Connect with us

ព័ត៌មានជាតិ

មិន​ចង់​​ឈ្មួញ​កណ្តាលកាត់​ចំណេញពីលើ កសិករ​អាច​ដឹក​ផល​កសិកម្ម​មក​លក់​ដល់​រោងចក្រ​ផលិត​ចំណី​សត្វ​ក្រុមហ៊ុន ម៉ុង ឫទ្ធី

បានផុស

នៅ

រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី ដែល​មាន​ទីតាំង​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អនុញ្ញាត​ឲ្យ​កសិករ​អាច​ដឹក​ផល​កសិកម្ម​មាន​ពោត ដំឡូងមី​​មក​រោងចក្រ​ដោយ​ផ្ទាល់​ដើម្បីពង្រីកទីផ្សារលក់​​ឱ្យបានកាន់តែទូលំទូលាយ។

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ឲ្យ​ដឹង​ថា ជាទូទៅ​កសិករខ្នាត​តូច​ដែល​មិនមាន​មធ្យោបាយ​ដឹក​ជញ្ជូន ច្រើន​លក់​បន្តទៅឱ្យឈ្មួញកណ្តាល ដើម្បី​ប្រមូល​ទិញដឹក​មក​កាន់​រោងចក្រ។ ប៉ុន្តែ​កសិករក៏​​អាច​ដឹកកសិផល​មកលក់ដោយ​ផ្ទាល់នៅរោងចក្រ​បានយ៉ាងសេរី ដោយ​មិន​ចាំ​បាច់​រត់ការ​ស្មុគស្មាញឡើយ ប៉ុន្តែត្រូវគោរពតាមស្តង់ដារគុណភាព និងកម្រិត​សំណើម​ដែល​ក្រុមហ៊ុន​បានប្រកាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា​បាន​បញ្ជាក់​ថា «ក្រុមហ៊ុន​មាន​ក្រុមការងារ​លទ្ធកម្ម សម្រាប់​សម្របសម្រួល​ក្នុង​ការ​ប្រមូល​ទិញ​ផល​កសិកម្ម​ពី​កសិករ​ដើម្បី​​យក​មក​ផលិត​ក្នុង​រោងចក្រ»។

រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី មាន​សមត្ថភាព​ផលិតចំណី​សត្វ​កែច្នៃ​ពី​វត្ថុធាតុ​ដើមក្នុងស្រុក​មាន​ពោត ចុងអង្ករ​បាន​​ប្រមាណ ៥០ តោន​ក្នុង​មួយ​ម៉ោង ដែល​គិតជា​មធ្យម​អាច​ផលិត​ចំណីសត្វ​បាន ៣៥០ ០០០ តោន​ក្នុង​មួយ​ឆ្នាំ។ ផលិតផលចំណី​សត្វ​​ដែល​រោងចក្រ​ផលិត​រួមមាន​ចំណី​សម្រាប់ ជ្រូក ត្រី មាន់ និង​ទា​ជាដើម។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានអះអាង​ថា ក្នុងមួយឆ្នាំៗក្រុមហ៊ុន​​ទម្លាក់​ថវិកា​ប្រហែល ៤ លានដុល្លារ ដើម្បីប្រមូលទិញ​ផល​កសិកម្ម​ក្នុងស្រុកចន្លោះពី ១២ ទៅ ១៣ ម៉ឺនតោន។ ក្នុងនោះ​បរិមាណពោតដែលទិញមានប្រមាណ ៨ ទៅ ៩ ម៉ឺនតោន ក្នុងមួយឆ្នាំ។ ក្រៅពីពោត ក្រុមហ៊ុន​ក៏​ប្រើប្រាស់​ចុងអង្ករ​ជាវត្ថុធាតុ​ដើម ដោយសារ​វាជា​ផលិតផល​ដែល​អាច​ប្រើ​ជំនួស​គ្នា​បាន។

ក្នុង​ដំណើរទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍ​កសិឧស្សាហកម្មក្រុមហ៊ុន ម៉ុង ឫទ្ធី ឆ្លើយតប​សំនួរ​បន្ថែម​របស់​កម្ពុជាថ្មី​ពី​យន្តការ​​កំណត់ទីផ្សារ​តម្លៃកសិផល​ អ្នក​ឧកញ៉ា​ ម៉ុង ឫទ្ធី បានឆ្លើយតប​ថា​ តម្លៃ​កសិផល​មិន​មែន​ក្រុមហ៊ុន​ជា​អ្នក​កំណត់​បាន​តាម​ចិត្ត​នោះ​ទេ ប៉ុន្តែ​ផ្អែកលើ​តម្លៃស្តង់​ដារ​អន្តរជាតិ។ ក្រុមហ៊ុន​ក៏​មិន​ចង់​ទិញ​ក្នុង​តម្លៃ​ទាប​ពេក​ដែល​ធ្វើឱ្យកសិករ​ខាតបង់រហូត​ឈប់​ដាំដុះ​នោះទេ ព្រោះ​វានឹង​ធ្វើឱ្យ​រោងចក្រ​គ្មាន​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​នៅ​ថ្ងៃ​ក្រោយ។

អ្នកឧកញ៉ា​​លើក​ឡើង​ថា តម្លៃ​កសិផល​ក្នុងស្រុក​ក៏​រង​ឥទ្ធិពល​ពី​ការ​នាំ​ចេញ​ផងដែរ ប្រសិន​បើ​តម្លៃ​នៅ​ក្រៅ​ប្រទេស​ល្អ កសិករ​នឹង​នាំ​ចេញ​ច្រើន​ធ្វើ​ឱ្យ​តម្លៃក្នុង​ស្រុក​ឡើងថ្លៃ។

ចំណី​សត្វ​ផលិត​​ចេញពី​រោងចក្រ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ៧០% សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន​ ចំណែក ៣០% ទៀត​សម្រាប់​លក់​តាម​ដេប៉ូចែកចាយ​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស។

លោក លី ឡាវីល នាយក​ចាត់ការ​ទូទៅ​ផ្នែក​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​បញ្ជាក់​ថា កាលពីមុន កសិករ​លក់វត្ថុធាតុដើម​ដូចជាពោត ដំឡូង​ ទៅ​ក្រៅប្រទេសក្នុង​តម្លៃថោក តែ​ត្រូវទិញ​ចំណី​សម្រេច​​ត្រឡប់មកវិញក្នុងតម្លៃថ្លៃ។ ការបង្កើតរោងចក្រ​ក្នុងស្រុក​ជួយរក្សាធនធាន​ទាំងនេះ​ដើម្បីផលិតចំណីសត្វដោយខ្លួនឯង ដែល​អាច​កាត់បន្ថយចំណាយនិងទទួលបានចំណេញច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម