ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ អង្គការ HALO Trust ទទួលយកការបោសសម្អាតមីននៅខេត្តសៀមរាប និងប្រកាសជាខេត្តអស់មីន
ភ្នំពេញ ៖ តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អង្គការ HALO Trust បានព្រមទទួលយកការបោសសម្អាតមីនបញ្ចប់នៅខេត្តសៀមរាប និងប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីនៅសល់សរុបចំនួន ៥៧.៨៩១.៤២១ ម៉ែត្រក្រឡា (៥៧,៨៩ គីឡូម៉ែត្រក្រឡា ស្មើនឹង ៦៥៩ ចម្ការមីន ដោយប្រើប្រាស់ធនធានដែលមានស្រាប់ពីម្ចាស់ជំនួយ។ នេះជាការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ធនធានមានស្រាប់របស់ អង្គការ HALO Trust សម្រាប់ការបោសសម្អាតមីននៅខេត្តសៀមរាប បានមកពីការចូលរួមគាំទ្រពីរដ្ឋាភិបាល និងប្រជាជននៃសហរដ្ឋអាមេរិក ចក្រភពអង់ អាល្លឺម៉ង់ ស្វីស និងអៀរឡង់។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំចលនាកៀរគរធនធានពីវិស័យឯកជន និងសប្បុរសជន សម្រាប់បោសសម្អាតផ្ទៃដីដែលមានមីននៅទូទាំងប្រទេស ដើម្បីអាចបំពេញបាននូវគោលបំណងដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងដើម្បីសម្រួលដល់ការរៀបចំផែនការ បែងចែកតំបន់ប្រតិបត្តិការ និងទំហំថវិកាសម្រាប់បោសសម្អាត។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចចម្ការមីនរបស់អង្គការ HALO Trust នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ លោកទេសរដ្ឋមន្ត្រី បានស្នើសុំទៅលោក Miles Hawthorn ប្រធានអង្គការ HALO Trust ប្រចាំនៅកម្ពុជា ឲ្យពិនិត្យលទ្ធភាពពីការទទួលយកខេត្តសៀមរាប ធ្វើការបោសសម្អាតមីនបញ្ចប់ ក្នុងទំហំផ្ទៃដី ៥៧.៨៩១.៤២១ ម៉ែត្រក្រឡា ស្មើនឹង ៦៥៩ ចម្ការមីន ដើម្បីប្រកាសជាខេត្តអស់មីនតាមពេលវេលាសមស្រប។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ HALO Trust ដែលបានបំពេញការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ដើម្បីផ្តល់ដីសុវត្ថិភាព សង្គ្រោះជីវិតពលរដ្ឋ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ នៅទឹកដីខេត្តសៀមរាប លោកទេសរដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើក៣០ឆ្នាំ នៃការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌របស់ HALO Trust នៅកម្ពុជា។
តាមលិខិតឆ្លើយតបរបស់លោក Miles Hawthorn បានបញ្ជាក់ថា អង្គការ HALO Trust នឹងដាក់ពង្រាយកម្លាំងបោសសម្អាតចាប់ពីខែសីហា នេះតទៅ ដោយគ្រោងនឹងបញ្ចប់ក្រុងសៀមរាប និងស្រុកក្រឡាញ់ នៅក្នុងឆ្នាំ២០២២ នេះ ចំណែកស្រុកផ្សេងទៀត គ្រោងនឹងបញ្ចប់នៅឆ្នាំបន្ទាប់ៗ។
សូមបញ្ជាក់ថា តបតាមការស្នើសុំរបស់អាជ្ញាធរមីន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ អង្គការ HALO Trust បានទទួលយល់ព្រមធ្វើការបោសសម្អាតមីននៅស្រុក/ក្រុងចំនួន ៣ រួមមានក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ក្នុងទំហំផ្ទៃដី ១.០១៣.៥២២ ម៉ែត្រក្រឡា (ជាង ១គីឡូម៉ែត្រក្រឡា) និងកំពុងធ្វើការបោសសម្អាតផងដែរ៕



-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


