ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅម៉ារ៉ុក និងអេហ្ស៊ីប នាចុងខែនេះ
នៅចុងខែមីនានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចំនួនពីរនៅទ្វីបអាហ្វ្រិក គឺប្រទេសម៉ារ៉ុក និងប្រទេសអេហ្ស៊ីប។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា៖ «លោក ប្រាក់ សុខុន ប្រមុខការទូទកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ និងនៅប្រទេសអេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃ ទី៣០ ខែមីនា ឆ្នាំ ២០២៣»។ ដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោករដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍នៃប្រទេសម៉ារ៉ុក និងលោករដ្ឋមន្រ្តីការបរទេសនៃអេហ្ស៊ីប។
អំឡុងពេលនៅប្រទេសម៉ារ៉ុក លោក ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយលោក Nasser BOURITA រដ្ឋមន្រ្តីការបរទេសម៉ារ៉ុក ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម អប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបនេះ ប្រមុខការទូតទាំងពីរនឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ដោយឡែកនៅអេហ្ស៊ីប លោក ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយលោក Sameh SHOUKRY រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប ដើម្បីពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ចការកុងស៊ុល។
ក្រសួងការបរទេស បានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីប នាពេលខាងមុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្រ្វិក៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


