ព័ត៌មានជាតិ
លោកស្រីបណ្ឌិត ជា សិរី ៖ ២ទសវត្សរ៍ចុងក្រោយនេះការធ្វើចរាចរណ៍ប្រាក់រៀលបានកើនឡើងគួរឱ្យកត់សម្គាល់
លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ការធ្វើចរាចរណ៍ប្រាក់រៀលបានកើនឡើង១៦% ប្រាក់បញ្ញើជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។

នៅក្នុងការផ្សព្វផ្សាយស្តីពីប្រាក់រៀលជាលើទី៤ នៅក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលា នេះ លោកស្រីបានបន្តថា យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមកក៏បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន
ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។

លោកស្រីបានបន្តទៀតថា ដោយឡែកសម្រាប់ខេត្តកំពង់ចាម បើយោងតាមទិន្នន័យអង្កេត ប្រជាពលរដ្ឋចំនួន ៧៩%
បានប្រើប្រាស់លុយរៀលភាគច្រើន (លើសពី ៨០%) នៅក្នុងចំណាយប្រចាំថ្ងៃរបស់ខ្លួន។ លោកស្រីបានបន្ថែមថា ការផ្សព្វផ្សាយស្តីពីប្រាក់រៀលជាលើទី៤នៅក្នុងខេត្តកំពង់ចាម នេះ ប្រារព្ធឡើងដើម្បីបង្ហាញពីការរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ហើយក្នុងនោះប្រជាពលរដ្ឋ និងអាជីវករអាចយកក្រដាសប្រាក់រៀលដែលមានសភាពចាស់ ទក់ ឬរហែកមកប្តូរក្រដាសប្រាក់រៀលថ្មី ហើយក៏មានការរៀបចំទស្សនាពិព័រណ៍ស្តីពីប្រវត្តិប្រាក់រៀល, ឆ្លើយតបសំណួរល្បងប្រាជ្ញាដើម្បីយករង្វាន់ និងទស្សនាការប្រគុំតន្រ្តីនៅពេលរាត្រីផងដែរ។

លោកស្រីបានរំលឹកថា ប្រាក់រៀលយើងបានឆ្លងកាត់ឧបសគ្គជាច្រើនមុននឹងទទួលបានទំនុកចិត្តដូចសព្វថ្ងៃ។ ឧបសគ្គទាំងនោះរួមមាន ភាពទន់ខ្សោយនៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅកើនឡើងខ្លាំង និងប្រាក់រៀលធ្លាក់ថ្លៃ, ការអូសបន្លាយនៃសង្រ្គាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀលមិនមានភាពទូលំទូលាយនៅតំបន់មួយចំនួនជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀល និងលំហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជនក៏ដូចជាវិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។

យ៉ាងណាក៏ដោយលោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះសន្ទុះនៃការគាំទ្រប្រាក់រៀលមានការកើនឡើងជាបន្តបន្ទាប់ដោយសារប្រជាពលរដ្ឋបានយល់ដឹងពីសារសំខាន់នៃប្រាក់រៀលដែលទាំងនេះដោយសារធនាគារជាតិនៃកម្ពុជាបានបង្កើនការផ្សព្វផ្សាយប្រាក់រៀលនេះដល់ប្រជាពលរដ្ឋយើងឱ្យបានកាន់តែច្បាស់ពីខេត្តមួយទៅខេត្តមួយដើម្បីបន្ត
ការគាំទ្រប្រាក់រៀលកាន់តែផុលផុសថែមទៀត ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


