ព័ត៌មានជាតិ
ពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងសម្ពោធជាផ្លូវការ ចុងខែវិច្ឆិកា
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមបើតាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍នេះ។

លោកបណ្ឌិត ថោង ខុន បញ្ជាក់ថា យើងរួសរាន់ធ្វើឱ្យទាន់ពេលវេលា និងធ្វើឱ្យមានប្រសិទ្ធភាព ហើយធ្វើឱ្យត្រឹមត្រូវតាមកិត្តិយសនៃមរតកដ៏មហាសាលនេះ។
ពាក់ព័ន្ធទៅនឹងបញ្ហាសម្ពោធនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ឱ្យដឹងថា ការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ” បន្ទាប់ពីសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ ត្រូវបានរៀបចំពិធីប្រគល់-ទទួលលក្ខណៈបច្ចេកទេសរួចរាល់ កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ។ ដូច្នេះពិធីសម្ពោធនេះ តាមគម្រោងនឹងរៀបចំនៅចុងខែវិច្ឆិកាខាងមុខ។
លោកអគ្គលេខាធិការបន្តថា៖ “ដោយមានការណែនាំផ្ទាល់ពីលោកបណ្ឌិត ថោង ខុន ពិធីសម្ពោធនេះ គឺធ្វើយ៉ាងណាឱ្យស័ក្ដិសមទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា និងស័ក្ដិសមជានិមិត្តរូបនៃចំណងមិត្តភាពដែកថែបដ៏យូរអង្វែងរវាង កម្ពុជា-ចិន។ កម្មវិធីនេះ មានទាំងកម្មវិធីសិល្បៈវប្បធម៌ផង មានទាំងកម្មវិធីកីឡាផង ដែលយើងកំពុងស្វែងរកនូវប្រភេទកីឡាណា ដែលអាចប្រកួតជាមិត្ត ភាពកម្ពុជា-ចិនបាន”។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ឥឡូវនេះយើងកំពុងរៀបចំគណៈកម្មការរៀបចំពិធីសម្ពោធនេះ ដែលគ្រោងរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយនឹងធ្វើឱ្យកម្មវិធីនេះ ក្លាយទៅជាព្រឹត្តិការណ៍មួយ ដែលបើកផ្លូវឆ្ពោះទៅរក ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់យើង។

វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ “ខ្សែក្រវាត់ និងផ្លូវ” ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ មរតកតេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន។
សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អគារ ៨៦,០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី។ សមិទ្ធផលស្ដង់ដារអន្ដរជាតិនេះនឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


