Connect with us

ព័ត៌មានជាតិ

មន្រ្តីពន្ធដារកោះកុង៖ មានពលរដ្ឋតិចតួចប៉ុណ្ណោះ​ដែលខកខានបង់ពន្ធផ្លូវ

បានផុស

នៅ

កោះកុង៖ មន្រ្តីសាខាពន្ធដារខេត្តកោះកុង បានអះអាងថា មានប្រជាពលរដ្ឋម្ចាស់យានយន្តតិចតួចប៉ុណ្ណោះ ដែលខកខានពុំបានបង់ពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជិត១សប្តាហ៍មកហើយ ដែលមន្រ្តីសាខាពន្ធដារខេត្តកោះកុង សហការជាមួយសមត្ថកិច្ចជំនាញ បាននិងកំពុងចុះប្រតិបត្តិការត្រួតពិនិត្យ និងផាកពិន័យ ចំពោះម្ចាស់យានយន្តណាមិនបានបំពេញកាតព្វកិច្ចបង់ពន្ធផ្លូវត្រង់ចំណុចអូរស្រីស្រណោះ ផ្លូវជាតិលេខ៤៨ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

បើតាមលោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថា ៧ថ្ងៃនេះ មន្រ្តីរបស់លកបានពិនិត្យរកឃើញមានម្ចាស់យានយន្តចំនួន២០គ្រឿងដែលពួកគាត់មិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២១កន្លងទៅ។ ដោយតម្រូវឱ្យបង់ពន្ធ៨.៧០០.០០០រៀល និងពិន័យ ៨.៣៥០.០០០រៀល។

លោកអនុប្រធានសាខាពន្ធដារខេត្ត ពន្យល់ដែរថា កាណ៍ដែលចំនួនអ្នកបង់ពន្ធតិចតួចក៏ដោយសារតែពួកគាត់មានការយល់ដឹងច្រើនពីអ្វីដែលជាកាតព្វកិច្ចប្រចាំឆ្នាំ រីឯអ្នកខកខានមិនបង់ព្រោះរវល់រឿងរកស៊ីប្រកបអាជីវកម្ម ទើបភ្លេចពីពេលវេលាទៅបង់ពន្ធជាដើម។

ឆ្នាំ២០២១កន្លងទៅ សាខាពន្ធដារខេត្តកោះកុង ទទួលចំណូលបានមកពីការបង់ពន្ធលើមធ្យោបាយ និងយានជំនិះគ្រប់ប្រភេទប្រមាណ ៣ពាន់ ៣៥១លានរៀល បើធៀបនឹងឆ្នាំ២០២០ កើន ៩លាន ៦ម៉ឺនរៀលប៉ុណ្ណោះ។ ចំពោះម្ចាស់យានយន្តយឺតយ៉ាវមកបង់ពន្ធតាមពេលវេលាកំណត់ មន្រ្តីពន្ធដារខេត្តពិន័យជាទឹកប្រាក់បាន៧៣លានរៀល។

មន្រ្តីពន្ធដារ អះអាងដែរថា យានយន្តលើកលែង រួមមាន៖ ម៉ូតូ រថយន្តសង្គ្រោះបន្ទាន់ រថយន្តយោធា នគរបាល គ្រឿងយន្តកសិកម្ម រថយន្តស្ថានទូត និងរថយន្តដែលប្រើប្រាស់ដោយអង្គការអន្តរជាតិនានា។

ពី១ឆ្នាំទៅ១ឆ្នាំ អគ្គនាយកដ្ឋានពន្ធដារបានកែទម្រង់រាល់នីតិវិធីដែលស្មុគស្មាញ ជំនួសមកនូវការផ្តល់ភាពងាយស្រួដល់ជូនប្រជាពលរដ្ឋមកទទួលសេវាតាមបែបប្រព័ន្ធបច្ចេកវិទ្យា អត្រាកំណើនយានយន្តកើនឡើងជាលំដាប់ ជាពិសេសប្រជាពលរដ្ឋយល់ដឹងអំពីកាតព្វកិច្ចនឹងបង់ពន្ធរបស់ខ្លួន៕   អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម