Connect with us

ព័ត៌មានជាតិ

សហព័ន្ធស្រូវអង្ករកម្ពុជា នឹងនាំចេញអង្ករ​ទៅកាន់ទីផ្សារចិន ៤០ម៉ឺនតោន ក្នុងឆ្នាំ ២០២៣នេះ

បានផុស

នៅ

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានលើកឡើងថា ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា សម្រាប់អាណត្តិទី៤នេះ គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោល​ដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទៅទីផ្សារប្រទេសចិនចំនួន ៤០ម៉ឺនតោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧកញ៉ា ចាន់ សុឃាំង លើកបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃទី ០៧ ខែកុម្ភៈ។

ប្រធានសហព័ន្ធ បានលើកឡើងទៀតថា សហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារ​នាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជាក្នុងដំណើរទស្សន​កិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលី ជាដើម។

លើសពីនេះទៀត ក្រៅពីការនាំចេញទៅទីផ្សារប្រទេសចិន សហព័ន្ធស្រូវអង្ករ បន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារ​ឱ្យបាន​កាន់តែទូលំទូលាយថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេស​ឥណ្ឌូ​នេស៊ី ។ល។ ជាមួយគ្នានេះ នឹងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាក​សមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK” ជាដើម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយ​ដែល​រាជរដ្ឋា​ភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយសម្តេច តែងតែយក​វិស័យ​ស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាន​និងកំពុង​ខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាម​រយៈ​ការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀង​ពា​ណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រម​ព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះ​អនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ជាដើម។

លោករដ្ឋមន្រ្តីបានបន្ថែមថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀង​ថ្មីបន្ថែមទៀតសម្រាប់​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ទន្ទឹមនេះ លោក បាន សូរស័ក្តិ បានជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត ដោយសារកម្ពុជា​មានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួង​ពាណិជ្ជកម្ម និង ក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន៤០ម៉ឺនតោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម