Connect with us

ព័ត៌មានជាតិ

គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ត្រូវបាន​ថែម​ពាក្យ “​សង្កាត់​”

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព ត្រូវ​បាន​ថែម​ពាក្យ “​សង្កាត់​” មួយទៀត ដោយសារតែ​នៅតាម​ក្រុង និង​តាម​ខេត្ត​ផ្សេងៗ ក៏​មាន​ពាក្យ​សង្កាត់​ដែរ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​។

​ការ​លើក​ឡើង​របស់​ស​ម្ដេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណៈ​សម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ ដែល​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​។

មាន​ប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ថា ការ​ដាក់ចេញ​ជា​គោលនយោបាយ​នេះ គឺ​ដោយសារ​មាន​សំណូមពរ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដូច្នេះ​ការងារ​នេះ​ត្រូវតែ​ធ្វើ​ឡើងជា​សមូហភាព ដោយមាន​ស្ថាប័ន​ទាំងអស់​ចូលរួម ដើម្បី​បាញ់​ឆ្ពោះទៅ​មូលដ្ឋាន​។ សម្ដេច​បន្ត​ថា “​ពេលនេះ​យើង​សរសេរ​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ហើយ​ការ​ថែម​សង្កាត់​នេះ គឺ​ដោយសារ​បណ្ដា​ក្រុង​តាម​ខេត្ត​ក៏មាន​សង្កាត់​ដែរ ម្យ៉ាង​នៅ​រាជធានី​ភ្នំពេញ​ក៏មាន​សង្កាត់​ដូចគ្នា​ដែរ​។ គោលនយោបាយ​នេះ បាន​សរសេរ​ច្បាស់ៗ គ្មាន​ពាក្យ​បង្ការ លុបបំបាត់ ឬ​កាត់បន្ថយ​អ្វី​ទេ​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ស ខេង បាន​ពន្យល់​ទៀត​ថា ការ​ដាក់​ច្បាស់ៗ​នូវ​អ្វី​ដែល​ចង់បាន​ក្នុង​គោលនយោបាយ​នេះ គឺ​ដើម្បី​បញ្ចប់​ភាព​ស្រពិចស្រពិល ដូច្នេះ​គោលនយោបាយ​កែសម្រួល​នេះ បាន​កំណត់​ឲ្យ​ច្បាស់​តែម្ដង ដូចជា​ពាក្យ​គ្មាន​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សកម្មភាព​លួច​ឆក់​ប្លន់ ឬ​គ្មាន​បទល្មើស​គ្រឿងញៀន​ជាដើម ដោយមាន​ផ្នែក​បន្ទាប់​ពន្យល់​យ៉ាង​លម្អិត​។

សេចក្ដីព្រាង​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព បាន​កំណត់​លក្ខណសម្បត្តិ​៨​យ៉ាង​គឺ​៖ ទី​១. គ្មាន​បទល្មើស​គ្រប់​ប្រភេទ ពិសេស​សកម្មភាព​លួច ឆក់ ប្លន់​។ ទី​២. គ្មាន​បទល្មើស​គ្រឿងញៀន​។ ទី​៣. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ គ្មាន​ក្មេង​ទំនើង​។ ទី​៤. មាន​អនាម័យ មាន​សោ​ភណ្ឌ​ភាពល្អ និង​បរិស្ថាន​ល្អ​។ ទី​៥. ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ចំពោះ​គ្រោះមហន្តរាយ ករណី​ប្រធាន​សក្ដិ និង​រាល់​ជំងឺ​ឆ្លង​រាតត្បាត​កាច​សាហាវ ប្រកបដោយ​ប្រសិទ្ធភាព​។ ទី​៦. ផ្ដល់​សេវា​រដ្ឋបាល និង​សេវាសាធារណៈ​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួលបាន​ជំនឿ​ទុកចិត្ត​។ ទី​៧. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធតុលាការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​។ ទី​៨. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។

សេចក្ដីព្រាង​លក្ខណសម្បត្តិ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព មាន​គោលបំណង​បន្ត​កសាង និង​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម លើកកម្ពស់​អនាម័យ បរិស្ថាន សុខមាលភាព​ប្រជាជន និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្ដាលមកពី​គ្រោះ​មហា​ន្ត​រាយ និង​ជំងឺឆ្លង​រាតត្បាត​គ្រប់​កាលៈទេសៈ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មូលដ្ឋាន​។

​គ្រប់​ចំណុច​នៃ​គោលនយោបាយ​នេះ គឺ​ដើម្បី​បង្ក​ភាព​អនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច​នៅ​មូលដ្ឋាន និង​ឈាន​ទៅ​បង្កើន​ល្បឿន​នៃ​ការកាត់បន្ថយ​ភាព​ក្រីក្រ ព្រមទាំង​កសាង​បានជា​កម្លាំង​សរុប វិធាន​ការសរុប និង​មធ្យោបាយ​សរុប ដោយ​បំផុស​ឲ្យ​មាន​កិច្ចសហការ​ចូលរួម​ពី​ជាមួយ​សមត្ថកិច្ច​ផ្នែក​សាធារណៈ ផ្នែក​ឯកជន ផ្នែក​ពាក់ព័ន្ធ និង​ប្រជាជន​ទូទាំង​ប្រទេស​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម