ព័ត៌មានជាតិ
សេដ្ឋកិច្ចរបស់តំបន់អាស៊ាន+៣ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ក្នុងឆ្នាំ២០២៥នេះ

បណ្តាប្រទេសនៃតំបន់អាស៊ាន+៣ បានប្រឈមនឹងភាពមិនច្បាស់លាស់ខ្ពស់ ដែលជាចម្បងបណ្តាលមកពីភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ទាមទារឱ្យប្រទេសជាសមាជិកត្រូវបង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ការតភ្ជាប់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា (NBC) ។
តំបន់អាស៊ាន+៣ ដែលរួមមានអាស៊ានទាំង១០ (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) អាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានព្យាករថានឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤,៣% នៅឆ្នាំ២០២៥ ទាបជាង ៤,៤% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទ។
ការលើកឡើងរបស់ NBC ស្របពេលដែលលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC បានដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

ក្រោមការដឹកនាំរបស់សហប្រធានប្តូរវេនចិន និងម៉ាឡេស៊ី អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន+៣ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ ដោយមានការចូលរួមពីប្រធានអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អគ្គលេខារងអាស៊ាន និង នាយករងគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផងដែរ។ នេះបើតាម NBC។
NBC ថា៖«អង្គប្រជុំបានឯកភាពលើកកម្ពស់ការអនុវត្តយន្តការពហុភាគី និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ បើកចំហ បរិយាបន្ន តម្លាភាព និងសមភាព»។

លោកស្រីបណ្ឌិត ជា សិរី បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖«ខ្ញុំបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរវៀងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងទេសាភិបាលធនាគារកណ្តាល ASEAN+3 (ចិន កូរ៉េខាងត្បូង ជប៉ុន) នៅ ទីក្រុង មីឡង់ ប្រទេសអ៊ីតាលី។ កិច្ចប្រជុំឆ្នាំនេះមានសារៈសំខាន់ជាងឆ្នាំមុន ដោយថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុ នៃតំបន់នេះត្រូវពិភាក្សា និងពន្លឿន សមាហរណ៍កម្មវិស័យហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្តិភាពវិស័យនះក្នុងស្ថានភាពមួយដែលមានភាពមិនច្បាស់លាស់ខ្លាំង»។
បើយោងតាម NBC រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុ នាពេលកន្លងមក និងបានដាក់ចេញទិសដៅអាទិភាពសំខាន់ៗ ដើម្បីជួយគាំទ្រភាពរឹងមាំនៃសេដ្ឋកិច្ចតំបន់ ជាពិសេសទៅលើ ការបន្តពង្រឹងយន្តការ CMIM ដែលជាបណ្តាញសុវត្ថិភាពហិរញ្ញវត្ថុតំបន់;ការបង្កើនប្រសិទ្ធភាពការងាររបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំបន់អាស៊ាន+៣; ការជំរុញការចេញផ្សាយសញ្ញាបណ្ណជារូបិយប័ណ្ណក្នុងស្រុកសម្រាប់តំបន់; ការពង្រឹងការធានារ៉ាប់រងលើគ្រោះមហន្តរាយធម្មជាតិ តាមរយៈការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានធានារ៉ាប់រង; និង ការដាក់ចេញនូវកម្មវិធីប្រឹក្សាគោលនយោបាយ ដោយភ្ជាប់ជាមួយការផ្តល់ជំនួយបច្ចេកទេស ជាដើម។

ជាមួយគ្នានោះដែរ លោកស្រីបណ្ឌិត ជា សិរីក៏បានជួបពិភាក្សាការងារជាមួយ លោក Kenji Okamura នាយករងគ្រប់គ្រង IMF បានផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចពិភពលោក តំបន់ និងកម្ពុជា។ ដោយលោក Kenji Okamura បានបញ្ជាក់ពីកិច្ចគាំទ្ររបស់ IMF ចំពោះកម្ពុជា និងជម្រាបជូនពីការពង្រឹងតួនាទីរបស់ IMF ក្នុងការជួយប្រទេសជាសមាជិក ដើម្បីពង្រឹងភាពធននៃសេដ្ឋកិច្ច។

លោកស្រីបណ្ឌិតបានលើកឡើងអំពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា ទស្សនវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រកំណើន និងការប្រឈមនឹងភាពមិនច្បាស់លាស់នៃភាពតានតឹងពាណិជ្ជកម្ម៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


