កីឡា
CAMSOC សហការជាមួយក្រុមហ៊ុនឯកជនដាក់គោលដៅស្វែងរកថវិកា ១ លានដុល្លារ សម្រាប់គាំទ្រក្រុមជម្រើសជាតិកម្ពុជា
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (CAMSOC-CAMAPGOC) សហការជាមួយក្រុមហ៊ុន KhmerCare បានប្រកាសបើកដំណើរការកម្មវិធីកៀរគរមូលនិធិមហាជនដ៏ធំ ដើម្បីគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ពិសេសការត្រៀមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នាពេលខាងមុខ។

ការសម្ពោធកម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងនៅអគារវឌ្ឍនៈ ក្រោមវត្តមាន លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ CAMSOC-CAMAPGOC និងលោក Steven Path ស្ថាបនិក និងជានាយកប្រតិបត្តិ KhmerCare ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូជាច្រើនទៀត ដែលបានចូលរួមអបអរសាទរ និងបានចូលរួមបរិច្ចាគគាំទ្រមូលនិធិនេះផងដែរ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះគឺជាដំណាក់កាលចាប់ផ្ដើមមួយ ដើម្បីកៀរគរថវិកា ១ លានដុល្លារ ជួយដល់ “ក្រុមកម្ពុជា ឬ Team Cambodia” ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដែលមានរូបមន្តច្បាស់លាស់ ក្នុងកិច្ចការសប្បុរសធម៌នេះ បន្ថែមពីលើការខិតខំ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រោះកីឡាករ កីឡាការិនី ត្រូវការការលើកទឹកចិត្តបន្ថែម និងរៀងរាល់ពេល ពិសេសការហ្វឹកហាត់ ទាំងសម្ភារៈ និងការថែទាំសុខភាពជាដើម។

លោកបន្តថា «វិស័យឯកជន មិនអាចកាត់ផ្ដាច់ពីការរួមចំណែកជួយជ្រោមជ្រែងក្រុមជម្រើសជាតិយើងបានទេ។ ដូចយើងដឹងហើយ ក្រុមហ៊ុនភាគច្រើន គាត់មានមោទនភាព ក្នុងការជួយដល់ក្រុមកីឡាជម្រើសជាតិកម្ពុជា កំឡុងពេលត្រៀមស៊ីហ្គេមនេះ។ អ៊ីចឹងពេលត្រៀម មុនស៊ីហ្គេម និងពេលស៊ីហ្គេមមកដល់ គឺយើងបានទទួលការឧបត្ថម្ភគាំទ្របណ្ដើរៗហើយ។ នេះគឺជាមោទនភាពមួយ ដែលអាជីវករ និងប្រជាពលរដ្ឋយើង បានរួមគ្នាជួយដល់ក្រុមកីឡាករ កីឡាការិនីកម្ពុជា»។
ចំណែកលោក Steven Path បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកម្មវិធី KhmerCare បានបើកយុទ្ធនាការធំជាងគេ ក្នុងការរៃអង្គាសមូលនិធិសប្បុរសធម៌ ១ លានដុល្លារ សម្រាប់ជួយដល់ក្រុមអត្តពលិកកម្ពុជា ខណៈកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នាពេលដ៏ខ្លីខាងមុខ។ ជាមួយមូលនិធិមហាជននេះ អ្នកណាក៏ដោយ នៅគ្រប់ទីកន្លែង សុទ្ធតែអាចចូលរួមបាន ដើម្បីគាំទ្រក្រុមជម្រើសជាតិកម្ពុជា និងលើកទឹកចិត្តពួកគេ ដើម្បីដណ្ដើមជោគជ័យជូនជាតិ។
ស្ថាបនិក និងជានាយកប្រតិបត្តិ KhmerCare ដដែលនេះបន្តថា «មូលនិធិដែលកៀរគរបានពីកម្មវិធីនេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីផ្ដល់ការគាំទ្រផ្នែកបរិក្ខារ សម្លៀកបំពាក់ ស្បែកជើង និងការហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា និងផ្ដល់ជារង្វាន់លើកទឹកចិត្តជាសាច់ប្រាក់ ដល់កីឡាករ កីឡាការិនីជយលាភីជាដើម»។
ឆ្លៀតឱកាសនោះដែរ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់វិស័យឯកជន សហគ្រាស ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅស្រុក គឺអាចចូលរួមឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា នៅលើផ្លែតហ្វម KhmerCare តាមរយៈ https://khmercare.com៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


