Connect with us

ព័ត៌មានជាតិ

​ឆ្នាំ​នេះ​ប្រកួត​សិស្ស​ឆ្នើម​​ទូទាំងប្រទេស ក្រសួង​បង្កើត​គម្រោង​ថ្មី ​ឲ្យ​សិស្ស​ប្រកួតប្រជែង​គ្នា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១ លើការ​បង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួតតាមបែបការសិក្សាដោយការបង្កើតគម្រោងលើកដំបូងបំផុត សម្រាប់សិស្សានុសិស្ស​ពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេស។

ព្រឹត្តិការណ៍ “បំណងប្រាថ្នា” មានគោលដៅ៖

១. លើកកម្ពស់ការរៀនរបស់សិស្សដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង។
២. គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូលនៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗនៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង។
៣. លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបានលក្ខណៈពិសេសនៃព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការរួមបញ្ចូលគ្នារវាងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើមេរៀននីមួយៗនៃមុខវិជ្ជាជាមួយការប្រកួតប្រជែងរវាងសិស្សានុសិស្សនៅលើវេទិកាឌីជីថល និងការ ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកព្រឹត្តិការណ៍ “បំណងប្រាថ្នា” ថាជាជម្រើសមួយនៃឧត្តមានុវត្តអប់រំដោយវិធីសាស្រ្តបង្រៀនបែបថ្មី ហើយដែលអាចលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស។ លើសពីនេះទៅទៀត លទ្ធផលនៃការសិក្សានិងការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍នេះ គឺជាមាតិកាឌីជីថលដ៏សម្បូរបែបដែលសិស្សអាចចូលរួមបង្កើត និងចែករំលែក។

សិស្សថ្នាក់ទី៧ ដល់ ទី ១២ នៃគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស អាចចូលរួមនៅក្នុងការប្រកួតនេះ តាមជំហានសំខាន់ៗ ចំនួន ៥ ដូចខាងក្រោម ៖

១. ជំហានទី១. ការចុះឈ្មោះនៅលើវេទិកាឌីជីថល សិស្សត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួន និងត្រូវសម្រេចចិត្តជ្រើសរើសប្រធានបទសម្រាប់ការសរសេរគម្រោង។ ជាគោលការណ៍សិស្សត្រូវជ្រើសរើសប្រធានបទ សម្រាប់ការសរសេរគម្រោង ដោយយកចេញពី “មេរៀន” ណាមួយនៃមុខវិជ្ជាមួយ។ ទោះបីសិស្សអាចប្រើប្រាស់គំនិត ឬ ចំណេះដឹងពីមេរៀនដទៃ ឬ ពីមុខវិជ្ជាដទៃដើម្បីគាំទ្រដល់ការសរសេរគម្រោង របស់ខ្លួនក៏ដោយ ប៉ុន្តែពួកគេត្រូវឈរលើមូលដ្ឋាននៃការជ្រើសរើសមេរៀនតែមួយគត់ចេញពីមុខ វិជ្ជាមួយ នៃសៀវភៅសិក្សាគោលរបស់ក្រសួង។

២. ជំហានទី២. ការប្រកាសរកដៃគូ និងការបង្កើតក្រុម បន្ទាប់ពីសិស្សម្នាក់ៗ បានចុះឈ្មោះ និងមានប្រធានបទរៀងៗខ្លួនហើយ គឺឈានចូលដល់ដំណាក់កាល ដែលសិស្សត្រូវចាប់ដៃគូបង្កើតក្រុម ជាមួយសិស្សដែលមកពីថ្នាក់ ឬ សាលារៀនដទៃ។

៣. ជំហានទី៣. ការរៀបចំបង្កើតគម្រោង ការប្រមូលព័ត៌មាន និងការសរសេររបាយការណ៍៖ នៅពេលដែលក្រុមសិស្សនីមួយៗ ត្រូវបានបង្កើតរួច ដោយមានប្រធានបទរួមគ្នារួចមកពួកគេត្រូវនាំគ្នាត្រិះរិះ ពិចារណាស្វែងរកនូវ “បញ្ហាជាក់លាក់មួយ ដែលកើតមាននៅក្នុងសង្គម ឬ ក្នុងជីវភាពប្រចាំថ្ងៃ ដូចជាវិស័យបរិស្ថាន សង្គម វប្បធម៌ ទឹកស្អាត អនាម័យ សុខភាព អគ្គិសនី អប់រំ ….។

៤. ជំហានទី៤. ការពិគ្រោះយោបល់ និងកែលម្អ ក្រុមសិស្សនីមួយៗ អាចធ្វើការដោយឯករាជ្យ ឬដោយមានការចូលរួមជាមួយ “អ្នកពិគ្រោះយោបល់” ដែលជាគរុសិស្ស-និស្សិត ឬ និស្សិត ដែលមាន ជំនាញ ឬ ចំណាប់អារម្មណ៍លើប្រធានបទដូចគ្នា ជាមួយក្រុមសិស្ស។ ៥. ជំហានទី៥. ការផ្ញើកញ្ចប់របាយការណ៍ រួមមានរូបថត បទបង្ហាញ វីដេអូ និងរបាយការណ៍ នៃគម្រោងមកកាន់គណៈកម្មការព្រឹត្តិការណ៍ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់លទ្ធផល។

សិស្សានុសិស្ស ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានការលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា នូវការបន្ថែមពិន្ទុសម្រាប់លទ្ធផល នៃការសិក្សាប្រចាំឆ្នាំ ប្រសិនបើពិន្ទនៃគម្រោងបានលើសពី ៧០% ឡើងទៅ។ សិស្ស ឬ ក្រុមសិស្សទាំងឡាយណា ដែលស្ថិតនៅលំដាប់ ៥% ចុងក្រោយទូទាំងប្រទេស នៃមុខវិជ្ជានីមួយៗ នៅតាមថ្នាក់នីមួយៗ នឹងត្រូវបញ្ចូលជាចង្កោមសិស្សសក្តានុពលនៃក្រសួង។ គម្រោង ដែលត្រូវបានវាយតម្លៃថាមាន “គុណតម្លៃខ្ពស់ នឹងត្រូវទទួលថវិកាគាំទ្រសម្រាប់អនុវត្ត។ ក្រុមសិស្ស ដែលទទួលចំណាត់ថ្នាក់ លេខ ១ ដល់លេខ ៣ សម្រាប់មុខវិជ្ជា និងកម្រិតថ្នាក់នីមួយៗ នឹងទទួលបានប័ណ្ណសរសើរ និងរង្វាន់មួយចំនួន។

ព័ត៌មានលម្អិត និងសេចក្តីណែនាំពិស្តារ នៃការរៀបចំនិងការប្រព្រឹត្តទៅ នៃព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងនាពេលខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា សូមស្ថាប័នជាតិ និងអន្តរជាតិ វិស័យឯកជន និងសប្បុរសជន ដែលមានចំណាប់អារម្មណ៍គាំទ្រដល់ព្រឹត្តិការណ៍ “បំណងប្រាថ្នា” សូមទាក់ទងមក [email protected]

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម