ព័ត៌មានជាតិ
អតីតសំណង់អាគារសាលាបាលី មានអាយុកាលជិត១ សតវត្សរ៍ មានប្រវត្តិដ៏ជូរចត់
ប្រទេសកម្ពុជា ជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ជាច្រើន និងត្រូវបានទទួលស្គាល់ ដឹងឮស្ទើរគ្រប់ប្រទេសនៅទូទាំងសកលលោក ហើយសម្បត្តិវប្បធម៌មួយចំនួន ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភព លោកផងដែរ។
ជាមួយគ្នានេះ សំណង់អគារចាស់បុរាណមានអាយុកាលរាប់រយឆ្នាំ បន្សល់ទុកនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន សម្រាប់ជាប្រយោជន៍កូនខ្មែរជំនាន់ក្រោយសិក្សា ចងក្រងជាឯកសារប្រើប្រាស់នាថ្ងៃអនាគត។

បើនិយាយអំពីសំណង់អគារបុរាណនៅកម្ពុជា មនុស្សជាច្រើន នឹងគិតនឹកភ្នកទៅដល់ខេត្តបាត់ដំបង ខេត្តកំពត ជាដើម។ ប៉ុន្តែនាក់មួយចំនួន ក៏មិនបានដឹងទេថា នៅលើកោះមួយជាយរាជធានីភ្នំពេញ ក៏មានសំណង់អគារចាស់បុរាណដែលមាន អាយុខ្ទង់រយឆ្នាំ តាំងនៅនោះដែរ។
ធ្វើដំណើរឆ្លងស្ពានជ្រោយចង្វាតាមផ្លូវជាតិលេខ ៦ A ចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រ ពីវត្តភ្នំ យើងទៅដល់កំពង់ចម្លងព្រែកលៀប-កោះដាច់ ហើយឆ្លងស្រឡាងឡើងទៅកោះដាច់ ជិះយានជំនិះបត់ឆ្វេង ប្រមាណ ២ គីឡូម៉ែត្រ នឹងដល់វត្តមួយដែលគេហៅថា វត្តក្បាលកោះ ឬវត្តសាមគ្គីក្បាលកោះ ជាវត្តចំណាស់មួយស្ថិតនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ដើមឡើយ វត្តសាមគ្គីក្បាលកោះ ស្ថិតនៅក្នុងភូមិក្បាលកោះ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល មានចម្ងាយ ១៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។

ជាសំណង់អាគារចាស់ទ្រុឌទ្រោមបែរមុខមករកព្រះវិហារចាស់ ដែលសាងសង់ឡើងក្នុងសម័យអាណានិគមបារាំងមានអាយុកាលជិត ១ សតវត្សរ៍នោះគឺ អតីតអាគារសាលាបាលីវត្តក្បាលកោះ។
អាគារក្នុងវត្តសាមគ្គីក្បាលកោះបានចាប់ផ្ដើមកសាងនៅឆ្នាំ ១៩៣០ ដែលមាអាយុ ៩៤ ឆ្នាំ ប្រវត្តិអាគារនេះ កសារឡើងដោយព្រះចៅអធិការ ឃឹម ឌិន មានពីរព្រះចៅអធិការ មួយទៀត គឺពុទ្ធ នួន កាលនោះ លោកគង់នៅ ២ អង្គ។
លោកតាអាចារ្យប្រចាំវត្តសាមគ្គីក្បាលកោះមានឈ្មោះ សរ ហំ រំឭកថា ដើមឡើយអាគារនេះ គឺជាកុដិព្រះសង្ឃគង់នៅ និងហៅថា សាលាហោត្រ័យសម្រាប់តម្កល់បេតិកភណ្ឌ និងសៀវភៅពីពុទ្ធកាល។

សរ ហំ បញ្ជាក់ថា៖«ដំបូងពីអតីតមកជារោងដោល ហើយក៏ព្រះសង្ឃ បានដឹកនាំពុទ្ធបរិស័ទ្ធក៏សាងព្រះវិហារ និងកុដិនេះឡើងហៅថា សាលាហោត្រ័យសម្រាប់តម្កល់បេតិកភណ្ឌផង និងសៀវភៅព្រះសម្មាសម្ពុទ្ធផង លុះដល់ជំនាន់ប៉ុល ពត មានគ្រាប់កាំភ្លើងបាញ់មកចំកុដិនេះ ខូចខាតអស់ ក្រោយមកទៀតគេយកកុដិនេះ ដាក់ជាមន្ទីរឃោសនាការ»។
លោកតា សរ ហំ រំលឹកបន្តថា ទីតាំងអាគារហោត្រៃមានប្រវត្តិជូរចត់ច្រើន នាជំនាន់ ប៉ុល ពត ជាពិសេសការយកមនុស្សមកសួរចម្លើយ និងសម្លាប់ទាំងចាស់ និងក្មេង។
រំលឹកដូចគ្នា លោកតា ម៉ៅ លីម អាយុ ៧០ ឆ្នាំ ជាប្រធានគណៈកម្មការវត្តសាមគ្គីក្បាលកោះ ប្រាប់ថា សម័យ ប៉ុល ពត គេយកមនុស្សមកសម្លាប់នៅទីនេះ ហើយមានការបំពានលើស្ត្រី។ លោកថា៖ «កន្លែងនេះ មុនសម្លាប់ គឺស្ត្រីគេយកមកបំពានផ្លូវភេទ ក្រោយមកបានវាយកទៅសម្លាប់នៅមុខវត្ត»។
ព្រះតេជព្រះគុណ ហួន ហន គង់ក្នុងវត្តសាមគ្គីក្បាលកោះ ដែលព្រះអង្គក៏ជានិស្សិតស្ថាបត្យកម្ម និងនគររូបនីវិទ្យា នៅសាកលវិទ្យាល័យន័រតុន មានសង្ឃដិការថា ប្រវត្តិអាគារនេះចាប់ផ្ដើមកសាងនៅឆ្នាំ ១៩៣០ ដោយព្រះចៅអធិការឃឹម ឌិន សម្រាប់ដាក់តម្កល់ព្រះត្រៃបិតក និងសម្ភារផ្សេងៗប្រើប្រាស់ក្នុងវត្ត សម្រាប់ព្រះចៅអធិការគង់នៅដែរ។
ព្រះអង្គ ហួន ហន បញ្ជាក់ថា៖ «អាគារនេះ សាងសង់ឡើងតាមរចនាបថបារាំង ដោយសារប្រទេសយើងស្ថិតនៅក្រោមអនានិគមបារាំង អញ្ចឹងសំណង់ស្ថាបត្យកម្មផ្សេងៗ គឺធ្វើឡើងតាមរចនាបថបារាំង និងលាយបញ្ចូលជាមួយរចនាបថខ្មែរខ្លះដែរ។
ព្រះតេជព្រះគុណ ហួន ហន បញ្ជាក់ថា អាគារដែលបន្សល់ទុកពីសម័យបារាំងមក ប្រជាពលរដ្ឋ យុវជនគម្បីសិក្សាស្វែងយល់ពីអាគារមួយនេះ ឱ្យបានច្បាស់លាស់ ហើយកន្លងមកមានសិស្សនិស្សិតនៅសាកលវិទ្យាល័ន័រតុនផ្នែកស្ថាបត្យកម្ម បានចុះទៅសិក្សាពីសំណង់អាគារនេះ ជាហូរហែរមកដែរ។
ព្រះតេជព្រះគុណ ហួន ហន៖«និស្សិត អ្នកសិក្សាបានស្វែងយល់ច្រើន ពីអាគារនេះ អាគារនេះ មានវ័យចំណាស់ប៉ុន្តែវារក្សាទម្រង់ដើម ជាង ៥០ ភាគរយ»។
លោក រុង រះ ជានិស្សិតនិស្សិតឆ្នាំទី ៤ ផ្នែកស្ថាបត្យកម្ម និងនគររូបនីវិទ្យា នៅសាកលវិទ្យាល័យន័រតុន បានទៅសិក្សាអាគារនេះ ដើម្បីសរសេរសារណាបញ្ចប់បរិញ្ញាបត្រ រយៈពេលជាង ២ ខែមកហើយនោះ យល់ឃើញថា អាគារនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលយូរ។
លោក រុង រះ៖ «អាគារនេះ បើគិតពីអាយុកាល គឺស្ថិតនៅសម័យអាណានិគមបារាំង អញ្ចឹងហើយធ្វើឱ្យអ្នកសាងសង់មានគំនិតមួយគឺបញ្ចូលរចនាបថបារាំង-ខ្មែរ ដែលជាគំនិតថ្មីឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌របស់ខ្មែរយើង»។
ទាំងព្រះសង្ឃ លោកតាចារ្យក្នុងវត្ត និងនិស្សិតដែលចុះទៅសិក្សា សុទ្ធតែចង់ឱ្យអាជ្ញាធរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចុះទៅសិក្សាពីសំណង់អាគារនេះ និងអភិរក្សអាគារចាស់ៗ ក្នុងវត្តក្បាលកោះនេះ ឡើងវិញដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយសិក្សា និងសម្រាប់ទាក់ទាញទេសចរណ៍មកទស្សនា។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ឱ្យពិចារណាទៅលើអាយុកាល នៃអាគារ សិក្សាអំពីរចនាបថសាង សង់ និងពិចារណាក្នុងទស្សនសិក្សាប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម។ លោកថា មានអាគារមួយចំនួនបុរាណមែន ប៉ុន្តែវាបង្កើតហានិភ័យដល់ជីវិតមនុស្ស។
លោក សំបូរ ម៉ាណ្ណារ៉ាបន្តថា៖«បើសិនជាយើងគិតថា វាជាចំណែកមួយនៃវប្បធម៌ គេត្រូវថត រៀបចំស្ដង់ដាទុក មុនពេលត្រូវកម្ទេចចោល នោះអ្នកជំនាន់ក្រោយអាចរៀនសូត្របាន ហើយក៏គេមិនគួរទុកឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ចំណុចសំខាន់តើយើងអាចការពារអាគារនោះ ឱ្យនៅលក្ខណៈដើមបានទេ អត់បានទេ យើងចង់អភិរក្សមែន ប៉ុន្តែរបស់ហ្នឹងវាខូច អាចរលំដួល អាហ្នឹងគឺយើងត្រូវឱ្យតម្លៃទៅលើសច្ចៈភាព តថភាព និងលក្ខណៈសម្បត្តិវប្បធម៌ទាំងអស់ហ្នឹង»។
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ មានប្រសាសន៍ថា សំណង់ដែលសំខាន់ៗ មានអាយុកាលយូរ ខ្ទង់រយឆ្នាំ ហើយមិនមែនតែអាគារទេ គឺមានផ្ទាំងគំនូរផងដែរ ដែលក្រសួងចាំបាច់ត្រូវការពារអភិរក្ស ប៉ុន្តែបញ្ហាលំបាករបស់ក្រសួងគឺបញ្ហាប្រឈមផ្នែកថវិកា ហើយជួនកាលបញ្ហាគ្រឹះ និងដំបូលអាគារជាដើម ដែលលោកបញ្ជាក់ថា ការអភិរក្សត្រូវចំណាយថ្លៃខ្ពស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


