Connect with us

ព័ត៌មានជាតិ

កម្ពុជាមិនទាន់រកឃើញករណីវីរុសហាន់តាលើមនុស្សទេ តែក្រសួងសុខាភិបាលឱ្យបង្កើនការប្រុងប្រយ័ត្ន

បានផុស

នៅ

ក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់រកឃើញករណីវីរុសហាន់តា លើមនុស្សនៅឡើយទេ។ ប៉ុន្តែក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងវីរុសនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នជំងឺហាន់តានេះ គឺបន្ទាប់ពីថ្មីៗនេះមានការឆ្លងជំងឺបង្កដោយវីរុសហាន់តា រកឃើញលើភ្ញៀវធ្វើដំណើរនៅលើនាវាទេសចរណ៍មួយគ្រឿង ដែលមានទង់ជាតិហូឡង់ និងផ្ទុកអ្នកដំណើរមកពី២៨ប្រទេស ដោយមានករណីសង្ស័យ៨នាក់ បញ្ជាក់វិជ្ជមាន៥នាក់ និងស្លាប់ ៣នាក់។ ការឆ្លងត្រូវបានសង្ស័យថា ពាក់ព័ន្ធនិងការប៉ះពាល់សត្វកណ្តុរ នៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។

អង្គការសុខភាពពិភពលោក បានវាយតម្លៃថា ជំងឺហាន់តានេះមានហានិភ័យនៃការរាលដាលជាសកលមានកម្រិតទាប ពីព្រោះវីរុសហាន់តាមិនងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ។ ប៉ុន្តែយ៉ាងណា ក្រសួងសុខាភិបាលបានផ្សព្វផ្សាយចំណេះដឹង និងណែនាំក្រុមឆ្លើយតបបន្ទាន់ គ្រូពេទ្យទូទាំងប្រទេស អ្នកទទួលទូរសព្ទ១១៥ និងផ្តល់សារអប់រំសង្ខេបតាមបណ្តាញទំនាក់ទំនងសង្គម និងបន្តពង្រឹងការតាមដាន និងឆ្លើយតបជាប្រចាំ ហើយមានមន្ទីរពិសោធន៍ ដែលមានលទ្ធភាពធ្វើតេស្តរកវីរុសនេះផងដែរ។

វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់ គឺទម្រង់ទី១ ជាជំងឺដែលប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក និងទម្រង់ទី២ ជាជំងឺដែលបង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់ដល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោក។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល វីរុសហាន់តា (Hantavirus) គឺជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស។ មនុស្សអាចឆ្លងវីរុសនេះ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ចាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។

មនុស្សឆ្លងវីរុសនេះមានរោគសញ្ញាដូចជាអស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ ខណៈបច្ចុប្បន្នមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសហាន់តានៅឡើយ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។

ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត។ បិទច្រកចូលរបស់សត្វកកេរជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។ រក្សាទុកអាហារ និងទឹកឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព មិនឱ្យសត្វកកេរ(សត្វកណ្តុរ) ចូលប៉ះពាល់។ពេលសម្អាតកន្លែងដែលមានសត្វកកេរ (សត្វកណ្តុរ) ត្រូវពាក់ម៉ាស់ និងស្រោមដៃ ហើយប្រើទឹក សាប៊ូ ឬទឹកលាយសារធាតុក្លរីនសម្រាប់សម្អាត។

មិនត្រូវបោសធូលីស្ងួតនៅកន្លែងដែលមានលាមក ឬទឹកនោមសត្វកកេរ (សត្វកណ្តុរ) ព្រោះអាចបង្ក ឱ្យវីរុសហើរចូលខ្យល់និងចម្លងមកចូលខ្លួនយើងបាន។​ ធ្វើឲ្យកន្លែងដែលមានលាមកសត្វកណ្តុរសើមសិនមុនពេលសម្អាត ហើយជៀសវាងការបោសសម្អាត ស្ងួត ឬបូមធូលីលាមកសត្វកកេរនិងលាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់។

ក្រសួងសុខាភិបាល បានណែនាំទៀតថាក្នុងករណីមានអាការៈសង្ស័យដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះ ពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្តា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវត្តិធ្វើ ដំណើរមកពីតំបន់ដែលរាតត្បាតដោយជំងឺបង្កដោយវីរុសហាន់តា ក្នុងរយ:ពេលពី១ទៅ៨សប្តាហ៍ កន្លងមក សូមទៅពិនិត្យនិងពិគ្រោះយោបល់ ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកជាបន្ទាន់។

ចំណែកបុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងដោយមន្ទីរពិសោធន៍ ត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា៕
អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម