ព័ត៌មានជាតិ
សង្គមស៊ីវិល លើកឡើងវិធានការ ២ចំណុច ដើម្បីជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍
មន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានលើកឡើងនូវវិធានការចំនួន ២ចំណុចសំខាន់ៗ ដើម្បីជួយកាត់បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍ និងកុំឲ្យមានអ្នកស្លាប់ច្រើន។ ការលើកឡើងនេះ គ្រាដែលស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ និងមានអ្នកស្លាប់ជាបន្តបន្ទាប់។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែមិថុនានេះថា ដើម្បីជួយកាត់បន្ថយនូវករណីគ្រោះថ្នាក់ចរាចរណ៍ និងកុំឲ្យមានអ្នកស្លាប់ច្រើននោះ គឺក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការ ២ចំណុចសំខាន់ៗ។ ទីមួយ. វិធានការឆ្លើយតបបញ្ហាប្រឈមភ្លាមៗ, ទីពីរ. វិធានការសម្រាប់រយៈពេលយូរអង្វែង។ សម្រាប់វិធានការយូរអង្វែង គឺក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល គួរពិនិត្យលទ្ធភាពក្នុងការបន្ត និងបង្កើនការផ្សព្វផ្សាយ អប់រំ ព្រមទាំងបញ្ជ្រាបអំពីច្បាប់ចរាចរណ៍ទៅក្នុងកម្មវិធីសិក្សា ចាប់ពីថ្នាក់មត្តេយ្យសិក្សាមក។

ចំពោះសិស្សថ្នាក់វិទ្យាល័យ គួរតែបង្រៀនពួកគាត់អំពីរបៀបបើកបរម៉ូតូ ច្បាប់ចរាចរណ៍ និងបង្ហាញពួកគាត់អំពីផលវិបាក ក្រោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍។ លើសពីនេះទៀត ត្រូវបណ្ដុះគំនិតរបស់សិស្សានុ-សិស្ស ឲ្យក្លាយជាសិស្សម្នាក់ ជាយុវជនម្នាក់ ជាពលរដ្ឋម្នាក់ ដែលរួមចំណែកក្នុងការកាត់បន្ថយគ្រោះចរាចរណ៍។
ចំណែកឯវិធានការ សម្រាប់ការឆ្លើយតបបញ្ហាប្រឈមភ្លាមៗ ក្រៅតែពីការអប់រំផ្សព្វផ្សាយ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់ជំនួយសង្រ្គោះបឋម ការធ្វើឲ្យសុវត្ថិភាពយានយន្ដ មានភាពល្អប្រសើរហើយនោះ គឺត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ លោក គឹម បញ្ញា បានលើកឡើងថា ការពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មាន ៣កម្រិត។

ទីមួយ. ការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ គឺជារឿងចាំបាច់ ដោយត្រូវអនុវត្តឲ្យបានតឹងរ៉ឹង កាន់តែម៉ឺងម៉ាត់ កាន់តែជាប់លាប់ និងឲ្យបានទូលំទូលាយ ហើយត្រូវអនុវត្តទាំងថ្ងៃ ទាំងយប់។ ទីពីរ. ការអនុវត្តច្បាប់ក្នុងកម្រិតស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ-សហគ្រាសជាដើម គួរតែមានការរៀបចំជាបទបញ្ជាផ្ទៃក្នុង ស្ដីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជាការពាក់មួកសុវត្ថិភាពជាដើម ហើយធ្វើយ៉ាងណាឲ្យក្លាយជាទម្លាប់ល្អរបស់ពួកគាត់ ក្នុងការអនុវត្តច្បាប់។ ទីបី. ការអនុវត្តច្បាប់ ឬវិន័យនៅក្នុងគ្រួសារ ដោយឪពុក-ម្ដាយ ឬអាណាព្យាបាល ត្រូវកំណត់សមាជិកក្នុងគ្រួសារថា ប្រសិនបើជិះម៉ូតូចេញទៅក្រៅ បើគ្មានមួកសុវត្ថិភាពគឺមិនឲ្យចេញជាដាច់ខាត។
ជាមួយគ្នានេះ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី លោក គឹម បញ្ញា បានឲ្យដឹងដែរថា ត្រីមាសទីមួយនាឆ្នាំ ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ក្រោយពីរាជរដ្ឋាភិបាល បានបើកដំណើរការសង្គម-សេដ្ឋកិច្ចគ្រប់វិស័យឡើងវិញ។ លោកប៉ាន់ស្មានថា ករណីគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ ២០២២នេះ អាចនឹងមានការកើនឡើងច្រើន បើប្រៀបធៀបនឹងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដែលកម្ពុជាកំពុងស្ថិតក្នុងការរាតត្បាតជំងឺកូវីដ-១៩។
លោក គឹម បញ្ញា ដដែល បានកត់សម្គាល់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងច្រើនក្នុងត្រីមាសទីមួយនាឆ្នាំ ២០២២នេះ ភាគច្រើនកើតឡើងដោយសារកត្តាមនុស្ស ដែលបើកបរលើសល្បឿនកំណត់, និយាយទូរសព្ទក្នុងពេលបើកបរ, ការទទួលទានគ្រឿងស្រវឹងហើយបើកបរ, ការមិនគោរពសិទ្ធិអាទិភាព, ការជែងក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រៅពីនេះ ក៏មានកត្តាមួយចំនួនទៀត ដូចជា៖ កត្តាផ្លូវថ្នល់, កត្តាយានយន្ដ, និងកត្តាអាកាសធាតុជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ