Connect with us

ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នឹងវាយតម្លៃការបោះឆ្នោតនៅកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននាព្រឹកនេះ

បានផុស

នៅ

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នឹងចូលរួមនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីវាយតម្លៃសភាពការណ៍ ក៏ដូចជាបរិយាកាសទូទៅ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលសន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទសារព័ត៌មាននេះ នឹងមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣ ក្រុមរួមមាន៖ ក្រុម CD (អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ), ក្រុម CAPDI/TTank 2022/II0/IPTP និង ក្រុម ICAPP / សហគមន៍ខ្មែរក្រៅប្រទេស។  

បើតាមរបាយការណ៍ពី គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥នេះ មានការចូលរួមសង្កេតការណ៍ ពីបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន ៧២ និងសហគមន៍អន្តរជាតិចំនួន ១៩។ ព្រមទាំងមានភ្ញៀវពិសេសចំនួន ៥ ស្ថាប័នផងដែរ។ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម។ មានប្រជាពលរដ្ឋ ៧៧.៩១ ភាគរយ ស្មើនឹងជាង ៧.១លាននាក់ បានមកចូលរួមបោះឆ្នោតនេះ ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង ៩.២លាននាក់។

សូមបញ្ជាក់ថា  ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ហើយបើតាមលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ លោកបន្តថា ដំណើរការបោះឆ្នោតនេះ បើទោះបីជាមានបញ្ហារំខានខ្លះ ដែលបង្កឡើងដោយអាកាសធាតុការណាក៏ដោយ ក៏ដំណើរការនេះបានប្រព្រឹត្តទៅជាប្រក្រតីតាមការគ្រោងទុក។

ទោះជាយ៉ាងណា លោក ប្រាជ្ញ ចន្ទ  អះអាងថា នៅក្នុងការបោះឆ្នោតនេះ មានទីតាំងការិយាល័យចំនួនជាង ៣០ ត្រូវបានផ្លាស់ប្តូរ។ ក្នុងនោះបញ្ហាសំខាន់ គឺបាក់ស្រុតចូល​ទៅក្នុងទន្លេ។

ទន្ទឹមនឹងការប្រកាស អំពីដំណើរការរលូននៃការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានអះអាងអំពីផែនការអុកឡុកការបោះឆ្នោតផងដែរ។ ប៉ុន្តែដើម្បីទប់ស្កាត់ផែនការនេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍នៃការបោះឆ្នោត និង គ.ជ.ប បានដាក់ចេញនូវសេចក្តីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់​ព្រឹត្តិការណ៍ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ ឲ្យដំណើរការទៅដោយរលូនល្អ និងប្រកប ដោយសន្តិសុខ និងសុវត្ថិភាព។ លោកថា ដំណើរការបោះឆ្នោតនេះ មានបណ្ដឹងចំនួន ២ តែមិនទាន់ចេញជាផ្លូវការ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម