Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសេសានជំរុញឱ្យកសិករពន្លឿនការដកស្ទូងស្រូវរដូវវស្សា

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង ដាស់តឿនកសិករឱ្យពន្លឿនការដកស្ទូវស្រូវរដូវវស្សា ដើម្បីឱ្យការប្រមូលផលបានទាន់ពេលវេលា ព្រោះខ្លាចអាកាសធាតុមានប្រែប្រួលនៅចុងរដូវ ធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា ក្នុងការចុះជួយបង្កបង្កើនផលកសិករ នៅចុងខែកក្កដានេះ កសិករខ្លះនៅមានភាពយឺតយ៉ាវក្នុងការធ្វើស្រូវរដូវវស្សា តែខ្លះទៀតក៏បានសាបព្រួស ដកស្ទូងរួចរាល់ហើយដែរ  គិតមកដល់ថ្ងៃទី០១សីហានេះ។

លោកអភិបាលស្រុកបន្តថា នៅឆ្នាំ២០២១នេះ អាជ្ញាធរបានប្រឹងប្រែងដៃម្ខាងចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏មិនភ្លេចការងារកសិកម្មដែរ គឺបានឆ្លៀតពេលចុះមកជួយដកស្ទូងកសិករបន្ថែមទៀត ព្រមទាំងអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋរួសរាន់ មិនអាចរងចាំពេលវេលាបានទេ ទាន់ភ្លៀងកំពុងបង្អោរចុះ។

លោកមានប្រសាសន៍ថា៖ “សូមបងប្អូនប្រជាកសិករ ត្រូវតែប្រញាប់រួសរាន់ភ្ជួររាស់ដកស្ទូងឱ្យបានទាន់រដូវ សូមយកពូជប្រភេទថ្មី ឬពូជណាដែលធន់នឹងអាកាសធាតុ ជាពិសេសប្រភេទពូជដែលមន្ទីរកសិកម្ម ឬក្រសួងកសិកម្មបានផ្សព្វផ្សាយឱ្យយើងប្រើ ជាពិសេសស្រូវស្រាល ដើម្បីឱ្យទទួលផល ធន់និឹងអាកាសធាតុ ហើយមានរយៈពេលខ្លីចំណាយដើមទុនតិច”។

លោកស្រី លីត ចមខាំ កសិករនៅភូមិបានប៊ុងឃុំភ្លុកបានបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាកសិករ បាននាំគ្នាផ្លាស់ប្ដូរទម្លាប់ច្រើន ព្រោះធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកដាំដុះ ពីមន្ត្រីជំនាញកសិកម្មជាញឹកញាប់រួចមកហើយ ពីរបៀបការធ្វើកសិកម្មតាមបែបបច្ចេកទេស។

លោកស្រីអះអាងថា៖ “ឆ្នាំនេះពួកគាត់បានប្រើពូជស្រូវរយៈពេលខ្លី ភាគច្រើនជាស្រូវរំដួល ព្រោះឆាប់បានប្រមូលផល ហើយងាយស្រួលក្នុងការថែទាំផង”។

លោក ឃុត មួន កសិករនៅភូមិ ឃុំភ្លុក បានលើកឡើងថា កសិករធ្វើស្រែចម្ការតែងជួបនូវភាពលំបាក ព្រោះនៅតាមតំបន់នីមួយៗពុំមានប្រភពទឹកគ្រប់គ្រាន់ ហើយប្រឈមទៅនឹងអាកាសធាតុប្រែប្រួលនៅចុងរដូវថែមទៀត។

លោកបន្តថា៖ “បច្ចុប្បន្នកសិករមួយចំនួនបានផ្លាស់ប្ដូរផ្ទៃដីពីការដាំដុះស្រូវមកធ្វើដាំដំណាំចម្ការវិញ ដូចជាដាំពោត សណ្តែក ល្ង ឪឡឹក ត្រសក់ជាដើម ដែលជាមធ្យោបាយមួយស្របតាមការណែនាំរបស់មន្ត្រីជំនាញកសិកម្ម និងតម្រូវទៅតាមផ្ទៃដីផង”។

គួរបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ កសិករនៅខេត្តស្ទឹងត្រែងប្រមាណជាង៧០%​ហើយនៅតាមបណ្តាភូមិ ឃុំ ក្រុង ស្រុកនីមួយៗ បានសាបព្រួស និងដកស្ទូងរួចរាល់ ក្នុងពេលដែលពួកគាត់មានឧបករណ៍ គ្រឿងយន្តប្រើប្រាស់ និងខ្លះទៀតប្រើគោក្របីជាកម្លាំងអូសទាញ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម