Connect with us

ព័ត៌មានជាតិ

ខួប​លើក​ទី​១២ នៃ​ការដាក់បញ្ចូល​សារមន្ទីរ​ទួលស្លែង ទៅក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​

បានផុស

នៅ

​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី​១២ នៃ​ការដាក់បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង ទៅក្នុង​បញ្ជី​ស្មារតី​ចងចាំ នៃ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប្រ៊ិ​ដ​ថោ​ន ប្រទេស​បារ​បា​ដូ​ស កាលពី​ថ្ងៃ​៣០ ខែកក្កដា ឆ្នាំ​២០០៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មាន​អាយុ​ជាង​៤០​ឆ្នាំ សារមន្ទីរ​ទួលស្លែង នៅតែ​ជាទី​កន្លែង​ចងចាំ​ពី​ព្រឹត្តិការណ៍​នៃ​ការសួរចម្លើយ និង​ការ​ឃុំឃាំង​អ្នកទោស​ជិត​២​សែន​នាក់ នា​សម័យ​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ នៅក្រោម​ស្មារតី​នៃ​ការចងចាំ​ពិភពលោក​របស់​អង្គការ​យូណេស្កូ បច្ចុប្បន្ន​សារមន្ទីរ​ទួលស្លែង កំពុង​អនុវត្ត​គម្រោង​អភិរក្ស និង​ថតចម្លង​ឯកសារ​ឌីជីថល​ជិត ៥​សែន​ទំព័រ ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​រក្សា​ទុកជា​កេរ្តិ៍តំណាល នៃ​មនុស្សជាតិ​យូ​រអង្វែង​តទៅ​។​

​សូមបញ្ជាក់ថា បណ្ណសារ​សារមន្ទីរ​ទួលស្លែង​បាន​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ខែកុម្ភៈ ឆ្នាំ​២០០៨ ហើយ​បន្ត​ទទួល​ចុះ​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​ថ្នាក់​អន្តរជាតិ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៩​។ ក្រោយពី​ដាក់បញ្ចូល​ឯកសារ​បណ្ណសារ នៃ​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​ស្មារតី នៃ​ការចងចាំ​ពិភពលោក ក្នុង​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​៣០ ខែកក្កដា ឆ្នាំ​២០០៩ ឯកសារ​រាប់លាន ត្រូវបាន​រក្សាទុក​តាម​បច្ចេកវិទ្យា​ថ្មី​ទំនើប ដោយ​មិន​ប៉ះពាល់​នឹង​ខ្លឹមសារ​ដើមឡើយ តាមរយៈ​ការរក្សា​ក្នុង​មីក្រូ​ហ្វីល បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំ​ព្យូ​ទ័​រ និង​បង្ហោះ​ក្នុង​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា សារមន្ទីរ​ទួលស្លែង​កំពុង​អនុវត្ត​គម្រោង​អភិរក្ស​និង​ថតចម្លង​ឯកសារ​ឌីជីថល​ជិត​៥០០,០០០​ទំព័រ​ទៅក្នុង​ប្រព័ន្ធ​កុំ​ព្យូ​ទ័​រ ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) តាមរយៈ​អង្គការ​យូណេស្កូ ហើយ​សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ចម្រុះ ដែលមាន​សមាសភាព​ម​ក​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការ​យូណេស្កូ​ជាតិ ការិយាល័យ​យូណេស្កូ​ភ្នំពេញ និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ (​នាយកដ្ឋាន​សារមន្ទីរ និង​សារមន្ទីរ​ទួលស្លែង​) ដែល​បាន​សហការ​ចូលរួម​រៀបចំ​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​នេះ​ឡើង​។​

​យោងតាម​ឯកសារ​ចងក្រង​ដោយ​លោក ហ៊ុយ វណ្ណៈ បាន​បញ្ជាក់ថា ទួលស្លែង​បច្ចុប្បន្ន​មានឈ្មោះ​ផ្លូវការ “​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​”​។ គុក​ទួលស្លែង ក្នុង​របប ប៉ុល ពត មានឈ្មោះ​សម្ងាត់​ថា “​ស​-២១” គឺជា “​មន្ទីរ​សន្តិបាល​ម​ជ្ឈឹ​ម​” របស់ ប៉ុល ពត​។ ស​-២១ ដំណើរការ​ដំបូង​នៅ PJ ជិត​ផ្សារ​ថ្មី​។ ហើយ​ពេលនោះ ឌុ​ច មិនទាន់​ធ្វើជា​ប្រធាន​គុក​នេះ​ទេ​។ ប្រធាន​គុក ស​-២១ គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ កង​ពិសេស មាន​ប្រធាន​កងពល​ឈ្មោះ ណាត ជា​អ្នក​ព្រែក​អំបិល ខេត្តកណ្តាល​, ឈ្មោះ ហ៊ ជា​អនុប្រធាន មកពី​ខេត្តកណ្តាល​ដែរ​។ ហ៊ ស្លាប់​នៅក្នុង​ឆ្នាំ​១៩៧៩ ពេល​រត់​ចេញពី​ភ្នំពេញ​ទៅ​ព្រំដែន​ថៃ​។ អាស្រ័យ​ដោយ​ចំនួន​អ្នកទោស​កើនឡើង នៅ​អំឡុង​ខែតុលា ឆ្នាំ​១៩៧៥ អង្គការ​សម្រេច​ដូរ​ទីតាំង​គុក ដោយ​ប្រែក្លាយ​សាលារៀន​ទួលស្លែង​ជា​គុក​វិញ ដោយមាន ឌុ​ច ជា​ប្រធាន ហើយ ហ៊ ជា​អនុប្រធាន​ទទួល​ផែន​ចាប់ចង និង ម៉ម ណៃ ហៅ ចាន់ ផ្នែក​រដ្ឋបាល​។ ណាត ត្រូវបាន​ដំឡើង​តួនាទី​ទៅកាន់​សេនាធិការ​កងទ័ព ហើយ​ក្រោយមកទៀត ផ្លាស់​ទៅ​នៅ​ក្រសួងការបរទេស​ជាមួយ អៀង សារី​។ ណាត ក្រោយ​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​សន្និបាត​អង្គការសហប្រជាជាតិ នៅ​ញូវយ៉ក សហរដ្ឋអាមេរិក ក៏​ត្រូវបាន​ចាប់ខ្លួន ក្នុង​ខែធ្នូ ឆ្នាំ​១៩៧៨ បញ្ជូនមក​ទួលស្លែង និង​សម្លាប់ចោល គឺ​១​ខែ​មុន​ការ​ដួល​រំលំ​នៃ​របប ប៉ុល ពត​។ ទួលស្លែង​ជា​កន្លែង​ឃុំឃាំង​អ្នកទោស​។ ផ្ទះ​នៅ​ជុំវិញ​គឺ ប្រើប្រាស់​ជា​កន្លែង​សួរចម្លើយ និង​ការ​ស្នាក់នៅ​របស់​កម្មាភិបាល​។ ជើងឯក ជា​កន្លែង​សម្លាប់​។ មាន​អ្នកទោស​ខ្លះ ទ្រាំ​ការឈឺចាប់​នឹង​ទារុណកម្ម​ដ៏​ព្រៃផ្សៃ​មិនបាន ក៏​លោត​ពីលើ​អគារ​ទួលស្លែង​សម្លាប់ខ្លួន​។ នៅក្បែរៗ​អគារ​ក៏មាន​កប់​មនុស្ស​ស្លាប់​ដែរ​។​

​រចនាសម្ព័ន្ធ​ទទួលខុសត្រូវ​នៅ ស​-២១ គុក​ទួលស្លែង​៖ ឌុ​ច ជា​អ្នកមើលការខុសត្រូវ​ទូទៅ និង​សម្រេច​កិច្ចការ​ផ្ទាល់​នៅទីនេះ​។ ឌុ​ច មាន​ជំនាញ​ខាង​វិភាគ​ចម្លើយ ដែលមាន​ភាព​ប្រទាក់ក្រឡា​គ្នា ហើយ​ស្នើយោបល់​ទៅ​ថ្នាក់លើ ដើម្បី​ស្រាវជ្រាវ​ចាប់​មនុស្ស​បន្ថែម ឬ​សុំ​យោបល់​សម្រេចយក​អ្នកទោស​ទៅ​កម្ទេច​ចោល “​សម្លាប់​”​។ ឌុ​ច សុំ​យោបល់​ទៅ​មនុស្ស​២​នាក់​សំខាន់​គឺ សុន សេន ហៅ “​បង​ខៀវ​” ជា​រដ្ឋមន្ត្រី​សន្តិសុខ​និង​ការពារជាតិ ដែល​ទទួល​ពីលើ​ផ្ទាល់ និង​សុំ​យោបល់​ទៅ ប៉ុល ពត ហៅ “​អង្គការ​, បង​ទី​១, បង​ប៉ុល​, ឬ​បង​៨១”​។​

​នៅលើ​ឯកសារ​ចម្លើយសារភាព ឌុ​ច ច្រើន​ប្រើ​ប៊ិច​ពណ៌​បៃតង ហើយ ប៉ុល ពត ប្រើ​ប៊ិច​ហ្វឺត​ធំ ស្មើ​ប៊ិច​សរសេរ​លើ​ក្តារ​ខៀន ចា​រលើ​ឯកសារ​។ ក្នុង​ឆ្នាំ​១៩៧៧ ប្រហែល​ដោយសារ សុន សេន ត្រូវបានចាត់តាំង​ឲ្យ​ទៅ​សមរភូមិ​នៅ​ព្រំដែន នួន ជា បានទទួល​ជួយ​ពិនិត្យ​ឯកសារ​ចម្លើយសារភាព កម្មាភិបាលជាន់ខ្ពស់​ដែល​ត្រូវបាន​ចាប់​មក ស​-២១​។ ចុងឆ្នាំ​១៩៧៧ ប៉ុល ពត សម្រេច​ឲ្យ​ចាប់​កម្មាភិបាល​ធំៗ​ជាច្រើន​ដោយ​សង្ស័យថា ក្បត់​បដិវត្តន៍​។ យោងតាម​ឯកសារ សូម្បី សុន សេន ជា​រដ្ឋមន្ត្រី​ការពារជាតិ ក៏មាន​តម្រុយ​ត្រូវ​ចាប់ខ្លួន​ដែរ ដោយ​សង្ស័យថា ធ្វើ​ឲ្យ​សមរភូមិ​ជាច្រើន​ចាញ់​។ ដោយសារ​ចាញ់​នៅ​ថ្ងៃ​៧ មករា ១៩៧៩ សុន សេន បាន​បន្ត​រស់​។ រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៩៧ សុន សេន និង​ក្រុមគ្រួសារ​ត្រូវ ប៉ុល ពត បញ្ជា​ឲ្យ​សម្លាប់ចោល​នៅ​អន្លង់វែង ដោយ​សង្ស័យថា​ក្បត់​។​

​ទួលស្លែង ជា​កន្លែង​នរក​លោកីយ៍ ហើយ​ជា​កន្លែង​ឈឺចាប់​ពិត​របស់​កម្ពុជា​។ បណ្ណសារ​សារមន្ទីរ​ទួលស្លែង ត្រូវ​បានដាក់​ក្នុង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៩​។ ក្នុង​របប ប៉ុល ពត មនុស្ស​ស្លាប់​៣​លាន​នាក់ ហើយ​មរតក ប៉ុល ពត បន្ត​ឲ្យ​មាន​សង្គ្រាមស៊ីវិល សង្គម​ខ្ទេចខ្ទាំ ក្មេង​កំព្រា ស្ត្រី​មេម៉ាយ ពិការភាព គ្រាប់មីន ភាព​របួស​ផ្លូវចិត្ត និង​ការឈឺចាប់​…​។ ផ្នែក​មួយ​នៃ​ការសម្លាប់​មនុស្ស​ក្នុង​របប ប៉ុល ពត បានកើត​ចេញពី​កំហុស​នយោបាយ និង​ក៏​ផ្នែក​មួយ​នៃ​មនោគមន៍​វិជ្ជា​ខាងក្នុង គឺ​កំហឹង​វណ្ណៈ ដែល​បង្កើត​ឲ្យ​មានការ​គុំកួន សងសឹក ព្រមទាំង​មនោគមន៍វិជ្ជា​ពី​ខាងក្រៅ នៃ​ភូមិសាស្ត្រ នយោបាយ​ផងដែរ​។ វិចារណញ្ញាណ​របស់ខ្ញុំ ដែល​មិនអាច​ទទួលយកបាន ពេល​ចូលមក​មើល​ទួលស្លែង គឺ​នៅពេល​ឃើញ​រូបថត​កុមារ​តូចៗ ត្រូវបាន​ចាប់​យកមក​សម្លាប់​ជាមួយ​ឪពុកម្តាយ ដែល​គ្នា​មិនដឹង​អ្វី​សោះឡើយ​។​

“៧ មករា​” រំដោះជាតិ​ខេមរា បាន​រស់​ឡើងវិញ គឺមាន​អត្ថន័យ​រំលឹក​យើង​ជាប្រចាំ​ថា កំហុស​របស់ ប៉ុល ពត គឺ​គ្រប់គ្រាន់​សម្រាប់​កម្ពុជា ដែល​ត្រូវ​រួមគ្នា​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង​ជាថ្មី មក​ជំនួស​តម្លៃ “​សន្តិភាព​” ៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម