ព័ត៌មានជាតិ
ដុំមាសកម្ពុជា ចម្រាញ់បាននឹងយកទៅបន្សុទ្ធនៅអូស្រ្តាលីផលិតជាមាសទឹកដប់
គិតមកដល់ពេលនេះ ដំណើរការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Mineral (Cambodia) Co.,Ltd. វិវឌ្ឍទៅមុខយ៉ាងរលូន តាមផែនការផលិតកម្មរបស់ក្រុមហ៊ុន ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នជាតិពាក់ព័ន្ធ។ ផលិតផលដុំមាសដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលី ដើម្បីផលិតបានជាមាសទឹក៩៩%(មាសទឹក ៩៩% ជាមាសទឹក១០ ដោយសារជាទូទៅមាសទឹក១០ ភាគច្រើនស្ទើរទឹក ទើបគេនិយាយថា មាសទឹក ៩៩%)។ នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ។

លោក អ៊ឹង ឌីប៉ូឡា បានប្រាប់កម្ពុជាថ្មីថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពចម្រាញ់ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ ៣ តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន ៨ ឆ្នាំ ។ ការធ្វើអាជីវកម្មរ៉ែមាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះ ជនជាតិខ្មែរមានចំនួន ៤២៧ នាក់។ លោកបញ្ជាក់ថា ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារអាមេរិក។

ជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ចខាងលើ ដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសមួយនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតសមត្ថភាពជាតិ និងគំរូឧស្សាហកម្មថ្មីមួយ សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផលិតផលដុំមាសនេះ គឺជាសិមិទ្ធផល និងជាប្រភពចំណូលថ្មីមួយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណូលរដ្ឋ និងជាវិភាគទានដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន និងអនាគត។
អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា ក្រសួងបានផ្តល់អាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈចំនួន២៦ ក្នុងនោះក្រុមហ៊ុនចំនួន ១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។
បើតាមលោក អ៊ឹង ឌីប៉ូឡា គម្រោងសិក្សាស្រាវជ្រាវទាំងនោះ ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃសក្តានុពលធនធានរ៉ែ និងមួយចំនួន ទៀតកំពុងរៀបចំជារបាយការណ៍ សិក្សាសមិទ្ធលទ្ធភាព នៃជម្រកធនធនរ៉ែនៅឡើយ ដូចនេះក្រុមហ៊ុនទាំងនោះ ពុំទាន់អាចវាយតម្លៃថា គម្រោងរបស់ខ្លួន ជាការសិក្សាស្រាវជ្រាវ ផ្តោតតែលើរ៉ែមាស ឬលោហៈផ្សេងទៀតនៅ ឡើយទេ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២២នេះ មានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន ដែលក្នុងនោះ ៣ក្រុមហ៊ុនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំងនៅខេត្តរតនគិរីនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ។
លោក អ៊ឹង ឌីប៉ូឡា បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនទាំងនោះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាលទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក៕ ដោយ៖ ទួន សុផល


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់