Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ ការប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានី ដើម្បីពង្រឹងបក្សឲ្យបានរឹងមាំ និងមានប្រសិទ្ធភាពការងារ

បានផុស

នៅ

លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ គណបក្ស​ប្រជាជន​កម្ពុជា និងជាប្រធាន​គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ បានលើកឡើងថា ការប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ ធ្វើឡើងដើម្បីពង្រឹងបក្សអោយបានរឹងមាំ និងកាន់តែមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះអោយបាននៅពេលបោះ​ឆ្នោតឆ្នាំ២០២៣ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួ​ង ស្រេង លើកឡើងបែបនេះ កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ និងខណ្ឌ នៅមន្ទីរគណបក្ស​រាជធានីភ្នំពេញ។

ក្នុងពិធីនោះ ត្រូវបានប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញជាច្រើនរូបដោយមន្ត្រីខ្លះត្រូវបានតែងតាំងជាសមាជិក​គណៈកម្មាធិកា​រគណបក្សរាជធានី និងជាសមាជិក​គណៈអចិន្ត្រៃយ៍គណៈកម្មាធិកា​រគណបក្ស​រាជធានីភ្នំពេញ ។ ចំណែកប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌចំនួន៨ ក៏ត្រូវបានផ្ទេរ និងផ្លាស់ប្តូរផងដែរ។

លោក ឃួ​ង ស្រេង បានមានប្រសាសន៍លើកឡើងថា ការប្រកាសសម្រួលភារកិច្ចនិងតែងតាំងមន្ត្រីគណបក្សរាជធានីភ្នំពេញ នៅពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបក្សអោយបានរឹងមាំនិងកាន់តែមានប្រសិទ្ធភាពការងារលើការដឹកនាំ។ លោកស្នើអោយមន្ត្រីរបស់បក្សប្រជាជនទាំងអស់ធ្វើការងារអោយបានល្អ ធ្វើយ៉ាងណាដណ្ដើមជ័យជម្នះអោយបាននៅពេលបោះឆ្នោតនៅឆ្នាំ២០២៣ ។

លោក ឃួង ស្រេង បន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធានបក្ស មន្ត្រីបក្សមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសការចុះត្រួតពិនិត្យល្បែងស៊ីសង កុងស៊ីបញ្ចាំខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានទំនុកចិត្ត និងរស់នៅជាមួយនឹងច្បាប់ ។

លោក ឃួង ស្រេង បានបន្តទៀតថា ឆ្នោតនិងល្បែងស៊ីសងនានា បើកើតនៅក្នុងផ្សារ ប្រធានផ្សារត្រូវប្រឈមនឹងការដកតំណែងហើយ ដោយឆ្នោតនិងល្បែងស៊ីសងទាំងនេះហើយដែលធ្វើអោយប្រជាពលរដ្ឋវិនាស ។ អ្វីដែលត្រូវអនុវត្តចំពោះមុខ គឺមានតែការបង្ក្រាបនិងចាប់មេឆ្នោតនិងមេល្បែងស៊ីសងទាំងនេះទេ។ ដោយឡែក ចំពោះកម្មករ បើពួកគាត់មានបញ្ហា យើងត្រូវចុះនិងដោះស្រាយជូនពួកគាត់ភ្លាម សំខាន់ធ្វើយ៉ាងណាអោយពួកគាត់មានទំនុកចិត្តមកលើយើង ។

លោក ឃួង ស្រេង ក៏បានស្នើអោយប្រធានគណៈកម្មាធិកា​រគណបក្ស​ខណ្ឌទាំង១៤ ត្រូវការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ពោលគឺប្រជាជនមានបញ្ហាប្រឈម ត្រូវដោះស្រាយជូនអោយបានល្អ និងជាអ្នកការពារដោយស្របច្បាប់ជូនពួកគាត់ ។ បន្ថែមពីនេះត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសនៅពេលមានបុណ្យជាតិធំៗ ខណៈដែលពួកគាត់ទៅស្រុកកំណើត ឬទៅដើរលេងកំសាន្ត ដើម្បីយើងមានគុណសម្បត្តិល្អនៅពេលបោះឆ្នោត ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម