Connect with us

កីឡា

ក្រុម​បាល់ទះ​កម្ពុជា ធ្វើ​ការ​ធ្ងន់ នៅ​ពូល B ជាមួយ ឥណ្ឌូណេស៊ី និង ហ្វីលីពីន ពាន SEA V. League 2026

បានផុស

នៅ

ការ​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​លំដាប់​ទី១ ប្រចាំ​តំបន់​អាស៊ាន SEA V. League ត្រូវ​បាន​ប្រើ​រូប​មន្ត​ថ្មី បន្ទាប់​ពី​បង្កើន​ក្រុម​ចូល​រួម​ប្រកួត​រហូត​ដល់ ៦ ក្រុម សម្រាប់​ឆ្នាំ ២០២៦ ដែល​នឹង​ដំណើរ​ការប្រកួត​​នៅ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់ SEA V. League ​សម្រាប់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​ខ្លាំង​ៗ​នៅ​តំបន់​អាស៊ានចូល​រួម​ប្រកួត​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០២៣ ដែល​មួយ​ឆ្នាំ​មាន​ការ​ប្រកួត​ពីរជុំ។ ​ការ​ប្រកួត​ ៣ ឆ្នាំ​​កន្លង​មក​នេះ​គឺ​មាន​តែ​ក្រុម​ ៥ ប៉ុណ្ណោះ​ចូល​រួម​ប្រកួត។ រូបមន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំពិន្ទុ។ ក្រុម​ណា​ឈ្នះ​ច្រើន​ និង​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ឈរ​លេខ​​១ គឺ​ក្លាយ​ជា​ជើង​ឯក​តែ​ម្តង។

ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ឆ្នាំ ២០២៦ នេះ​ក្រុម​ត្រូវ​បាន​បង្កើន​​ឡើង​ដល់ ៦ ក្រុម​ គឺ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង សៀម។ ក្រុម​​មីយ៉ាន់ម៉ា​ជា​សមាជិក​ថ្មី​ទើប​ចូល​រួម​ប្រកួត​នៅ​ឆ្នាំ​២០២៦។ តាម​រយៈ​ក្រុម​មាន​ដល់ ៦ ​ការ​ប្រកួត​ត្រូវ​បាន​ប្រើ​រូប​មន្ត​ថ្មី ​ដោយ​បែង​ចែក​ជា​ពូល​គឺ​មួយ​ពូល​មាន ៣ ក្រុម។ ក្រុម​លេខ ១ និង​លេខ ២ នៃ​ពូល​ទាំង​ពីរ​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល។

បន្ទាប់​ពី​ចាប់​ឆ្នោត​រួច​រាល់ ក្រុមកម្ពុជា ស្ថិត​នៅ​ពូល B ជា​មួយ​ម្ចាស់​ផ្ទះ ហ្វីលីពីន និង​ ឥណ្ឌូណេស៊ី ខណៈ​ពូល A មាន​ សៀម មីយ៉ាន់ម៉ា និង វៀតណាម។ តាម​កម្រិត​គុណភាព​ក្រុម​នៅ​​​ពូល B តឹង​ខ្លាំង​ជាង​គេ ដោយសារ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ ក្នុង​នោះ ហ្វីលីពីន ជា​ក្រុម​ធ្លាប់​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​ជើង​ឯក​ពិភព​លោក​ កាល​ពី​ឆ្នាំ ២០២៥។ ពួក​គេ​មាន​កីឡាករ​លេង​នៅ​ជប៉ុន តៃវ៉ាន់ និង​កម្ពុជា។ ចំណែក ឥណ្ឌូណេស៊ី ជា​ក្រុម​ខ្លាំងឈាន​មុខ​គេ​ប្រចាំ​តំបន់​អាស៊ាន។ ជា​ពិសេស ក្រុម​ឥណ្ឌូណេស៊ី ទើប​តែ​ឈ្នះ​ជើង​ឯក​​អាស៊ី AVC Men’s Volleyball Cup ឆ្នាំ ២០២៦ កាល​ពី​ពេល​ថ្មី​ៗ​នេះ ដូច្នេះ​សម្រាប់​ កម្ពុជា ពិត​ជា​ត្រូវ​ធ្វើ​ការ​ធ្ងន់ និង​ពិបាក​ខ្លាំង​ក្នុងការ​​ឆ្លង​ឲ្យ​ផុត​ពូល។

សម្រាប់​ពូល A វិញ សៀម ជា​ក្រុម​ខ្លាំង​ជាង​គេ ប៉ុន្តែ​សម្រាប់ វៀតណាម និង មីយ៉ាន់ម៉ា មិន​សូវខ្លាំង​ប៉ុន្មាន​ឡើយ បើ​ប្រៀប​ធៀប​ជា​មួយ​នឹងពូល B គឺ​ ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។

សូម​បញ្ជាក់​ថា ក្រុម​បាល់ទះ​កម្ពុជា បាន​ចូល​រួម​ប្រកួត​ពាន​រង្វាន់ SEA V. League ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ ២០២៥ ដោយ​មិន​ទទួល​បាន​លទ្ធផល​ល្អ​សោះ។ ការ​ប្រកួត​ចំនួន ៨ ប្រកួត​គឺ​ចាញ់​ទាំង​អស់​ ប៉ុន្តែ​មិន​​ត្រូវ​បាន​កាត់​ចេញ​​ទេ ដោយសារ​​​ពាន​រង្វាន់​កម្រិត​ទី​២ SEA V. League Challenge មិន​មាន​រៀបចំ​ការ​ប្រកួត។

ការ​​ប្រកួត​ពាន​រង្វាន់ SEA V. League ឆ្នាំ ២០២៦ ជុំ​ទី១ ​គ្រោង​ធ្វើពី​ថ្ងៃ​ទី១៥ ដល់ ទី​១៩ ខែ​កក្កដា នៅ​ប្រទេស​ហ្វីលីពីន និង​ជុំ​ទី​២ ​ពី​ថ្ងៃ​ទី​២២ ដល់ ទី​២៦ ខែ​កក្កដា នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ភ្លាម​ៗ​​​សម្រាប់​ការ​ចូល​រួម​ប្រកួត​ពានរង្វាន់​នេះ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​បាល់ទះ​តេជោលីគ រដូវ​កាល​ទី​ ៣៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម