ឯកឧត្តមរដ្ឋមន្រ្តីហង់ ជួនណារ៉ុន អាចប្រើប្រាស់បាន ៣ ភាសា អំឡុងពេលសិក្សាជំនាញទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិនៅសហព័ន្ធរុស្សី (អតីតសហភាពសូវៀត)។
លោកប្រាប់សារព័ត៌មានមួយថា ក្នុងអំឡុងឆ្នាំ ១៩៨២ ពេលលោកបានអាហារូបករណ៍បន្តសិក្សានៅប្រទេសអ៊ុយក្រែនអតីតរដ្ឋរបស់សហភាពសូវៀត តម្រូវឲ្យប្រើប្រាស់ជាភាសារុស្សី។ ការរៀនភាសារុស្សីពេលនោះ គ្មានវចនានុក្រមជាជំនួយទេ។ ក្រៅពីប្រឹងរៀនជំនាញសេដ្ឋកិច្ច លោកក៏ត្រូវត្រូវស្វ័យសិក្សាភាសារុស្សីបន្ថែមទៀត។
លោកឲ្យដឹងថា ឆ្នាំទី ១ ពិតជាលំបាក តែលោកប្រឹងជម្នះឲ្យបានរៀនទាំងយប់ ទាំងថ្ងៃ មិនសូវមានពេលសម្រាកទេ ព្រោះបំណងចង់បានសញ្ញាប័ត្រ។ ចូលនៅឆ្នាំទី ៣ លោកត្រូវប្តូរមករៀននៅក្រុងម៉ូស្គូវិញ ដោយបន្ថែមភាសាបារាំង និងអង់គ្លេសធ្វើឲ្យលោកមានការលំបាកមួយកម្រិតទៀតផ្នែកភាសា។
បើតាមលោករដ្ឋមន្រ្តី ពេលសិក្សានៅប្រទេសរុស្ស៊ី លោកបានឆ្លៀតពេលធ្វើការឲ្យស្ថានទូតកម្ពុជាដើម្បីយកប្រាក់ខែផង និងដុសខាត់ចំណេះដឹងផ្នែកភាសារុស្ស៊ី បារាំងនិងអង់គ្លេសផង។ លោកបានធ្វើជាអ្នកបកប្រែឲ្យគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏មានរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង ទាំងសរសេរ និងផ្ទាល់មាត់។
លុះពេលបញ្ចប់ការសិក្សាវិលត្រឡប់មកកម្ពុជាភ្លាម លោកបានចូលបម្រើការនៅស្ថានទូតអូស្ត្រាលី ក្រោយមកក៏ចូលធ្វើការ នៅវិទ្យាស្ថាន CDRI ធ្វើជាអ្នកបកប្រែអង់គ្លេស ហើយក៏ត្រឡប់ទៅស្ថានទូតអូស្ត្រាលីវិញ ធ្វើជាមន្ត្រីស្រាវជ្រាវផ្នែកសេដ្ឋកិច្ច នយោបាយពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ១៩៩៨។
នៅឆ្នាំ១៩៩៩ លោកបានចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងពេលដែលរដ្ឋាភិបាល ត្រូវការអ្នកចេះសរសេរនិងនិយាយភាសាអង់គ្លេសស្ទាត់ជំនាញ។
លោកបញ្ជាក់ថា លោកជាអ្នកសរសេរសុន្ទរកថា ជាភាសាអង់គ្លេស ជូនសម្តេចនាយក។
ក្រុមអ្នកសរសេរសុន្ទរកថា ជាក្រុមមួយ ក្នុងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានការងារត្រូវទទួលបន្ទុកសរសេរសុន្ទរកថា ទាំងភាសាខ្មែរ និងបរទេស ជូនសម្តេចនាយករដ្ឋមន្ត្រី។ រាល់សុន្ទរកថា របស់នាយករដ្ឋមន្ត្រី គ្រប់វិស័យ គឺចេញមកពីក្រុមការងាររបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានលោក ណារ៉ុន ម្នាក់ដែរ មានតួនាទីជាអ្នកពិនិត្យមើលការសរសេរភាសាអង់គ្លេស ដោយមិនមានបរទេសណាត្រួតពិនិត្យ លើវេយ្យាករណ៍នោះឡើយ។ ក្រៅពីនោះ លោកក៏បានហែហមលោកនាយករដ្ឋមន្ត្រីក្នុងនាមជាអ្នកបកប្រែសុន្ទរកថា ក្នុងកិច្ចប្រជុំនៅក្រៅប្រទេសផងដែរ៕