ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ចែករំលែកបទពិសោធ២ចំណុច ដល់សិស្សត្រៀមចូលសាកលវិទ្យាល័យ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចែករំលែកបទពិសោធ២ចំណុចនៃការបំពេញការងាររយៈពេល១០ឆ្នាំរបស់ឯកឧត្តម ដល់សិស្សសាលាប៊ែលធីអន្តរជាតិ ថ្នាក់ទី១១ គ្រប់សាខាទាំងអស់ ក្នុងកម្មវិធីបោះជំរំអន្តរជាតិ IYF នៅសាលមហោស្រពកោះពេជ្រ។ ការចែករំលែកនេះ គឺដើម្បីឲ្យសិស្សានុសិស្សគ្រប់រូប ដែលស្ថិតក្នុងកម្រិតវិទ្យាល័យ បានត្រៀមខ្លួនទុកជាមុនសម្រាប់ការរៀនសូត្រ ត្រៀមប្រឡងបាក់ឌុប និងរៀបចំផែនការរបស់ខ្លួន ត្រៀមចូលសាកលវិទ្យាល័យ។

២ចំណុចដែលឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកដល់សិស្សានុសិស្សនោះ គឺទី១ រៀនពីរបៀបធ្វើជាអ្នកដឹកនាំ និងទី២ មានក្តីសុបិន្ត និងក្តីស្រម៉ៃ។ ចំពោះចំណុចទី១ ទាក់ទងជាមួយនឹងពាក្យ ភាពជាអ្នកដឹកនាំ (Leadership) ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ជាពាក្យមួយដែលពិបាក និងមានភាពស្មុគស្មាញ។ ភាពជាអ្នកដឹកនាំ គឺពិបាករៀន ត្រូវរៀនជាប្រចាំថ្ងៃ ហើយត្រូវរៀនពេញមួយជីវិតតែម្តង។ ដើម្បីឲ្យក្លាយជាអ្នកដឹកនាំម្នាក់ គឺត្រូវមានសមត្ថភាពចេញពីចំណេះដឹងនៃការរៀនសូត្រពិតប្រាកដ ដោយផ្អែកលើមូលដ្ឋាន “ការអប់រំ គឺជាកូនសោ (Education is Key)”។

ឯកឧត្តម ក៏បានបន្ថែមថា ការអប់រំ គ្រាន់តែរៀននៅក្នុងថ្នាក់ គឺមិនទាន់គ្រប់គ្រាន់ឡើយ ត្រូវការចំណុចមួយចំនួនថែមទៀត ហើយចំណុចដែលសំខាន់គួរគួបផ្សំឲ្យការអប់រំកាន់តែល្អគឺ មាន៣បន្ថែមទៀត។ ទី១ គឺ ការរៀននៅក្នុងថ្នាក់រៀន រៀនតាមសៀវភៅ រៀនតាមទ្រឹស្តី។ ទី២ គឺ រៀនតាមរយៈការសង្កេតមើលអ្នកដែលមានភាពជោគជ័យក្នុងជីវិតរួចមកហើយ ដើម្បីយកមកអនុវត្តន៍ ឬ រៀបចំផែនការរបស់ខ្លួន និងក្តីស្រម៉ៃប្រកបដោយភាពជោគជ័យ។ ទន្ទឹមនឹងភាពជោគជ័យ ក៏គួរមើលពីភាពបរាជ័យរបស់អ្នកពូកែដូចគ្នា ថាតើបុគ្គលជោគជ័យម្នាក់ៗ មុននឹងពួកគេអាចឈានដល់ចំណុចជោគជ័យបាន ឆ្លងកាត់រឿងអ្វីខ្លះ និងមានការតស៊ូបែបណាខ្លះ។ ទី៣ ឲ្យការងារបង្រៀន ពោលគឺ ការងារនោះត្រូវធ្វើផង ហ្វឹកហាត់យកបទពិសោធផង ដើម្បីឲ្យមនុស្សម្នាក់ៗស្ទាត់ និងចេះធ្វើកិច្ចការទាំងនោះជាក្រោយ ព្រោះមានមនុស្សច្រើនណាស់ ដែលចេញបម្រើការងារខុសនឹងមុខជំនាញដែលខ្លួនបានរៀននៅសកលវិទ្យាល័យ។

បច្ចុប្បន្ន សិស្សានុសិស្សភាគច្រើន ជាពិសេស កំលុងពេលវិបត្តិកូវីដ-១៩ បានបោះបង់ការសិក្សាចោលពាក់កណ្តាលទី ព្រោះពួកគេមិនបានកំណត់ក្តីស្រម៉ៃ និងផែនការជីវិតបានត្រឹមត្រូវនៅឡើយ។ ជាពិសេស ពួកគេនៅមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចមកដល់ ក៏ធ្វើឲ្យសិស្សមួយចំនួនឈប់ខ្វាយខ្វល់នឹងការរៀនសូត្រ បាក់ទឹកចិត្ត មិនហ៊ានសម្រេចចិត្តក្នុងជីវិតខ្លួនឯង អស់សង្ឃឹម ព្រមទាំងឈានដល់ការបោះបង់ការសិក្សាតែម្តង។
ជាមួយនឹងបញ្ហានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានណែនាំចំណុចទី២ នៃបទពិសោធរបស់ឯកឧត្តម ដើម្បីលើកទឹកចិត្តឲ្យសិស្សគ្រប់រូប មានក្តីស្រម៉ៃ និង ក្តីសង្ឃឹមក្នុងជីវិតរបស់ពួកគេ។ ឯកឧត្តម បានណែនាំឲ្យអ្នកសិក្សាគ្រប់រូបបង្កើតក្តីស្រម៉ៃដ៏ធំមួយសម្រាប់ខ្លួនឯង មានមោទនភាព និងមានក្តីសង្ឃឹមចំពោះខ្លួនឯងជានិច្ច។ ទោះបីជាមានរឿងអ្វីកើតឡើង ឬមាននរណាម្នាក់និយាយពីចំណុចមិនល្អរបស់ខ្លួន ក៏អ្នកសិក្សាមិនត្រូវចុះចាញ់ ត្រូវតស៊ូ និងខំបន្តដំណើរជីវិតរបស់ខ្លួនទៅមុខទៀតដោយការជឿជាក់លើខ្លួនឯង គិតផ្លូវវិជ្ជមាន និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវលទ្ធផលដែលខ្លួនបានបង្កើតឡើង។

យ៉ាងណាមិញ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ដាច់ខាតថា អ្នកសិក្សាគ្រប់រូបមិនត្រូវរៀបចំផែនការជីវិតរបស់ខ្លួនដោយផ្អែកលើការស្រមើស្រម៉ៃនោះទេ។ ក្តីស្រម៉ៃ មិនអាចកើតឡើងដោយគ្មានធ្វើអ្វីសោះឡើយ ចូរអ្នកសិក្សាគ្រប់រូប បង្កើតក្តីស្រម៉ៃដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលកំពុងសិក្សាកម្រិតវិទ្យាល័យ ថ្នាក់ទី១១ និងទី១២ គួរខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងបាក់ឌុប។ បន្ទាប់មក អ្នកសិក្សាគួរគិតគូរពីការចូលរៀនក្នុងសាកលវិទ្យាល័យរបស់ខ្លួន ស្វែងយល់ពីខ្លួនឯងឲ្យបានច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសមុខជំនាញ និងសាកលវិទ្យាល័យក្រោយចប់ថ្នាក់ទី១២។ កំលុងពេលរៀននៅសាកលវិទ្យាល័យ និស្សិតគួរចូលរួមការងារស័្មគ្រចិត្ត សិក្ខាសាលាផ្សេងៗក្នុងសង្គមឲ្យបានច្រើន ដើម្បីទទួលបាននូវបទពិសោធល្អៗសម្រាប់ជីវិត៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ