Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារ នឹងពង្រីកយន្តការជំរឿនមន្ត្រីរាជការទៅកាន់ខេត្តទាំង២៤ ក្រោយអនុវត្តនៅភ្នំពេញដោយជោគជ័យ

បានផុស

នៅ

បន្ទាប់ពីយុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបិទបញ្ចប់ដោយជោគជ័យ ក្រសួងមុខងារសាធារណៈ នឹងរៀបចំជំរឿនដំណាក់កាលថ្មីមួយទៀត ដោយបន្តពង្រីកការអនុវត្តទៅកាន់រដ្ឋបាលខេត្តទាំង២៤។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងលើទំព័រហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពដដែល កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការជំរឿនបានប្រជុំតម្រង់ទិសក្រុមការងារ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅរដ្ឋបាលខេត្តទាំង២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារជំរឿន សរុបប្រមាណ ៤០រូប ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែងនៅតាមសាលាបឋមសិក្សា និងមត្តេយ្យសិក្សាទាំង២៤ខេត្ត ពីមន្រ្តីជំនាញនៃក្រសួងអប់រំ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរបស់ក្រសួងមុខងារសាធារណៈ ដើម្បីធានាឱ្យបាននូវទិន្នន័យរួមមួយដែលមានភាពច្បាស់លាស់ និងឯកភាពគ្នា។

ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ទិន្នន័យដែលទទួលបានពីការធ្វើជំរឿននេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដែលចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ អាចផ្តល់ជាមូលដ្ឋានក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រី ការរៀបចំផែនការ និងការជ្រើសរើសមន្ត្រីបំពេញបន្ថែមឱ្យចំគោលដៅដែលខ្វះខាតពិតប្រាកដ។ បន្ថែមពីនេះ ទិន្នន័យទាំងនោះ នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដែលបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការដំឡើងថ្នាក់ ឋានន្តរសក្តិ និងអត្ថប្រយោជន៍ផ្សេងៗទៀត។

ក្រសួង បញ្ជាក់បន្ថែមថា ការធ្វើជំរឿនមន្ត្រី នឹងជួយពង្រឹងប្រសិទ្ធភាពស្ថាប័ន តាមរយៈការគ្រប់គ្រងបាននូវរចនាសម្ព័ន្ធជាក់ស្តែង និងចំនួនមន្ត្រីដែលបំពេញការងារពិតប្រាកដ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិ។

សូមជម្រាបថា កន្លងមក យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ បានបញ្ចប់ទៅដោយជោគជ័យ ដោយបានចុះធ្វើជំរឿននៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា សរុបចំនួន ២៥០សាលារៀន ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។ នេះ បើតាមការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម