ព័ត៌មានជាតិ
ក្រសួងអប់រំ និង ស.ស.យ.ក បង្កើតកម្មវិធី“មនសិការពលរដ្ឋល្អ” បណ្ដុះបណ្ដាលយុវជនក្លាយជាពលរដ្ឋល្អក្នុងសង្គម
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បាន រួមគ្នាបង្កើតកម្មវិធី“មនសិការពលរដ្ឋល្អ” បណ្ដុះបណ្ដាលឱ្យយុវជនក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ព្រោះយុវជនជាសសរទ្រូង នៃប្រទេសជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល នៃកម្មវិធី “មនសិការពលរដ្ឋល្អ” កាលពីថ្ងៃទី ៩ មីនា នៅមជ្ឈមណ្ឌលម៉ានី អគារ The Kampus” ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំបណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាសសរទ្រូង នៃប្រទេសជាតិ និងចូលរួមចំណែកជាមួយសង្គមជាតិ ជាពិសេសក្នុងការអនុញ្ញាតឱ្យ ស.ស.យ.ក ចូលរួមចំណែកជាមួយក្រសួងក្នុងការបំពាក់បំប៉នសមត្ថភាពយុវជនតាមរយៈការផ្តល់វគ្គបំប៉នដល់សិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ចូលរួមជាអ្នកសង្កេតការណ៍ គាំទ្រកំណែទម្រង់វិស័យអប់រំ ការបង្កើតជាកម្មវិធីសម្រាប់យុវជននានា ដែលក្នុងនោះមានសិក្ខាសិលា ”មនសិការពលរដ្ឋល្អ” នាពេលនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា «ការបណ្ដុះបណ្ដាលមនសិការពលរដ្ឋល្អ មិនមែនត្រូវធ្វើទាល់តែមានវិបត្តិនោះទេ ប៉ុន្តែត្រូវបណ្ដុះបណ្ដាលជាប្រចាំ ហើយសិក្ខាសាលានេះ នឹងបណ្ដុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់យុវជនកម្ពុជា ដើម្បីក្លាយជាសសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ នាពេលអនាគត»។

ចំណែក ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃស្ថាប័នទាំងពីរ ដែលផ្ដួចផ្ដើមបង្កើតកម្មវិធី “មនសិការពលរដ្ឋល្អ” បំពេញបន្ថែមទៅលើកម្មវិធីសិក្សាផ្លូវការរបស់រដ្ឋ ក្នុងគោលបំណងបណ្ដុះបណ្ដាលសមត្ថភាព ឆន្ទៈ ការទទួលខុសត្រូវ និងភាពជាពលរដ្ឋល្អដល់យុវជន ដើម្បីចូលរួមអភិវឌ្ឍន៍ និងរក្សាសុខុដុមនីយកម្មប្រទេសជាតិ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងធ្វើការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តគម្រោងជាក់ស្ដែងនៅក្នុងក្របខណ្ឌសាលារៀន និងសហគមន៍ ក៏ដូចជាទស្សនកិច្ចសិក្សាជូនដល់សិស្សានុសិស្សឱ្យបានយល់ដឹងអំពីប្រវត្តិសាស្ត្រ ការតស៊ូលះបង់របស់វីរជនជំនាន់មុនក្នុងបុព្វហេតុកសាងជាតិមាតុភូមិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ និងត្រងត្រាប់នូវរាល់ខ្លឹមសារពាក់ព័ន្ធ សំដៅធានាឱ្យកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅដោយភាពរលូន គុណភាព និងទទួលបានជោគជ័យ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


