Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​រសៀល​ថ្ងៃទី​២១ ធ្នូ​ពលរដ្ឋ​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ចំនួន១០២​នាក់

បានផុស

នៅ

​គិត​ត្រឹម​ម៉ោង​៣​រសៀល​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ ភាគី​ថៃ​នៅតែ​បន្ត​បិទ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​គ្រប់​សញ្ជាតិ​ចេញ ឬ​ចូល​ឆ្លងកាត់​នោះ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ​បើតាម​ប្រភពព័ត៌មាន​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​ទើប​ទទួលបាន​នៅ​រសៀល​នេះ​។

ក្នុង​ការ​បិទច្រក​នេះ ភាគី​ថៃ​បាន​លើកលែង​ទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំង​ភាគី​កម្ពុជា និង​ថៃ ត្រឹមត្រូវ និង​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​ថៃ ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​រៀងៗ​ខ្លួន​។ ចំណែក​ពលរដ្ឋ​ខ្មែរ ដែល​វិល​ចូល​ប្រទេស​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ចំនួន​១០២​នាក់ ស្រី​៤១​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​រថយន្ត​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩​ចំនួន​១៣​គ្រឿង បាន​ត្រៀម​ជាស្រេច​នៅ​ទីនោះ ដើម្បី​ដឹកជញ្ជូន​ពលករ ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ​នៅ​សាលា​វិទ្យាល័យ​តេ​ជោ​សែន ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​វិធានការ​របស់​ក្រសួងសុខាភិបាល​។​

សូម​បញ្ជាក់​ថា ដោយ​យោង​តាម​សេចក្តី​ណែនាំ​ជាបន្ទាន់​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ស្តី​ពី​ការ​ការពារ​ការចម្លង​បន្ត​ពី​ការផ្ទុះ​នូវ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន នៃ​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដាក់ចេញ​វិធានការ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​នេះ និង​បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ច្រកទ្វារ​ទាំងអស់ យកចិត្តទុកដាក់ និង​ល្បាត ឃាត់​អ្នកដំណើរ ដែល​ចូល​ពី​ប្រទេស​ថៃ ប្រគល់​ឲ្យ​ផ្នែក​សុខាភិបាល ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។

បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ វិធានការ​ទាំងនោះ​មាន​៣​ចំណុច​សំខាន់ៗ​រួមមាន ​ទី​១- ត្រូវ​បន្ត​រួម​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​មន្ត្រី​ក្រសួងសុខាភិបាល​ធ្វើការ​ត្រួតពិនិត្យ ជាពិសេស​ដំណើរ​ចូល​របស់​ភ្ញៀវ​បរទេស និង​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​មកពី​ប្រទេស​ថៃ ឲ្យ​បាន​ហ្មត់ចត់ ដោយ​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​តាម​ការកំណត់​។

ទី​២- យកចិត្តទុកដាក់​គ្រប់គ្រង និង​ល្បាត​ត្រួតពិនិត្យ​ស្លាប​ឆ្វេង ស្លាប​ស្តាំ ក្នុង​ដែន​សមត្ថកិច្ច​ច្រកទ្វារ​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​ឃាត់​អ្នកដំណើរ​ចូល ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ពី​ប្រទេស​ថៃ ដើម្បី​យកមក​ប្រគល់ឱ្យ​មន្ត្រី​ភ្នាក់ងារ​សុខាភិបាល ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ហ្មត់ចត់​។

ទី​៣- ត្រូវ​យកចិត្តទុកដាក់​ធ្វើការ​ណែនាំ ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដែល​ប្រចាំការ​នៅ​ច្រកទ្វារ​ឲ្យ​យកចិត្តទុកដាក់​រក្សា​គម្លាត​បុគ្គល រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល និង ប្រុងប្រយ័ត្ន​ការឆ្លង​ពី​អ្នកដំណើរ​ដែល​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម