Connect with us

ព័ត៌មានជាតិ

​រដ្ឋបាលខេត្តពោធិ៍សាត់​ សេចក្តី​បំភ្លឺ​ព័ត៌មាន​ស្តីពីករណី​ គ្រួសារ​កងទ័ព​៣០គ្រួសារ​មក​រស់នៅ​លើដីទីតាំងថ្មដាតូច

បានផុស

នៅ

ពោធិ៍​សា​ត់ ៖ ​ក្រោយពេល​គេហទំព័រ ជីវិត​និង​កីឡា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការពិត​ពី​គ្រួសារ​កង​ទ័ព​ចំនួន​៣០​គ្រួសារ​ដែល​បានមក​រស់នៅ​លើដី​ទីតាំង​ថ្មដា​តូច ចំណុច​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ ស្ថិតក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ហើយ​ត្រូវ​រដ្ឋបាលខេត្ត​ប្រឈម​ការ​បណ្ដេញចេញ​នោះ​វា​ជា​រឿង​មិន​ពិត ហើយ​រដ្ឋបាល​ខេត្ត​សូម​ជម្រាបជូន​សាធារណជន​ដូច​ខាងក្រោមនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​បំភ្លឺ​ព័ត៌មាន នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ គេហទំព័រ​ឈ្មោះ ជីវិត និង​កីឡា បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លី​ប ពី​គ្រួសារ​កងទ័ព​ចំនួន​៣០​គ្រួសារ បានមក​រស់នៅ​លើ​ទីតាំង​ថ្មដា​តូច ចំណុច​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤ ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ននេះ​ត្រូវ​ប្រឈម​នឹង​ការបណ្តេញចេញ​។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ រដ្ឋបាលខេត្ត​ពោធិ៍សាត់​មាន​កិត្តិយស សូម​បំភ្លឺ​ជូន​ដល់​សាធារណជន និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ជ្រាបថា កន្លងទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​៣០​គ្រួសារ​ក្នុង​តំបន់​នោះ បានមក​ស្នើសុំ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ដើម្បី​ឆ្វៀល​ដី​ឱ្យ​ពួកគាត់​នៅ​លើ​ទីតាំង​នោះ​។

លោក​អភិបាលខេត្ត​បានអនុញ្ញាត​ឱ្យ​ពួកគាត់​បញ្ចេញ​មតិយោបល់​លើក​សំណើ​ទាំងអស់​គ្នា និង​បានដឹងថា ក្នុងចំណោម​៣០​គ្រួសារ​នោះ ខ្លះ​ជា​គ្រួសារ​កងទ័ព ខ្លះ​ទៀត​ជា​ប្រជាពលរដ្ឋ​ទើប​មក​រស់នៅ​នោះទេ​។ ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ពន្យល់​អំពី​ទិដ្ឋភាព​ច្បាប់​ជូន​ពួកគាត់ និង​ប្តេជ្ញា​ស្វែងរក​ដំណោះស្រាយ​សមស្រប ជួយ​ពួកគាត់​ឱ្យបាន​រស់នៅ​ស្របច្បាប់​។

ជា​មួយ​នេះ នៅ​ក្នុង​ឱកាស​សាកសួរ​សុខទុក្ខ​កងកម្លាំង​ឈរជើង​នៅ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ លោក​បាន​ប្រកាស​ជូន​កងកម្លាំង​គ្រប់​អង្គភាព ពិនិត្យមើល​គ្រួសារ​កងទ័ព​ដែល​ខ្វះខាត​ដី​ពិតប្រាកដ ដើម្បី​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។ រដ្ឋបាល​ខេត្ត សូម​បញ្ជាក់​ជូន​សាធារណជន​បន្ថែម​ឱ្យបាន​ជ្រាប​ដូចតទៅ ៖ ១-​ទីតាំង​នោះ​ស្ថិតក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែល​ក្រសួងបរិស្ថាន​បាន​ហាមឃាត់ ហើយ​ជា​តំបន់​ដាច់ស្រយាល​ពី​បណ្តុំ​គ្រួសារ​ដទៃ ដែល​ឆ្ងាយ​ពី​សាលារៀន មណ្ឌល​សុខភាព និង​ឆ្ងាយ​ពី​កន្លែង​ផ្តល់​សេវាសាធារណៈ​ផ្សេងៗ​។ ២-​ជាគោលការណ៍​របស់​ក្រសួងបរិស្ថាន តំបន់​នោះ​ត្រូវ​បាន​រក្សា​ទុកជា​តំបន់​អេកូ​ទេសចរណ៍ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​អភិវឌ្ឍន៍​ដើម្បី​អភិរក្ស និង​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​”​។ ៣-​ពួកគាត់​ទើបតែ​មក​តាំងទី​លំនៅ​ក្នុង​ឆ្នាំ​២០១៩​ប៉ុណ្ណោះ ហើយ​ក្រុមការងារ​បាន​អប់រំ ទប់ស្កាត់ និង​ហាមឃាត់​ពួកគាត់​ជាច្រើនលើក​មកហើយ។ ក្រោយមក​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បាន​ធ្វើ​ឱ្យ​ពួកគាត់​មានឱកាស​រុករាន​ដាំ​ដំណាំ​និង​សាងសង់​នៅពេល​យប់​។ ៤-​សំណង់​របស់​ពួកគាត់​ស្ថិត​លើដី​ចំណី​ផ្លូវជាតិ​លេខ​៥៥ ផ្នែក​ខាងក្រោយ​គឺ​ជាទី​ជម្រាលភ្នំ និង​ស្ថិតនៅក្រោម​គន្លង​បណ្ដាញ​អគ្គិសនី​តង់ស្យុង​ខ្ពស់​ដែល​ងាយ​ប្រឈម​នឹងមាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ជាយថាហេតុ​។ ៥-​សំណង់​របស់​ពួកគាត់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​បរិស្ថាន ប៉ះពាល់​ប្រភព​ទឹក និង​វិស័យ​ទេសចរណ៍ ដែល​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ៦-​មកដល់ពេលនេះ ស្ថាប័ន​ជំនាញ​មិនទាន់បាន​បណ្តេញ ឬ​បង្ខំ​ឱ្យ​ចាកចេញ​នៅឡើយ​ទេ ផ្ទុយទៅវិញ ពួកគាត់​បែរជា​មក​ស្នើសុំ​ប្លង់​កម្មសិទ្ធិ​ដែល​យោងតាម​ច្បាប់​ភូមិបាល ដី​ចំណីផ្លូវ និង​ទី​ជម្រាលភ្នំ មិនអាច​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បានទេ​។

ទោះបី​យ៉ាង​ណា​ក្តី រដ្ឋបាលខេត្ត​នៅតែ​គិតគូរ និង​ពិនិត្យ​លទ្ធភាព​រក​ទីតាំង​ដី​សមស្រប​ណាមួយ ដើម្បី​ដោះស្រាយ​ជូន​ពួកគាត់​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ​គ្រប់​បណ្តាសារ​ព័ត៌មាន​ទាំងអស់ ដែល​ចូលរួម​ផ្សព្វផ្សាយ​ឆ្លុះបញ្ចាំង​យ៉ាង​ត្រឹមត្រូវ ជាក់ស្តែង ចំពោះ​យន្តការ​ដឹកនាំ​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់​នាពេល​បច្ចុប្បន្ន​។

អាស្រ័យហេតុនេះ សូម​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។ ព័ត៌មាន​បន្ថែម​សូម​ទំនាកទំនង​ផ្ទាល់​នៅ​សាលាខេត្ត​ពោធិ៍សាត់ ឬ​ទំនាក់ទំនង​មក​ទូរស័ព្ទ​លេខ 092 72 8087 / 096 239 5020 / 097 8738 167 ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម