ព័ត៌មានជាតិ
ចិនផ្តល់សម្ភារៈ និងបរិក្ខារ កាត់បន្ថយការបញ្ចេញកាបូន ដែលមានតម្លៃប្រមាណ៣លានដុល្លារ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាពពិធីប្រគល់សម្ភារៈជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃប្រទេសចិនតាមរយៈក្រុមហ៊ុន Spark Co., Ltd ហើយពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។

តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ីនិងបរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជានូវសម្ភារមួយចំនួន រួមមាន អំពូលបំភ្លឺផ្លូវចំនួន២៨០០ដើម សូឡា PV ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០សម្រាប់ សរុបជាទឹកប្រាក់ប្រមាណ៣លានដុល្លាសហរដ្ឋអាមេរិក។

ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ជំនួយជាសម្ភារៈទាំងនេះ គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។
ជាការឆ្លើយតប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិនដែលបានផ្តល់ជំនួយសម្ភារៈនេះ។ លោករដ្ឋមន្ត្រីបានថ្លែងថា សម្ភារៈបំភ្លឺខាងលើនឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានា ក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានា។

បើតាមលោក សាយ សំអាល់ គោលដៅសំខាន់ គឺធ្វើឱ្យឪពុកម្តាយសិស្សវិលត្រឡប់មកសាលារៀនដើម្បីហាត់កីឡា និងមានឱកាសអាចជជែកពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ។ លោកបន្តថាម៉ូតូអាគុយ និងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ តម្រូវបានយកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍ និងតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ ២០២០ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិនចំនួន៨ គ្រប់ដណ្តប់លើ១. កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជ-ចិន ២. ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ៣. ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ៤. កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ៥. ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការ កម្ពុជា-ចិន ៦. ការរៀបចំតំបន់បញ្ចេញកាបូនតិច និង៧. ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិជាដើម៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


