Connect with us

ព័ត៌មានជាតិ

នគរបាលជាតិកម្ពុជាពង្រឹងកិច្ចសហការជាមួយអង្គការដៃគូ ដើម្បីប្រឆាំងអំពើជួញដូរមនុស្ស

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជាបានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងស្ថាប័នអនុវត្តច្បាប់ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងការរំលោភបំពានផ្លូវភេទលើកុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកឡើងនៅក្នុងកិច្ចប្រជុំជាមួយតំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងមន្រ្តីកងកម្លាំងពាក់ព័ន្ធ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់គ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារកន្លងមក។

លោកឧត្តមសេនីយ៍ឯក បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន ការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញ និងការអនុវត្តវិធានការរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្ការ ទប់ស្កាត់ បង្ក្រាប និងស៊ើបអង្កេតបទល្មើសឱ្យទាន់ពេលវេលា ការពារសិទ្ធិ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ជាពិសេសស្ត្រី និងកុមារ។

ការណែនាំបែបនេះរបស់មន្ត្រីជាន់ខ្ពស់នគរបាលជាតិ កើតឡើងក្នុងខណៈដែលមានការរាយការណ៍ពីការកើនឡើងនៃបទល្មើសជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។

ជាការកត់សម្គាល់ នៅក្នុងអង្គប្រជុំខាងលើ ក៏បានពិភាក្សាអំពីការពង្រឹងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ការបង្កើនសមត្ថភាពមន្ត្រីជំនាញ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវិធីសាស្ត្រស៊ើបអង្កេតឌីជីថល ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ដើម្បីបង្ការ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសប្រកបដោយប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំ ក៏បានលើកពីសារៈសំខាន់នៃការផ្តល់កិច្ចគាំពារ និងស្តារនីតិសម្បទាជនរងគ្រោះ ពិសេសស្ត្រី និងកុមារ តាមរយៈការសម្របសម្រួលជាមួយស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីធានាថាជនរងគ្រោះទទួលបានការការពារ ការថែទាំ និងសេវាគាំទ្រដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍សិទ្ធិមនុស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម