Connect with us

កីឡា

ស្អែក កម្ពុជា​ នឹងរៀបចំពិធីរាប់ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម​យ៉ាង​អធិក​អធម

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​នានា កាលពី​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ ២០២៣ ដើម្បី​ត្រៀម​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០ ថ្ងៃ នា​ល្ងាច​ថ្ងៃ​ទី ២៥ ខែ​មករា ស្អែក​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ឲ្យ​បាន​អធិកអធម នៃ​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ដោយ​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ត្រៀម​ពិធី​រាប់​ថយក្រោយ ១០០ថ្ងៃ ឲ្យ​មាន​ភាព​ឱឡារិក​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​គ្រប់​បណ្ដាញ​សារព័ត៌មាន និង​មាន​ការ​ចូលរួម​គាំទ្រ​ពី​ស្រទាប់​មហាជន។ ក្នុង​ពិធី​នេះ ម្ចាស់ផ្ទះ កម្ពុជា ក៏បាន​អញ្ជើញ​នាយ​បេសកកម្ម​ស៊ី​ហ្គេម នៃ​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់ មក​ចូលរួម​ក្នុង​ពិធី​រាប់​ថយក្រោយ ១០០ថ្ងៃនេះ ដើម្បី​ជា​សក្ខីភាព​បញ្ជាក់​អំពី​ការ​ត្រៀម​ខ្លួន​បាន​រួចរាល់​របស់​ម្ចាស់ផ្ទះ​កម្ពុជា ជូន​ជន​រួមជាតិ និង​អន្តរជាតិ។

ចំពោះ​កម្មវិធី​រាប់​ថយក្រោយ ១០០ ថ្ងៃ ដែល​ចាប់ផ្ដើម​ធ្វើ​ពី​ម៉ោង ៤ រសៀល​តទៅ នា​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ ២០២៣ នេះ ត្រូវ​បាន​លោក វ៉ា​ត់ ចំរើន សង្កត់​ធ្ងន់​ថា គ្រប់​ផ្នែក​ទាំងអស់​បាន​ត្រៀមខ្លួន​រួច​រាល់ ទាំង​ផ្នែក​សម្ដែង​សិល្បៈ វប្បធម៌ និង​ក្រុម​កីឡា ប្រមាណ ១០០០ នាក់ ដើម្បី​សម្ដែង​ក្នុង​ពិធី​ដ៏​មាន​សារសំខាន់​នេះ។ ពិធី​នេះ​នឹង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​បណ្ដាញ​ទូរទស្សន៍ បណ្ដាញ​សង្គម ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សមាគម​ទូរទស្សន៍​កម្ពុជា ជាពិសេស​ក្រោម​ការ​ផ្ដល់​ការ​គាំទ្រ​យ៉ាង​ក្លៀវក្លា​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន CAMSOC។

«​ក្រៅពី​នេះ CAMSOC ក៏​មាន​កិច្ចប្រជុំ​នាយ​បេសកកម្ម​ស៊ី​ហ្គេម មកពី​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង ១០ ប្រទេស រួម​ទាំង​កិច្ចប្រជុំ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដោយ​មាន​សមាជិក​ចូលរួម​សរុប​ប្រមាណ ១០០ នាក់​ផ្សេងទៀត ហើយ​អ្នក​ទាំងនេះ ក៏​នឹង​ចូលរួម​ពិធី​រាប់​ថយក្រោយ ១០០ ថ្ងៃ ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ ២០២៣ ដើម្បី​បង្ហាញ​ជូន​អន្តរជាតិ​ថា “​កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​” “Cambodia is Ready”»។ លោក វ៉ា​ត់ ចំរើន បាន​គូស​បញ្ជាក់​បន្ថែម។

ជាមួយ​គ្នា​នេះ លោក​អគ្គលេខាធិការ មាន​ប្រសាសន៍​ទៀត​ថា កម្ពុជា ក៏​នឹង​ត្រៀម​រៀបចំ​ខ្សែ​ទស្សនកិច្ច និង​ការ​ត្រួតពិនិត្យ​ចុងក្រោយ នូវ​កន្លែង​ហូបចុក ស្នាក់នៅ ទីតាំង​ហ្វឹកហាត់ ទីតាំង​ប្រកួត​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន និង​អន្តរជាតិ​ផង​ដែរ។ «ជា​រួម លើ​បញ្ហា​នេះ កម្ពុជា បាន​ត្រៀមខ្លួន ចន្លោះ​ពី ៧០ ទៅ ៨០ ភាគរយ​ហើយ ដោយ​នៅ​សេសសល់​ត្រឹម​ចន្លោះ​ពី ២០ ទៅ ៣០ ភាគរយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ចលនា នៃ​ការ​រៀបចំ​បាន​គត់មត់ និង​ប្រសិទ្ធភាព​ខ្ពស់ សម្រាប់​ការ​ទទួល​បដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និង​ការ​ប្រកួត​ជាដើម។ ចំណែក​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ កំពុង​ខិតខំ​ប្រឹងប្រែង​រៀបចំ​កម្មវិធី​ប្រកួត​រៀងៗ​ខ្លួន ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ​របស់​ខ្លួន ព្រមទាំង​បាន​ចេញ​បទបញ្ជា នៃ​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​បាន​ច្បាស់លាស់​អស់ហើយ​»។

លោក វ៉ា​ត់ ចំរើន បាន​លើក​ឡើង​ទៀត​ថា អ្វី​ដែល​សំខាន់ គឺ កម្ពុជា បាន​បង្ហាញ​កងកម្លាំង​ការពារ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ដើម្បី​ត្រៀម​ផ្ដល់​ភាព​កក់ក្តៅ ថែរក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន និង​ភ្ញៀវ​អន្តរជាតិ​មកពី​គ្រប់ទិសទី ក្នុង​គោលដៅ​ដ៏​ធំ​ចម្បង​ឲ្យ​កម្ពុជា​ទទួល​បាន​កិត្តិយស កិត្យានុភាព និង​រក្សា​ជំហរ​យ៉ាង​រឹងមាំ​ថា ស៊ីហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ របស់​កម្ពុជា មិន​មាន​សារធាតុ​ហាមឃាត់​ក្នុង​កីឡា ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពង់​របស់​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន។

«​យើង​ទាំងអស់​គ្នា បាន​និង​កំពុង​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការ​ត្រៀម​រៀបចំ​គ្រប់​ផែនការ​សកម្មភាព​ទាំងអស់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​កីឡា​ជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា ក្រោយ​រង់ចាំ​អស់​រយៈពេល ៦៤ ឆ្នាំនេះ ទទួល​បាន​ជោគជ័យ​ដ៏​ធំធេង​ជូន​ជាតិ និង​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​អាស៊ាន​ផង​ដែរ​»។ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ ហើយ​ជាមួយគ្នា​នេះ លោក បាន​អំពាវនាវ​ជូន​ដល់​ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សូម​ចូលរួម​គាំទ្រ​ដោយ​សេរី​ឥតគិតថ្លៃ ក្នុង​ពិធី​រាប់​ថយក្រោយ ១០០ ថ្ងៃ នា​ល្ងាច​ថ្ងៃ​ពុធ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ឲ្យ​បាន​ច្រើន​កុះករ៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម