Connect with us

កីឡា

ល្ងាច​នេះ U19 កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ ១៩ ឆ្នាំ ត្រូវ​​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៣ ពាន​រង្វាន់​យុវជន​អាស៊ាន​អាយុ ១៩ ឆ្នាំ ASEAN U19 Boys’ Championship ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វេលា​ម៉ោង ៤ រសៀល ថ្ងៃ​សៅរ៍ ទី​១៣ ខែមិថុនា ឆ្នាំ ២០២៦​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំបាក​សម្រាប់​ក្រុម​យុវជន​កម្ពុជា​ដែល​ត្រូវ​លេង​តទល់​នឹង​​ក្រុម​ម្ចាស់​ផ្ទះ​ដែល​មាន​គុណភាព​ខ្ពស់ និង​សំបូរ​កីឡាករ​វ័យក្មេង​មាន​ទេពកោសល្យ។ នៅ​ក្នុង​ប្រវត្តិ ក្រុម​យុវជន​ឥណ្ឌូណេស៊ី ធ្លាប់​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់​នេះ​ចំនួន ៤ លើក​ ក្នុង​នោះ​ពួក​គេ​បានឈ្នះ​ជើង​ឯក ២ លើក និង​រង​ជើង​ឯក ២ លើក។ ពួក​គេ​ក៏​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ មួយ​លើក និង​ចំណាត់​ថ្នាក់​លេខ ៤ ចំនួន ៣ លើក​ផង​ដែរ។

បើ​និយាយ​ពី​គោព្រៃ​ជំទង​កម្ពុជា​វិញ ទើប​តែ​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០២៦​ នេះ​តែ​ម្តង បន្ទាប់​ពី​ពាន​រង្វាន់​ត្រូវ​បាន​បង្កើត​ឡើង​​តាំង​ពី​ឆ្នាំ ២០០២។

មុន​ឈាន​ដល់​ការ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣ ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី ធ្វើ​បាន​យ៉ាង​ល្អ​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុងពូល​ដោយ​បានឈ្នះ​ទាំង ៣ ប្រកួត​គឺ​​ឈ្នះ មីយ៉ាន់ម៉ា ៣-០, ឈ្នះ​ទីម័រខាង​កើត ៣-០ និង ឈ្នះ វៀតណាម ២-១ ​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ពូល A។ ទោះ​បី​ជា​យ៉ាង​ណា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពួក​គេ​បានចាញ់ អូស្ត្រាលី ដោយ​លទ្ធផល ១-០ ដែល​ធ្វើ​ឲ្យ​ពួក​គេ​អស់ឱកាស​ឡើង​ដណ្តើម​ជើង​ឯក។

ចំណែក ក្រុម​យុវជន​កម្ពុជា ​បាន​ឆ្លង​កាត់ ២ ប្រកួត​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ដោយ​បាន​ ឈ្នះ ហ្វីលីពីន ៣-០ និង​ស្មើ អូស្ត្រាលី ២-២ ហើយ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ២ ក្នុង​ពូល C និង​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​នាម​ជា​ក្រុម​លេខ ២ ល្អ​បំផុត​ក្នុង​ពូល ប៉ុន្តែ​បាន​ចាញ់ សៀម ដោយ​លទ្ធផល ៤-០ នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ ដូច្នេះ​ត្រូវ​​ប្រកួតដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣ ជា​មួយ​ឥណ្ឌូណេស៊ី។

នៅ​ក្នុង​ប្រវត្តិ​ពាន​រង្វាន់​យុវជន​​អាស៊ាន អាយុ​ក្រោម ១៩ ឆ្នាំ​នេះ កម្ពុជា និង ឥណ្ឌូណេស៊ី ធ្លាប់​ជួប​គ្នា​តែ ២ ដង​គត់​គឺ​ឆ្នាំ ២០០៣ កម្ពុជា ចាញ់ ១-០ និង​ឆ្នាំ ២០២៤ កម្ពុជា ចាញ់ ២-០។

ក្រោយ​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង ក្រុម​យុវជន​កម្ពុជា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ជិត ១០០ លាន​រៀល ដូច្នេះ​នេះ​ជា​កម្លាំង​ចិត្ត​​មួយ​សម្រាប់​ពួក​គេ​ក្នុង​ការ​ប្រឹង​ប្រែង។ ស្រប​ពេល​ប្រជា​ជន​កម្ពុជា​ទូទាំង​ប្រទេស​កំពុង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ពួក​គេ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម