Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនអ្នកស្លាប់ ក្នុងគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា កើនដល់​ជាង ២ ៦០០នាក់ហើយ

បានផុស

នៅ

ស្ថានការណ៍បាត់បង់ជីវិត និងការខូចខាតនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កាន់តែមានសភាពធ្ងន់ធ្ងរគួរឱ្យតក់ស្លុត បន្ទាប់ពីគ្រោះរញ្ជួយដីភ្លោះដ៏ខ្លាំងក្លា បានវាយប្រហារ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ ដោយ​លោក Jorge Rodriguez ប្រធានសភាជាតិវ៉េណេស៊ុយអេឡា បានប្រកាស​ថា គិតត្រឹម​ពេល​នេះ ចំនួនអ្នកបាត់បង់ជីវិត បានហក់ឡើងរហូតដល់ ២ ៦៤៥នាក់ហើយ ខណៈចំនួនអ្នករងរបួសបានឡើងដល់ ១២ ៦៦៦នាក់។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការផ្សាយរបស់ Reuters នា​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០២៦ នៅក្នុងរបាយការណ៍ ដែលបានបង្ហោះនៅលើបណ្តាញសង្គម Telegram លោក Rodriguez ដែលជាប្រមុខដឹកនាំមជ្ឈមណ្ឌលបញ្ជាការផ្តល់ជម្រកបណ្តោះអាសន្នផងនោះ បានបន្ថែមថា ក្រុមសង្គ្រោះបានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដោយជួយសង្គ្រោះមនុស្សបានចំនួន ៦ ៤៦២​នាក់ចេញពីគ្រោះថ្នាក់។ ទន្ទឹមនោះ គ្រួសាររងគ្រោះសរុបចំនួន ៨៦ ១១៧គ្រួសារហើយ ដែលទទួលបានការជួយឧបត្ថម្ភ និងសង្គ្រោះបន្ទាន់ពីរដ្ឋាភិបាល ក្នុងគ្រាដ៏លំបាកបំផុតមិនធ្លាប់មានមួយនេះ។

សូមជម្រាបជាថ្មី គ្រោះរញ្ជួយដីកម្រិតធ្ងន់ ២លើកផ្ទួនៗ បានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលត្រឹមតែ ៣៩វិនាទីប៉ុណ្ណោះ។

ចំណុចកណ្តាលនៃការរញ្ជួយដីដំបូងកម្លាំង ៧.៥រ៉ិចទ័រ គឺស្ថិតនៅចម្ងាយប្រហែល ២៣គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Yumare ក្នុងរដ្ឋ Yaracuy ខណៈការរញ្ជួយដីលើកទី២ កម្លាំង ៧.២រ៉ិចទ័រ គឺស្ថិតនៅក្បែរទីក្រុង San Felipe ក្នុងរដ្ឋដដែលនេះ។ ក្រោយមក មានការរញ្ជួយដីបន្ទាប់បន្សំ (Aftershock) ជាង ៦០០ ដងទៀត ត្រូវបានកត់ត្រា ហើយក្នុងនោះ ការរញ្ជួយខ្លាំងបំផុត គឺមានកម្រិត ៤.៦ រ៉ិចទ័រ ដែលវាយប្រហារនៅជិតតំបន់ Caraballeda។ ទំហំនៃការបំផ្លិចបំផ្លាញវិញ គឺធំធេងហួសពីការស្មាន ដោយសារតែទីភ្នាក់ងារអវកាស NASA បានពិនិត្យមើលពីលើមេឃមក ហើយរាយការណ៍ថា មានផ្ទះសម្បែង និងអគារ​ប្រហែល ៥៨ ៨៧០ខ្នង ត្រូវ​បានបាក់រលំខ្ទេចខ្ទី ឬខូចខាតស្ទើរតែទាំងស្រុង ដោយបន្សល់ទុកត្រឹមតែគំនរផេះផង់ និងទឹកភ្នែកពលរដ្ឋរាប់សែននាក់ដែលគ្មានទីជម្រក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម