Connect with us

ព័ត៌មានអន្ដរជាតិ

​UN៖ អគារជាង ១ម៉ឺនខ្នងនៅលីបង់ត្រូវ​បំផ្លាញ​ ក្នុង​ជម្លោះរវាង​អ៊ីស្រាអែល​​និង​ហេសបូឡា​​

បានផុស

នៅ

ការខូចខាតដោយផ្ទាល់ទៅលើអគារនានានៅភាគខាងត្បូងប្រទេសលីបង់ នៅក្នុងសង្គ្រាមចុងក្រោយបង្អស់រវាង​យោធា​អ៊ីស្រាអែល និងក្រុមហេសបូឡា ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល ១,៣៨ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលស្រាវជ្រាវលីបង់ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ (CNRS) ដែល​មានទំនាក់ទំនងជាមួយរដ្ឋាភិបាលលីបង់ បានបញ្ជាក់ថា «សរុបមក មានអគារចំនួន ១១,០៩៥ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ដែលប៉ះពាល់ដល់លំនៅឋានចំនួន ១៧,៨៩១ យូនីត ខណៈអគារចំនួន ២,២៤២ ខ្នងរងការខូចខាតមួយផ្នែក និងអគារចំនួន ៩,៣១១ ខ្នងទៀតរងការខូចខាតបន្តិចបន្តួច»។

របាយការណ៍នេះបានដកស្រង់ចេញពី ការវាយតម្លៃការខូចខាតកម្រិតអគារយ៉ាងរហ័ស នៅភាគខាងត្បូងប្រទេស ដោយប្រៀបធៀបរូបភាពពីផ្កាយរណបកាលពីចុងខែមេសា (ជិតពីរខែបន្ទាប់ពីសង្គ្រាមចុងក្រោយបានផ្ទុះឡើង) ជាមួយនឹងរូបភាពកាលពីខែតុលា ឆ្នាំ២០២៥ ដែលមានន័យថារបាយការណ៍នេះមិនទាន់រាប់បញ្ចូលការខូចខាតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃជម្លោះនោះទេ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា លទ្ធផលបង្ហាញថា ការខូចខាតផ្ទាល់លើអគារនៅភាគខាងត្បូងលីបង់ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៣៨ ពាន់លានដុល្លារឯណោះ។

សូមបញ្ជាក់ថា ក្រុមហេសបូឡាបានទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា តាមរយៈការបាញ់គ្រាប់រ៉ុកកែតទៅលើអ៊ីស្រាអែល ដើម្បីគាំទ្រអ៊ីរ៉ង់ដែលជាខ្នងបង្អែករបស់ខ្លួន។ អ៊ីស្រាអែលបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ និងការវាយលុកតាមជើងគោក ហើយកងទ័ពរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងទឹកដីព្រំដែនដែលមានជម្រៅប្រហែល ១២ គីឡូម៉ែត្រក្នុងទឹកដីលីបង់ ដោយបានធ្វើសកម្មភាពកម្ទេច និងឈូសឆាយយ៉ាងខ្លាំងក្លា។

យ៉ាងណា ពុំមានភាគីណាមួយគោរពបទឈប់បាញ់កាលពីថ្ងៃទី១៧ ខែមេសា នោះទេ ហើយការប្រយុទ្ធគ្នាទើបតែបានផ្អាកកាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅនេះ បន្ទាប់ពីបានគំរាមកំហែងដល់ការបំផ្លាញកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុនរវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយ។ ប្រជាជនមួយចំនួនបានចាប់ផ្តើមត្រឡប់ទៅភាគខាងត្បូងវិញក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ដើម្បីពិនិត្យមើលផ្ទះសម្បែង និងអាជីវកម្មដែលខូចខាតរបស់ពួកគេ ទោះបីជាកងទ័ពលីបង់បានជម្រុញឲ្យពួកគេពន្យារពេលការត្រឡប់ទៅកាន់ភូមិ និងទីប្រជុំជនតាមព្រំដែនក៏ដោយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

សង្គ្រាម​ពាក្យសម្តី​​រវាង​​អ៊ីរ៉ង់​និង​អាមេរិក ផ្ទុះ​កក្រើក ចំពេល​ដំណើរការ​ចរចា​សន្តិភាព​​​នៅស្វីស​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម