ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្សព្វផ្សាយច្បាប់ប្រឆាំង Online Scam ដល់មន្ត្រីតុលាការ ដោយជំរុញឱ្យមានការពង្រឹងការអនុវត្តច្បាប់ថ្មីនេះ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានជំរុញដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់។

ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើឡើងក្នុងពេលដែលលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ហើយកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធ Zoom។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ និងខ្លឹមសារ ក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៅតាមតុលាការទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដែលច្បាប់នេះមានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ លោក កើត រិទ្ធ បានសំណូមពរដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការផ្ដល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។
លោកបានសង្កត់ធ្ងន់ដល់តួនាទី ភារកិច្ចរបស់ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង គឺត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះរបស់ខ្លួនក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រឹមត្រូវ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធឬម៌ បានជំរុញឱ្យមានការពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ថ្មីនេះ ទាំងទៅលើការផ្ដន្ទាទោសជនល្មើសឱ្យបានតឹងរ៉ឹង ទាំងលើការប្រមូល និងការរឹបអូសទ្រព្យសម្បត្តិកើតចេញពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជារបៀបវារៈគោលនយោបាយ និងជាការប្ដេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសថា កម្ពុជាគឺបានប្ដូរទិសដៅពីការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ពីកម្ពុជា។

គួរបញ្ជាក់ថា តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ត្រូវបានបង្កើតឡើង នោះរួមមាន ១.បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២.បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣.បទជ្រើសរើស ឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥.ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


