Connect with us

ព័ត៌មានជាតិ

១៣ អនុសាសន៍ របស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីដំណើរការសិក្សាឆ្នាំថ្មី ទទួលបានលទ្ធផលល្អ

បានផុស

នៅ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ ដោយផ្ដល់អនុសាសន៍ អនុសាសន៍ចំនួន ១៣ ចំណុច ដើម្បីដំណើរការសិក្សាឆ្នាំថ្មី ទទួលបានលទ្ធផលល្អប្រសើរ ដូចការគ្រោងទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ លើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ចៅៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀនក្នុងឆ្នាំ សិក្សាថ្មីរបស់ក្មួយៗ ចៅៗ ជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតា ជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នា នៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។

ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី១- ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផល នូវទស្សនាទាន “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ” ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប។

ទី២ – ក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ “ការអប់រំតាមបែប ឌីជីថល” ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក។

ទី៣ – ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធ​នៃការដឹកនាំ និង គ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រង​នៅ​កម្រិតសាលារៀន។

ទី៤ – ក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាងធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។

ទី៥ – ក្រសួងអប់រំ យុវជន និងកីឡាត្រូវបន្តការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ទាំងសុខុមាលភាពក្នុង ការបំពេញការងារ ក៏ដូចជាការលើកកម្ពស់គុណ​វុឌ្ឍិ​គ្រូបង្រៀន​នៅគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។

ទី៦ – ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសេវាបង្រៀននិងរៀន ដើម្បីឱ្យសាលារៀនរបស់យើង កា្លយទៅជាសាលាកុមារមេត្រីកម្រិតអភិវឌ្ឍន៍ សាលារៀនជំនាន់ថ្មី និងជាសាលារៀនរបស់ សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

ទី៧ – គ្រប់គ្រឹះស្ថានសិក្សា សូមបន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម “៣កុំ ៣ការពារ” ជាពិសេស ត្រូវមានយន្តការ និងវិធានការឆ្លើយតបភ្លាមៗ ទៅនឹងប្រធានស័ក្ដិនានា។

ទី៨ – គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្តិសមជា ទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។

ទី៩ – លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឳពុកម្តាយទី២ ជាមគ្គុទ្ទេសក៍, ជាអ្នកស្រាវជ្រាវ, ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេក វិទ្យាព័ត៌មាន និងភាសាបរទេស។

ទី១០- ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សគ្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើ អបាយមុខផ្សេងៗ។

ទី១១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួម និងគាំទ្រឱ្យកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ព្រមទាំងបន្តជួយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ អំពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់ទម្រង់។

ទី១២- មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមនាំកូន នាំចៅ មកចុះឈ្មោះចូលរៀន និងបន្តផ្ដល់ការគាំទ្រ ការលើកទឹកចិត្ត និងជួយបង្រៀនបន្ថែមដល់កូន ដល់ចៅ តាមគ្រប់រូបភាព។

ទី១៣- គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី យុទ្ធនាការនៃការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែបានឈានទៅដល់គ្រប់ទីកន្លែង គ្រប់ពេលវេលា ស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមអរគុណចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូមបន្តជួយ ឧបត្ថម្ភគាំទ្រ និងផ្តល់នូវកិច្ចសហការល្អតទៅទៀត អភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្ដាលមូលធន មនុស្សនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៨ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៨ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ២០ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម