ព័ត៌មានជាតិ
ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក
សហជីពធំដែលជាតំណាងកម្មករកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា លើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារអន្តរជាតិរបស់ខ្លួនឱ្យទទួលបានជោគជ័យ ខណៈដែលទីផ្សារផ្សេងៗទៀតសុទ្ធតែជាទីផ្សារធំៗជាងសហរដ្ឋអាមេរិកសម្រាប់ទំនិញកម្ពុជា។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានថ្លែងថា «ពិតណាស់ថា ទំនិញកម្ពុជាបាននាំចូលទៅសហរដ្ឋអាមេរិកច្រើន ប៉ុន្ដែទីផ្សារនៅសហរដ្ឋអាមេរិកមិនមែនជាទីផ្សារធំសម្រាប់ទំនិញកម្ពុជាទាំងស្រុងនោះទេ។ កម្ពុជានឹងធ្វើពិពិធកម្មទីផ្សាររបស់ខ្លួនបន្ថែមទៀត គឺនៅមានទីផ្សារអ៊ឺរ៉ុប ជប៉ុន សាធារណរដ្ឋកូរ៉េ បារាំង អង់គ្លេសជាដើម»។

លោកបន្តថា ទំនិញកម្ពុជាដែលនាំចូលទីផ្សារអាមេរិកមានតែ ៣៨ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះ គឺសុទ្ធតែក្រៅពីអាមេរិកដែលជាទីផ្សារដែលកម្ពុជាកំពុងនាំចេញទៅបាន។ ទំនិញកម្ពុជា បាននាំទៅអាមេរិក អ៊ឺរ៉ុប ជប៉ុន និងអង់គ្លេស រីឯបង់ក្លាដែស និងវៀតណាម បាននាំទៅអ៊ឺរ៉ុបច្រើនជាទៅអាមេរិក ក្នុងន័យនេះ គឺកម្ពុជា គួរតែជំរុញនាំទៅអ៊ឺរ៉ុបឱ្យបានច្រើនជាងអាមេរិកដែរ។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានថ្លែងថា «ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកមកលើកម្ពុជានាពេលនេះ ក៏ជាឱកាសថ្មីមួយទៀតសម្រាប់កម្ពុជាដែរ គឺឱកាសក្នុងការគិតពិចារណាលើការធ្វើពិពិធកម្មទីផ្សារអន្តរជាតិ យើងត្រូវតែស្វែងរកឱកាសទីផ្សារថ្មីផ្សេងៗ ក្រៅពីសហរដ្ឋអាមេរិកឱ្យបានឆាប់បំផុត ដើម្បីចៀសវាងបញ្ហានៅក្នុងវិស័យសេដ្ឋកិច្ចយើង»។

លោកបន្តថា ចំណែកឱកាសមួយទៀត គឺកម្ពុជាគួរតែគិតពិចារណាទៅលើវិស័យឧស្សាហកម្មឱ្យបានច្រើនថែមទៀតដូចជា ការផលិតឧបករណ៍អគ្គិសនី និងសំបកកង់រថយន្ត ខណៈដែលបច្ចុប្បន្ននេះកម្ពុជាកំពុងខ្វះកម្លាំងពលកម្មឱ្យចូលបំពេញការងារនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រតាមបណ្ដាខេត្តមួយចំនួនទៀត។
លោកបន្ថែមថា កម្ពុជាត្រូវតែមានជំហររឹងមាំផ្ទាល់ខ្លួន និងមានមូលដ្ឋានជាក់លាក់ ដោយមិនអាចទោទន់ទៅតាមការនិយាយបកស្រាយពីក្រុមប្រឆាំងណាមួយនោះទេ ដើម្បីធានាបាននូវប្រភពចំណូលរបស់ប្រជាពលរដ្ឋ និងចំណូលពន្ធដាររបស់រដ្ឋផងដែរ។ កម្ពុជាត្រូវតែរក្សាស្ថិរភាព និងភាពចាស់ទុំ ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមមកកម្ពុជា។
បើតាមលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីអត្ថប្រយោជន៍នានាដែលនឹងទទួលបានពីយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនាំចេញអង្ករ និងពិពិធកម្មទីផ្សារឆ្នាំ ២០២៤-២០៣០ នឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ ដើម្បីធ្វើពិពិធកម្មទីផ្សារ និងបង្កើនការនាំចេញតាមរយៈផលិតកម្មផ្អែកលើទីផ្សារ និងប្រព័ន្ធទីផ្សារទូទាំងពិភពលោក។

លោកស្រីបន្តថា យុទ្ធសាស្ត្រនេះ គឺដើរស្របគ្នាទៅនឹងការងារជាអាទិភាពសំខាន់ៗដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយជាតិផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ផងដែរ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


