Connect with us

អត្ថាធិប្បាយ

ទស្សនៈ «វិធានការ​ទប់ស្កាត់សាច់បង្កកខុសច្បាប់ពីថៃ ​ត្រូវ​ចាប់ផ្តើមពីប្រព័ទ្ធត្រួតពិនិត្យ​រឹង​មាំ​»

បានផុស

នៅ

ការចុះឆែកឆេរឃ្លាំងស្តុកសាច់បង្កកជាច្រើនទីតាំងនៅរាជធានីភ្នំពេញ នា​ប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យសាធារណជនយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបញ្ហាសាច់បង្កកនាំចូលខុសច្បាប់ពីប្រទេសថៃ។ ប្រតិបត្តិការដែលអនុវត្តដោយកម្លាំងមានសមត្ថកិច្ច និងអគ្គនាយកដ្ឋាន ក.ប.ប មិនត្រឹមតែ​បង្ហាញ​ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាពប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​បាន​បង្ហាញថា បញ្ហានេះត្រូវការដំណោះស្រាយជាប្រព័ន្ធ និងមានការចូលរួមពីស្ថាប័នជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង បើតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងអស់ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប និងក្រោមការសម្របសម្រួលផ្លូវច្បាប់ពីតំណាងអយ្យការ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់គ្រប់ប្រភេទពីប្រទេសថៃ សរុបចំនួន ៥១ទីតាំង នៅទូទាំងរាជធានីភ្នំពេញ។ ក្នុងចំណោមទីតាំងទាំងនោះ កម្លាំងចម្រុះបានរកឃើញឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ ដែលមានស្តុកសាច់បង្កក ប្រហិត និងផលិតផលសាច់ចម្រុះជាច្រើនប្រភេទនាំចូលពីប្រទេសថៃ​​។ អាជ្ញាធរបានសម្រេចបិទទីតាំងទាំងនោះជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងចំនួន​៤នាក់មកបន្តនីតិវិធីច្បាប់។

ចំពោះឃ្លាំងសាច់បង្កកនៅខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវ នេះ យោងរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ឱ្យដឹងថា ឃ្លាំងផលិតផលសាច់បង្កកស្តុកទុកនៅទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំនិញ២ប្រភេទដែលមានស្លាកសញ្ញាជាអក្សរថៃ បរិមាណ ២១៥កញ្ចប់ ស្មើនឹង ៤៣០គីឡូក្រាម។ ចំណែកឃ្លាំងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានផលិតផលចំនួន២៥ ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ បរិមាណ ១,២០៩កេស ស្មើនឹង ២១៨តោន។

ប្រតិបត្តិការនេះធ្វើឡើងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលជាប់ទាក់ទងនឹងការនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា។ ថ្លែងក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យរោងចក្រផលិតឯកសណ្ឋានយោធា DSS នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោបានបញ្ជាក់ថា ករណីសាច់បង្កកដែលចេញពីថៃ ហើយធ្លាយចូលមកដល់រាជធានីភ្នំពេញ ត្រូវតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធឱ្យឃើញទាំងអស់ ដោយមិនឱ្យរួចខ្លួនឡើយ សូម្បីតែអ្នកបើកបររថយន្តដឹកជញ្ជូន។

សម្តេចតេជោក៏បានផ្ដាំទៅអភិបាលរាជធានីភ្នំពេញ និងអគ្គស្នងការនគរបាលជាតិ ឱ្យបើកការស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធ ខណៈអ្នកដែលកំពុងប្រកបអាជីវកម្មនាំចូល និងចែកចាយសាច់បង្កកពីប្រទេសថៃ ត្រូវដកខ្លួនចេញពីមុខរបរនេះជាបន្ទាន់។ ជាមួយគ្នានោះ សម្តេចក៏បានបញ្ជាក់ថា នឹងសួរនាំដោយផ្ទាល់ទៅកាន់ថៅកែ ឬឈ្មួញដែលពាក់ព័ន្ធ ដើម្បីស្វែងរកឱ្យដឹងថា តើទំនិញទាំងនោះចូលមកកម្ពុជាតាមរយៈអ្នកណា និងដោយរបៀបណា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសម្តេចតេជោ មិនត្រឹមតែសំដៅលើឈ្មួញនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រកាសថា នឹងចាត់វិធានការចំពោះមន្ត្រីណាក៏ដោយ ដែលឃុបឃិត ឬគប់គិតជាមួយក្រុមឈ្មួញក្នុងការនាំសាច់បង្កកខុសច្បាប់ទាំងនេះចូលមកកម្ពុជា។ នេះបង្ហាញថា បញ្ហានេះត្រូវបានមើលឃើញថា ជាបញ្ហាខ្សែសង្វាក់ទាំងមូល ដែលត្រូវស្វែងរកការទទួលខុសត្រូវ និងដំណោះស្រាយគ្រប់ដំណាក់កាល។

ការពិតទៅ សាច់បង្កកខុសច្បាប់មិនអាចចូលមកដល់ទីផ្សារកម្ពុជា ឬឃ្លាំងស្តុកនៅរាជធានីភ្នំពេញបានដោយសារកត្តាតែមួយឡើយ។ វាជាខ្សែសង្វាក់ទាំងមូល ដែលចាប់ផ្តើមពីការនាំចូល ការដឹកជញ្ជូន ការស្តុកទុក និងការចែកចាយទៅកាន់ទីផ្សារ។ ដូច្នេះ ការទប់ស្កាត់ក៏ត្រូវតែធ្វើឡើងគ្រប់ដំណាក់កាលផងដែរ។

ទីមួយ ការរឹតបន្តឹងការគ្រប់គ្រងនៅតាមច្រកព្រំដែន គឺជាវិធានការចាំបាច់។ ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមានគយ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញផ្សេងៗ គួរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានគ្នា ដើម្បីទប់ស្កាត់ការនាំចូលទំនិញដែលគ្មានប្រភពច្បាស់លាស់ ឬគេចវេះពីនីតិវិធីច្បាប់។

ទីពីរ គួរបង្កើនការយាមល្បាត និងការត្រួតពិនិត្យនៅតាមខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗ។ បទល្មើសជាច្រើនអាចកើតឡើងក្រោយពេលទំនិញឆ្លងផុតព្រំដែន ដូច្នេះការត្រួតពិនិត្យចល័ត និងការស្រាវជ្រាវតាមបណ្តាញដឹកជញ្ជូន គឺជាចំណុចសំខាន់ក្នុងការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញខុសច្បាប់។

ទីបី ត្រូវពង្រឹងការត្រួតពិនិត្យឃ្លាំងស្តុក និងទីតាំងចែកចាយទំនិញនៅក្នុងប្រទេសឱ្យបានទៀងទាត់។ ម្ចាស់អាជីវកម្មគួរតែអាចបង្ហាញឯកសារបញ្ជាក់ប្រភពដើម និងនីតិវិធីនាំចូលស្របច្បាប់បានគ្រប់ពេលវេលា។ ការអនុវត្តបែបនេះនឹងជួយបង្កើនតម្លាភាព និងធ្វើឱ្យអ្នករកស៊ីស្របច្បាប់មានការប្រកួតប្រជែងដោយស្មើភាព។

ទីបួន គួរប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនក្នុងការតាមដានចលនាទំនិញ។ ការភ្ជាប់ទិន្នន័យរវាងស្ថាប័នពាក់ព័ន្ធ ការប្រើប្រព័ន្ធតាមដានការដឹកជញ្ជូន និងការផ្ទៀងផ្ទាត់ឯកសារតាមប្រព័ន្ធឌីជីថល អាចជួយកាត់បន្ថយចន្លោះប្រហោងដែលក្រុមជួញដូរខុសច្បាប់អាចឆ្លៀតប្រើប្រាស់បាន។

ទីប្រាំ គឺការអនុវត្តច្បាប់ឱ្យបានស្មើភាព និងដល់ឫសគល់។ ការបង្ក្រាបគួរតែផ្តោតលើខ្សែសង្វាក់ទាំងមូល ចាប់ពីអ្នកនាំចូល អ្នកដឹកជញ្ជូន អ្នកស្តុកទុក រហូតដល់អ្នកចែកចាយ ហើយបើមានមន្ត្រីណាពាក់ព័ន្ធនឹងការឃុបឃិត ឬបណ្តែតបណ្តោយឱ្យមានបទល្មើស ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា ដើម្បីបង្កើតឱ្យមានវិធានការពិតប្រាកដចំពោះបទល្មើសប្រភេទនេះ។

ជាចុងក្រោយ ការទប់ស្កាត់សាច់បង្កកខុសច្បាប់ មិនមែនជាការងាររបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ។ វាទាមទារឱ្យមានកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋផងដែរ។ មានតែការបង្កើតប្រព័ន្ធត្រួតពិនិត្យដែលរឹងមាំ ចាប់ពីព្រំដែនរហូតដល់ទីផ្សារ ទើបអាចកាត់បន្ថយការនាំចូលសាច់បង្កកខុសច្បាប់ និងធានាសុវត្ថិភាពស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម