥០០ ម៉ែត្រប៉ុណ្ណោះ។

«ការងារ​មាន​ការ​លំបាកខ្លាំងណាស់តាំងពីការចាប់ផ្តើម ព្រោះត្រូវធ្វើការរៀបចំដី រាវមីនផង និងត្រូវរក្សាទំនាក់ទំនងល្អជាមួយខ្មែរក្រហមផង»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់។

បន្ថែម​ពីនេះ ​ឧបសគ្គ​ដ៏​ធំ​មួយ​ទៀត​ គឺ​ការពឹងផ្អែកលើបច្ចេកទេសបរទេសនៅគ្រា​ចាប់ផ្តើម​ដាំដុះ​ដំបូងៗ។

អ្នក​ឧកញ៉ា​ប្រាប់​ថា នៅពេលចាប់ផ្តើមដាំដុះដូងប្រេង​លើកទី១ ដោយសារតែខ្វះចំណេះដឹង​និង​បច្ចេកទេស ត្រូវ​ពឹងផ្អែកលើអ្នកបច្ចេកទេសបរទេសទាំងស្រុង ដើម្បីជួយដាំនិងថែទាំ ព្រោះ​ការដាំដូងប្រេង​មិនមែនចេះតែដាំបាននោះទេ​ដែល​លោក​ត្រូវ​ជួល​អ្នកបច្ចេកទេស​មក​ប្រចាំការ​រហូត។

បើ​តាមអ្នក​ឧកញ៉ា ម៉ុង ឫទ្ធី មកដល់បច្ចុប្បន្ននេះប្រជាជនខ្មែរ​មានសមត្ថភាព​អាច​ធ្វើការងារនេះ​បាន​ទាំងអស់ ដោយមិនចាំបាច់ត្រូវការអ្នកបច្ចេកទេសបរទេសទៀតឡើយ។

លោក​ក៏​លើក​ឡើង​បញ្ហា​ប្រឈម​ថែមទៀត​ ក្រោយ​ពេល​ហាង​ឆេង​ដីធ្លី​ឡើង​ថ្លៃ​មាន​អ្នក​មក​ឈូស​ឆាយ​រំលោភ​ ដែលរឿងនេះ​​កើត​ឡើង​ទើប​តែ​​នៅពេល​ក្រោយៗ​នេះ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ពូជ​ដូងប្រេង​មក​ដាំដុះ​ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា ​គឺ​នាំ​ពូជ​ពី​ប្រទេស​កូស្តារីកា ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

លោក​ថា ប្រទេស​ផ្សេង​ទៀតដែល​គេ​ដាំដុះ គេ​មានវិទ្យាស្ថានរបស់គេរួចទៅហើយ ដូច្នេះ​បើ​​លោក​បង្កើត​កន្លែងបណ្តុះកូន​ដូង​ប្រេងខ្លួនឯង គឺបានត្រឹមតែយកមកដាំខ្លួនឯងប៉ុណ្ណោះ គ្មាន​ទីផ្សារ​លក់​ចេញ​ទេ។ ហេតុនេះ ទើបជម្រើសដែលល្អគឺមានតែការទិញកូនដូងប្រេងពីគេមកដាំ។

ក្នុង​ពិធី​ដាំ​ដូងប្រេង​ជុំ​ទី ២ នៅ​ខេត្ត​ព្រះសីហនុ លោក អ៊ិត ណុប នាយក​គ្រប់គ្រង​ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំ​ដូង​ប្រេង​កម្ពុជា បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៩៦ ខណៈ​ពិធីសម្ពោធដាំដូងប្រេងជំនាន់ទី១ ជានិមិត្តរូប​ផ្លូវការ​ធ្វើឡើង​ក្រោម​វត្តមាន​​​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ១៩៩៧។

លោក អ៊ិត ណុប បាន​បន្ត​ថា ទីតាំងក្រុមហ៊ុន​វិនិយោគ​ដាំដុះដំណាំ​​​ដូងប្រេង​គឺ​ស្ថិតនៅ ភូមិតាពៅ ឃុំតានៃ ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់​ម្តុំ​គីឡូម៉ែត្រលេខ ១៧០ នៅ​លើ​ផ្ទៃដីសរុប ២០.២៦៤ ហិកតា ក្នុងនោះមានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋចំនួន ៦.២៨០​ ហិកតា រួមទាំង​ដីឯកជន​ដែល​ក្រុមហ៊ុនបាន​ប្រមូល​ទិញ​ពី​ប្រជាជន​។

បើ​តាម​លោក អ៊ិត ណុប យោងតាមស្ថានភាពបច្ចុប្បន្ន ដំណាំដូងប្រេងមួយចំនួន​ដែលបាន​ដាំដុះមុន​គេ​បង្អស់ចាប់​តាំងពីឆ្នាំ​១៩៩៧ មានអាយុ ៣០ ឆ្នាំ និងដូងប្រេងមួយចំនួនទៀត​មាន​ការ​លូតលាស់​ខ្ពស់ៗ​ពេក​​ធ្វើឱ្យទិន្នផលធ្លាក់ចុះ ទើប​ក្រុមហ៊ុន​បានសម្រេច និងរៀបចំផែនការ​សម្អាត​ចោល ព្រម​ទាំង​ធ្វើការដាំថ្មី​ឡើងវិញ​ប្រមាណ ៦.២៨០ ហិកតា ហើយ​តាមផែនការត្រូវចំណាយ​ពេលវេលា​រហូត​ដល់ ១១ ឆ្នាំ។

ជាក់ស្តែងនៅឆ្នាំ ២០២៦ ក្រុមហ៊ុននឹងធ្វើការដាំដុះ​លើផ្ទៃដី ៥៧៩ ហិកតា ស្មើនឹង ៩២.៦៤០​ កូន​ដូង​ប្រេង គិត​ជាមធ្យម ១៦០ ដើម/ហិកតា។

លោក អ៊ិត ណុប បាន​បញ្ជាក់ថា គ្រាប់ពូជដូងប្រេងក្រុមហ៊ុន​នាំចូល​ពីប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេសកូស្តារីកា ដោយសារ​ប្រទេសទាំងបីនេះ​ជាប្រទេស​​ដែល​​ឈាន​មុខគេ​​ក្នុង​ការ​ផលិត​​គ្រាប់ពូជ មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ជឿទុកចិត្តបាន​អំពីគុណភាពបង្កាត់ពូជ ធន់នឹង​អាកាសធាតុ ធន់នឹងជំងឺ និងទទួលបានទិន្នផលល្អ។

បើតាមអ្នក​បច្ចេកទេស​រូប​នេះ គ្រាប់​ដូងប្រេង​ត្រូវ​ការ​​បណ្តុះ​រយៈពេល ១០ ទៅ ១២ ខែ ទើប​អាច​យកទៅដាំនៅ​ចម្ការ​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម