Connect with us

ព័ត៌មានជាតិ

ស្ពានអូរបាដើម ទីតាំងប្រវត្តិសាស្ត្រ ជំនួស​ស្ពាន​ឈើ​ទ្រុឌទ្រោម​ ប្រែក្លាយ​ជាស្ពានបេតុង

បានផុស

នៅ

ខេត្តស្ទឹងត្រែង៖ ស្ពានអូរបាដើម ស្ពានចាស់តំបន់ទីតាំងប្រវត្តិសាស្ត្រខ្មែរ ត្រូវបានសាងសង់ជា​ស្ពានបេតុងផ្ដល់​ជូនប្រជាពលរដ្ឋនៅ​ស្រុកសេសាន ដើម្បីបម្រើការធ្វើចរាចរណ៍ឆ្លងកាត់ប្រកបដោយសុវត្ថិភាព។     

លោកសុវណ្ណពិសិដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា ស្ពានអូរបាដើមនេះ មានប្រវែង ៦០ ម៉ែត្រទទឹង ៨ ម៉ែត្រ ជា​សមិទ្ធផលថ្មីមួយទៀតនៅក្នុងស្រុកសេសាន សម្រាប់ឆ្នាំ ២០២១។ ការសាងសង់អាចបញ្ចប់នៅដើមឆ្នាំ ២០២២ តែម្តង។     

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុកបន្តថា ផ្លូវជាង ២០ គីឡូម៉ែត្រនៅតាមបណ្តោយទន្លេសេសានទៅកាន់ទីរួមស្រុកមានស្ពាន​ចំនួន ៨ បច្ចុប្បន្នសាងសង់ជាស្ពានបេតុងបានចំនួន ៤ ហើយក្នុងនោះមានស្ពានអូរកំភុន ស្ពានអូរគូស្ពានអូរខ្សាច់ និងស្ពានអូបាដើម ដែល​កំពុងសាងសង់នេះ។ ស្ពានដែល​នៅសល់ចំនួន ៤ទៀត រាជរដ្ឋាភិបាលនឹងផ្ដល់ជូនជាបន្តបន្ទាប់  ឲ្យសាងសង់ជាស្ពានបេតុងដូចគ្នា  ជាចំណងដៃជូនប្រជាពលរដ្ឋ។     

លោកឃីត ប៊ុនឡត ប្រជាពលរដ្ឋនៅភូមិបាដើមបានសម្ដែងការសាទរចំពោះការទទួលបានសមិទ្ធផលថ្មីនេះ  ដែល​ជួយ​ដោះស្រាយភាពលំបាកជូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការទាក់ទងគ្នាទៅវិញទៅមក។   

លោកបន្តថា ប្រជាពលរដ្ឋនៅតាមបណ្ដោយទន្លេសេសាន តែងតែជួបភាពលំបាកអស់រយៈកាលជាច្រើនឆ្នាំមកហើយ ដោយសារនៅពេលទៅទីរួមខេត្តម្តងៗតែងប្រើទូកតូចៗជាមធ្យោបាយទៅមក ធ្វើចរចរណ៏តាមទឹកទន្លេសេសាន្ត។ ចំណែកបច្ចុប្បន្ននេះមានផ្លូវ មានស្ពានស្រួលធ្វើដំណើរហើយ។   

 លោកស្រី ខាំ អន មេឃុំសាមឃួយ បានទទួលស្គាល់ពី​ការអភិវឌ្ឍផ្លូវស្ពាន ពិតជាបានដំណើរការទៅពីមួយឆ្នាំទៅមួយឆ្នាំ  ជាពិសេសធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកសេសាន កាន់តែមានការប្រែមុខមាត់ថ្មី តាមរយៈសមិទ្ធផលល្អៗ  ដូចជា (ផ្លូវកៅស៊ូ-ស្ពានបេតុង) ដែលបានជួយលើកសោភ័ណភាពនៅមូលដ្ឋានផង ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរីករាយសប្បាយចិត្ត  និងបានបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ។         

នេះជាស្ពានបេតុងទី៤ហើយដែលបានសាសងសង់ឡើងនៅតាមបណ្ដោយផ្លូវជាង២០គីឡូម៉ែត្រ តាមជួរមាត់ទន្លេសេសាន្តនេះ និងនៅសល់ចំនួន ៤ ទៀតជាស្ពានចាស់ ហើយគម្រោងរបស់រាជរដ្ឋាភិបាលនឹង​ផ្ដល់ជូនជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋនៅតំបន់នេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម