Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដង្កោ កំពុងស្តារប្រឡាយ៣ខ្សែ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានពលរដ្ឋ នៅក្នុងរដូវវស្សានេះ

បានផុស

នៅ

រដ្ឋបាលខណ្ឌដង្កោ នាថ្ងៃទី០២កក្កដានេះបាននិងកំពុងខិតខំស្តារប្រឡាយ ចំនួន៣ខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និង ការណែនាំពីលោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។

លោក សំ ញ៉ូវ ប្រធានការិយាល័យសាធារណការណ៍ និង ដឹកជញ្ជូនខណ្ឌដង្កោ បានឱ្យដឹងថា៖ ក្រោមការណែនាំពី លោកអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀស ការជន់លិចផ្ទះសម្បែង និង ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា រដ្ឋបាលខណ្ឌដង្កោបាននិងកំពុងស្តារប្រឡាយ ចំនួន៣ខ្សែនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះរួមមាន៖ ប្រឡាយម័រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោមានប្រវែង៣៣០០ម៉ែត្រ ដោយបានប្រើប្រាស់គ្រឿងចក្រ២គ្រឿង កាយភក់ និង សំរាមចេញពីប្រឡាយ កាលពីថ្ងៃទី២៥ មិថុនាឆ្នាំ២០២៦។

គិតមកដល់ថ្ងៃទី០២ កក្កដានេះ ក្រុមការងារសម្រេចការងារបានប្រវែង៥៥០ម៉ែត្រ និង គ្រោងបញ្ចប់នៅ២សប្តាហ៍ទៀត , ប្រឡាយជប៉ុន(MCC) សង្កាត់រលួសប្រវែង២៣៥០ម៉ែត្រ បានស្តាររួចរាល់ និង ប្រឡាយនៅព្រំប្រទល់សង្កាត់ព្រែកកំពឺសនិងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ៣៤៧០ម៉ែត្រ ស្តារបានប្រវែងជាង១០០០ម៉ែត្រ។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ឱ្យដឹងដែរថា៖ ការស្តារប្រឡាយម័រ ក្នុងសង្កាត់ដង្កោ គឺពិតជាជួបការលំបាក ដោយសារ ប្រឡាយនេះមានស្ពានឆ្លងកាត់ច្រើន ពិបាកដាក់គ្រឿងច្រកចូល។ ប៉ុន្តែដោយការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ បាននិងកំពុងស្តារប្រឡាយ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី គឹម ញឹប បានថ្លែងនូវការអរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យក្រុមការងារស្តារប្រឡាយទាំង៣ខ្សែនេះ និងសូមអំពាវនាវឱ្យប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង។

ពាក់ព័ន្ធនិងការងារនេះ ប្រជាពលររដ្ឋដែលរស់នៅជាប់ប្រឡាយ បានសម្តែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោដែលបានស្តារប្រឡាយរំដោះទឹកទាំងនេះ។ ពួកគាត់ថា ការស្តារប្រឡាយខាងលើនេះធ្វើឱ្យទឹកហូរបានលឿន កាត់បន្ថយបាននូវការលិចលង់ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺធ្វើឱ្យបាត់បង់នៅជម្រកមូសតែម្តង៕ អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម