Connect with us

ព័ត៌មានជាតិ

មេធាវីបារាំង៖តុលាការបារាំងចាត់ទុកការចោទប្រកាន់របស់លោក សម រង្ស៊ី ជាការបរិហារកេរ្តិ៍សម្តេច ហ៊ុន សែន

បានផុស

នៅ

មេធាវីជនជាតិបារាំង៣រូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានចេញមកបកស្រាយពីសាលក្រមរបស់សាលាដំបូងក្រុងប៉ារីស ដោយបញ្ជាក់ថា ការចោទប្រកាន់របស់លោក សម រង្ស៊ី គឺគ្មានមូលដ្ឋាន។ មិនតែប៉ុណ្ណោះ ក្រុមមេធាវី បានគូសបញ្ជាក់ថា តុលាការបារាំង បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិតរូបនេះថា ជាការបរិហាកេរ្តិ៍ដល់សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមមេធាវីបារាំងចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដែលទើបសម្តេចតេជោ បង្ហាញជាសារធាណៈលើទំព័រហ្វេសប៊ុករបស់សម្តេច បានសរសេរបញ្ជាក់យ៉ាងច្បាស់ថា ការចោទប្រកាន់ថា សម្តេច ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជាឱ្យមានការធ្វើឃាតលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ក្រុមមេធាវីបារាំង បានសរសេរបញ្ជាក់ថា៖ «ចំពោះការពន្យល់ និងឯកសារដែលផ្ដល់ដោយលោក សម រង្ស៉ី សាលាដំបូងយល់ឃើញថា ការពន្យល់ និងឯកសារ ពុំមានធាតុផ្សំជាក់លាក់ណាមួយបង្ហាញគាំទ្រការអះ​អាង​របស់ សម រង្ស៉ី ថា មូលហេតុនៃឧប្បទ្ទវហេតុ គឺដោយសារការបំផ្ទុះគ្រាប់បែក។ ច្បាស់ជាងនេះទៅទៀត សាលាដំបូង បានកត់សម្គាល់ថា អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធម្ភាគចក្រមានប្រព័ន្ធការពាររន្ទះ ដែលជាការសន្មត់នេះចង់សំដៅថា ឧទ្ធម្ភាគចក្រដែលហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ ឬបដិសេធ ការអះអាងរបស់អាជ្ញាធរកម្ពុជាចំពោះឧបទ្ទវហេតុមួយនេះទេ»។

មេធាវីបារាំង បានបញ្ជាក់ទៀតថា៖ «លើសពីនេះទៀត ទោះបីជាជនជាប់ចោទ សម រង្ស៉ី បានលើកឡើង ទាំងនៅក្នុងពេលសវនាការ និងនៅក្នុងពាក្យសម្តីដែលត្រូវបានតុលាការចោទប្រកាន់ថា ខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែ តុលាការកត់សម្គាល់ថា ជនជាប់ចោទ សម រង្ស៉ី មិនបានផ្តល់នូវការបញ្ជាក់ ឬកោសល្យវិច័យណាមួយឱ្យបានច្បាស់នាពេលសវនាការនោះទេ។ ចុងក្រោយ ការផ្ដល់ជូនមកតុលាការនូវរូបថត ដែលមានគុណភាពមិនច្បាស់អំពីបំណែកនៃឧត្ថម្ភាគចក្រ មិនអាចបង្ហាញបានថា ការធ្លាក់បាក់បែកឧត្តម្ភាគចក្រនោះ គឺកើតចេញពីការផ្ទុះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមកសំអាង»។

ការចេញមកបកស្រាយ និងពន្យល់របស់ក្រុមមេធាវីបារាំងនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី កាលពីយប់ថ្ងៃទី១១ ខែតុលា តាមរយៈទំព័រហ្វេសប៊ុក បានអះអាងថា ខ្លួនជាអ្នកឈ្នះក្តីនៅតុលាការបារាំង ទាំងដែលវាមិនមែនជាការពិត។ ទណ្ឌិតរូបនេះ បានយកចំណុចខ្លះនៃសាលក្រមរបស់សាលាដំបូងក្រុងប៉ារីស មកសរសេរបង្ហាញជាសំអាងគាំទ្រដល់ការលើកឡើងខុសពីការពិតរបស់ខ្លួន។

ប៉ុន្តែ ក្រុមមេធាវីបារាំងរបស់សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ចៅក្រមសាលាដំបូងក្រុងប៉ារីស បានចាត់ទុកថា ការនិយាយចោទប្រកាន់របស់លោកសម រង្ស៉ី លើសម្តេចតេជោ ហ៊ុន សែន មានលក្ខណៈខ្សោយខ្លាំងណាស់ដែលមិនអាចយកជាការបាន។ ដូច្នេះហើយ សាលាដំបូងក្រុងប៉ារីស ប្រទេសបារាំង បានវិនិច្ឆ័យយ៉ាងច្បាស់ថា ការចោទប្រកាន់របស់ សម រង្ស៉ី ពុំមានមូលដ្ឋាន និងអំណះអំណាងបញ្ជាក់ច្បាស់លាស់នោះឡើយ។

មិនតែប៉ុណ្ណឹងទេ តុលាការបារាំង ក៏បានចាត់ទុកថា លោក សម រង្ស៉ី មានមូលដ្ឋានអង្គហេតុ «តិចតួចបំផុត» ក្នុងការគាំទ្រការចោទប្រកាន់របស់ខ្លួន។ ត្រង់ចំណុចនេះ តាមច្បាប់មូលដ្ឋានបញ្ជាក់ក្នុងអង្គហេតុត្រូវតែមានគ្រប់គ្រាន់ ក៏ប៉ុន្តែ ជាក់ស្តែងគ្មានមូលដ្ឋានអង្គហេតុទាល់តែសោះ។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ក្រុមមេធាវីបារាំងរបស់សម្តេចតេជោ ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម