ព័ត៌មានជាតិ
ពលរដ្ឋជុំវិញភ្នំអង្កោលព្រួយបារម្ភ ខ្លាចបាត់បង់ភ្នំធម្មជាតិនៅជិតឆ្នេរសមុទ្រ
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតំបន់ជុំវិញភ្នំអង្កោល បានសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ភ្នំអង្កោលទាំងមូល ខណៈពេលរដ្ឋបាលខេត្តកែបមានគម្រោងឱ្យក្រុមហ៊ុនមួយកាយយកអាចម៍ដីភ្នំអង្កោលនេះទៅចាក់ធ្វើផ្លូវឆ្លងកាត់ចូលព្រៃកោងកាងលិចទឹកស្របព្រែក ក្រោមមូលហេតុធ្វើផ្លូវការពារភ្លើងឆេះព្រៃ។

ប្រជាពលរដ្ឋមួយរូបបានសុំមិនបញ្ជេញឈ្មោះ ដែលរស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបបានបង្ហាញក្តីព្រួយបារម្ភ ខ្លាចទៅថ្ងៃក្រោយភ្នំអង្កោលមួយនេះនឹងបាត់បង់លែងមានរូបរាងបន្តទៀត ដោយសារកាលពីពេលមុនកន្លងទៅ គេបានឃើញមានក្រុមហ៊ុនកាយយកអាចម៌ដីម្តងរួចមកហើយ ធ្វើឲ្យភ្នំអង្កោលនេះនៅដំបៅដីរាប់សិបឆ្នាំ។
ប្រជាពលរដ្ឋជាច្រើនរូបទៀតក៏បានបង្ហាញការមិនពេញចិត្ត ចំពោះគម្រោងដែលក្រុមហ៊ុនចូលមកកាយដីភ្នំអង្កោលខាងលើនេះតែលោកថា បើគេកាយយកអាចម៌ដូចគម្រោងក្នុងប៉ាណូនោះមែន ភ្នំអង្កោលមួយនេះច្បាស់ជារលាយហិនហោចជាមិនខាន ហើយទៅថ្ងៃក្រោយភ្នំមួយនេះអាចនឹងទៅជាមានម្ចាស់កម្មសិទ្ធិឯកជន មកកាន់កាប់ជាមិនខាន ព្រោះករណីស្រដៀងនេះមានច្រើនណាស់ហើយ។
ដោយឡែកនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ លោក អុឹង វុទ្ធី នាយករដ្ឋបាលខេត្តកែបបានប្រាប់ថា អរគុណដែលបានផ្ដល់ដំណឹងឱ្យបានដឹងហើយចាំលោកសួទៅខាងជំនាញសិន។
រឺឯលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែបវិញបាននិយាយថា នេះជាគម្រោងចាស់នោះទេ ហើយការធ្វើនេះដើម្បីការពារអ្នករំលោភយកពីសំណាក់អ្នកកាន់កាប់ដីនៅខាងក្រោម ងាយស្រួលអន្តរាគមន៍ នៅពេលមានករណីភ្លើងឆេះព្រៃកើតឡើង។ ភ្នំអង្កោលនេះនឹងអាចបង្កើតទៅជាកន្លែងអេកូជាតំបន់ទេសចរណ៍ ដូចទៅនឹងឧទ្យានជាតិកែបនាពេលថ្ងៃខាងមុខ។ គម្រោងនេះជាការស្នើសុំឡើងតាមរយៈសហគមន៍ព្រៃឈើអង្កោលតាដែងសែនជ័យ។

ប្រជាពលរដ្ឋដែលមានដីជាប់ជើងភ្នំអង្កោលបានឲ្យដឹងថា បើកាយធ្វើផ្លូវក៏កាយចុះ តែសូមកុំដឹកអាចម៍ដីរបស់គាត់ចេញ។
ប្រជាពលរដ្ឋសំណូមពរថា បើគ្រាន់តែកាយដីភ្នំដើម្បីចាក់ធ្វើផ្លូវចូលឆ្លងកាត់ព្រៃកោងកាងច្របបណ្ដោយព្រែកទេ សូមឱ្យអាជ្ញាធរគួរតែរកភ្នំផ្សេងវិញ ហើយគួរការពារទុកភ្នំអង្កោលមួយនេះឲ្យនៅដើម្បីថែរក្សានូវសោភណ្ឌភាព សម្រាប់អេកូតំបន់ទេសចរណ៍ភ្នំធម្មជាតិស្របមាត់សមុទ្រមួយនេះឲ្យនៅជាសម្បត្តិរដ្ឋដដែលផង។
គួរបញ្ជាក់ផងដែរថា ក្រៅពីឧទ្យានជាតិខេត្តកែប បណ្តាភ្នំមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកែប កំពុងរងការរំលោភបំពាន ដូចជាតំបន់ភ្នំវល្លិ៍ចំណុចខាងលើទីលានកប់សំរាម ភ្នំពោន ភ្នំអង្កោលតូច ឬភ្នំបារាំងជាដើម។
ទោះជាយ៉ាងណាគម្រោងកាយដីភ្នំអង្កោលធ្វើផ្លូវ និងគម្រោងធ្វើផ្លូវចូលដីព្រៃលិចទឹកកោងកាងដែលស្ថិតនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែបមានប្រជាពលរដ្ឋភាគច្រើនបានលើកឡើងថា អត់បានដឹងនោះទេ ហើយមានការនឿយឆ្ងល់ពីគោលបំណងពិតប្រាកដរបស់រដ្ឋបាលខេត្តកែប ហើយកើតជាសំណួរតាមរោងកាហ្វេថា តើគម្រោងនេះគេធ្វើដើម្បីភាពរីកចម្រើនរបស់ពលរដ្ឋមូលដ្ឋាន ឬដើម្បីភាពរីកចម្រើនរបស់ក្រុមអ្នកមានអំណាចឬមួយក្រុមអ្នកធំ និងក្រុមអ្នកមានទាំងនោះ ខណៈដីព្រៃលិចទឹកកោងកាងនៅស្របសងខាងគម្រោងដែលគេរៀបចំធ្វើផ្លូវនេះ កំពុងត្រូវបានគេរុករានកាប់ឆ្ការកាន់កាប់ស្ទើរអស់ទាំងស្រុងទៅហើយ។
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


