ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ទាំងអស់ ពុំមាននរណាឆ្លង Covid-19 នោះទេ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឲ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា មុននេះបន្តិចថា តាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកត្រឹមម៉ោងនេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់ មានលទ្ធផលវិជ្ជមានវីរុស Covid-19 នោះទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទោះដោយផ្ទាល់ ឬដោយប្រយោល បាននឹងកំពុងដាក់ខ្លួនអោយនៅដាច់ដោយឡែក (ចត្តាឡីស័ក) ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងយុត្តិធម៌ កាលពីព្រឹកថ្ងៃដដែលនេះ ក៏បានណែនាំ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ចូលរួមទប់ស្កាត់ កុំឲ្យកូវីដ១៩ រាលដាលក្នុងសហគមន៍ថែមទៀត ក្រោយព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា”។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ដើម្បីចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារកុំឱ្យជំងឺកូវីដ-១៩ មានការរីករាលដាលក្នុងសហគមន៍បន្ថែមថែមទៀត ទី១, ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធទោះដោយផ្ទាល់ ឬដោយប្រយោល សូមធ្វើការងារពីចម្ងាយដោយពុំចាំបាច់ មកកាន់ក្រសួងយុត្តិធម៌ ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កនេះ។ ទន្ទឹមនឹងនេះ ក្រសួងសូមលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីដែលមានការពាក់ព័ន្ធ ទោះដោយផ្ទាល់ ឬដោយប្រយោល អញ្ជើញទៅពិនិត្យ និងដកយកសំណាក ដើម្បីធ្វើតេស្តនៅតាមទីកន្លែងដែលកំណត់ ដោយក្រសួងសុខាភិបាល។
ទី២, ដើម្បីធានានិរន្តភាពការងារ ចំពោះមន្ត្រីដែលមិនមានការពាក់ព័ន្ធ សូមមកបំពេញការងារប្រចាំថ្ងៃជាធម្មតា ដោយប្រកាន់ខ្ជាប់នូវវិធានសុវត្ថិភាព ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺត្រូវពាក់ម៉ាស់, លាងអាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់ និងត្រូវរក្សាគំលាតសុវត្ថិភាព រួមទាំង វិធានអនាម័យ និងសុវត្ថិភាពលើគ្រប់ឯកសារផងដែរ។ បន្ថែមពីនេះ ចំពោះអ្នកដែលមានការពាក់ព័ន្ធ អាចប្រគល់ការទទួលខុសត្រូវជូនអ្នកដែលមិនមានការពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការ ចាំបាច់មួយចំនួនជំនួស។ ករណីនេះ អនុវត្តដូចគ្នាផងដែរចំពោះ អគ្គាធិការដ្ឋានកិច្ចការតុលាការ និងអគ្គលេខាធិការដ្ឋាន។
ទី៣, ក្រុមជំនួយការនៅខុទ្ទកាល័យ និងជំនួយការដែលមិនមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង នឹងនៅបន្តមកបំពេញការងារ ក៏ដូចជាសម្របសម្រួលការងារចាំបាច់ ចំពោះមុខ ក្នុងរយៈពេលធ្វើចត្តាឡីស័ករបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីដែលមានការពាក់ព័ន្ធ។
ទី៤, ក្រសួងនឹងបន្តតាមដានជាប់ជាប្រចាំ នូវការវិវត្តន៍នៃសភាពការណ៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដើម្បីដាក់ចេញនូវវិធានការចំបាច់បន្ទាន់ណាមួយ នាពេលខាងមុខ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអះអាងថា អ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” កើនឡើនដល់១៤នាក់ហើយ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍តាមសារសំឡេងណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឲ្យអ្នកទាំងអស់ ដែលពាក់ព័ន្ធជាមួយនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដែលបន្តធ្វើនៅតាមទីតាំង ដែលបានកំណត់ និងតាមពេលវេលា គឺតេស្តលើកទី១ ធ្វើនៅថ្ងៃទី២៩ និងបន្តធ្វើនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០, តេស្តលើកទី២ ធ្វើនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ និងតេស្តលើកទី៣ ធ្វើនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី