ព័ត៌មានជាតិ
លោក ញឹក ប៊ុនឆៃ គាំទ្រការផ្ញើសាររបស់សម្ដេចតេជោ ទៅកាន់ឧត្តមសេនីយ៍ មីន អោងលាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានផ្ញើលិខិតមួយទៅលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ដោយស្នើឲ្យលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ពិចារណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិតសម្រាប់ក្រុមអ្នកប្រឆាំង ពីព្រោះនឹងបង្ករឲ្យមានការព្រួយបារម្ភ ដល់រដ្ឋជាសមាជិកអាស៊ាន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ញឹក ប៊ុនឆៃ បានលើកឡើងថា ការផ្ញើសាររបស់សម្ដេចតេជោ គឺពិតជាត្រឹមត្រូវ ពីព្រោះបើមានការប្រហារជីវិត នឹងធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរៗ មិនអាចដោះស្រាយបានទេ។ប្រធានគណបក្សខ្មែររួបរួមជាតិលោក ញឹក ប៊ុនឆៃ បានបញ្ជាក់យ៉ាងនេះថា «សាររបស់សម្ដេចតេជោនេះត្រឹមត្រូវហើយ បើកាលណាធ្វើឲ្យមានកែប្រហារជីវិត គឺកាន់តែធ្ងន់ធ្ងរមិនអាចដោះស្រាយបានទេ។ ខ្ញុំជឿថា បញ្ហានៅភូមានេះដែលបាញ់គ្នាប្រយុទ្ធគ្នាសព្វថ្ងៃនេះ មិនអាចបញ្ចប់ដោយការបាញ់គ្នានោះទេ គឺត្រូវតែបញ្ចប់ដោយការចរចាគ្នា និយាយគ្នា កិច្ចព្រមព្រៀងណាមួយទើបអាចបញ្ចប់បាន»។
លោកថា ច្បាប់គឺជាច្បាប់ហើយ តែបើឈានទៅដល់ការកាប់សម្លាប់គ្នា វាកាន់តែធ្វើឲ្យដំណោះស្រាយបញ្ចប់ជម្លោះកាន់តែលំបាក កាន់តែស្មុគស្មាញ កាន់តែតានតឹងតទៅទៀត។ លោកថា ការសម្លាប់នេះ នឹងនាំឲ្យមានការគុំគួន សងសឹកគ្នា ហើយភាគីម្ខាងនឹងត្រូវតស៊ូ រហូតទៅដល់យកភាគីម្ខាងទៀត ទៅប្រហារជីវិតវិញ ដើម្បីឲ្យស្មើភាពគ្នា។
លោក ញឹក ប៊ុនឆៃ បានបន្តថា បញ្ហានៅមីយ៉ាន់ម៉ានេះ អាចត្រឹមតែដាក់គុកគឺបាន តែបើឈានទៅដល់ការប្រហារជីវិតទៀត កំហឹងនឹងពុះកញ្ជ្រោលឡើង។ លោកថា កុំភ្លេចថា ការសម្លាប់មនុស្សម្នាក់ នឹងកើតឡើង ១០នាក់ សម្លាប់ ២ នាក់ នឹងកើត ២០នាក់ ហើយសម្លាប់កាន់តែច្រើន កើតកាន់តែច្រើន ដែលធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ និងកាន់តែធ្ងន់ថតទៅ ដោយសាតែបន្ថែមការឈឺចាប់ ធ្វើឲ្យមនុស្សចងកំហឹងកាន់តែខ្លាំង។
លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា «ខ្ញុំជឿជាក់ថា ប្រសាសន៍សម្ដេចតេជោ ត្រឹមត្រូវហើយ ភូមាត្រូវតែពិចារណាត្រឹមដាក់គុកបានហើយ កុំឈានទៅដល់មានការប្រហារជីវិត។ ពីព្រោះមកដល់ពេលនេះ យើងមិនទាន់ដឹងថា មនុស្សនោះខុស ឬត្រូវយ៉ាងណាទេ មនុស្សម្នាក់នៅពេលឈ្លោះគ្នាហើយ តែងតែលើកយកត្រូវរៀងខ្លួន»។
បើតាមលោក ញឹក ប៊ុនឆៃ កន្លងមកសម្ដេចតេជោ បានប្រឹងប្រែងណាស់លើករណីបញ្ហាភូមានេះ ដើម្បីរកច្រក រកវិធីដោះស្រាយ ហើយបញ្ហាសំខាន់មួយទៀត គឺជំនួយមនុស្សធម៌ ដែលត្រូវយកទៅជួយប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការ ពីព្រោះជនរងគ្រោះ ជនភាសិកនេះ វេទនាណាស់ ត្រូវការជំនួយជាខ្លាំង រាប់ចាប់តាំងពីស្បៀងអាហារ និងថ្នាំពេទ្យជាដើម។
លោកថា ករណីនេះ ក៏ធ្លាប់បានកើតឡើងនៅកម្ពុជារួចហើយ អ្នកណាស្លាប់ក៏ជាខ្មែរដែរ ហើយទីបំផុតកម្ពុជាយើង បានបញ្ចប់ដោយកិច្ចព្រមព្រៀង យោគយល់គ្នាទៅវិញទៅមក មិនបានបញ្ចប់ដោយចុងកាណុងទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតមួយទៅលោកឧត្តមសេនីយ៍ មីន អោងលាំង (General Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយស្នើឲ្យពិចារណាឡើងវិញ នូវផែនការផ្តន្ទាទោសប្រហារជីវិត សម្រាប់ក្រុមអ្នកប្រឆាំង ដោយអះអាងថា បញ្ហានេះ នឹងបង្កឲ្យមានការព្រួយបារម្ភ ដល់រដ្ឋជាសមាជិកអាស៊ាន។ ចំពោះផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឲ្យមានប្រតិកម្មអវិជ្ជមាន រីករាលដាលពេញសហគមន៍អន្តរជាតិ ហើយក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ